ទាហានជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ក្នុងទ្វីបអាស៊ី

បើទោះបីចិនបានបញ្ជាក់អះអាងថា កម្លាំងទាហានរបស់ខ្លួនជាប់លេខ១នៅក្នុងទ្វីបអាស៊ីចំណែកភាគីអាមេរិកបានអះអាងថា តំណែងលេខ១គឺបានទៅលើ ទាហានជប៉ុនមិនមែនជារបស់ចិននោះ ឡើយ ។ អ្នកឯកទេសពីកម្លាំងយោធាដ៏ល្បីល្បាញមួយរូបបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបពីកម្លាំងទាហានជប៉ុននោះឡើយ ។

អំពីតួលេខទាហានជប៉ុនមានតិចជាងទាហានចិនយ៉ាងច្រើនគឺស្មើ១ភាគ១០នឹងទាហានចិនឯណោះ ចំណែកយន្ដហោះចម្បាំងជប៉ុនក៏មានតិចជាងដល់ទៅ១ភាគ៥ដែរ។

ប៉ុន្ដែអំពីលទ្ធភាព និងសមត្ថភាពក៏ដូចជាបច្ចេកវិជ្ជានៅក្នុងសម័យកាលទំនើបកម្មជប៉ុនបាននាំមុខយ៉ាងឆ្ងាយលើប្រទេសចិន ។ ប្រសិនបើមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជុំវិញប្រជុំកោះដែលមានវិវាទកម្លាំងទាហានជើងទឹកជប៉ុនទោះមានតិចតែមានប្រៀបជាងទាហានចិនដោយអាចយកឈ្នះបានយ៉ាងងាយស្រួល ។

ចំណុចមួយទៀតដែលធ្វើឱ្យទាហានជប៉ុនកាន់តែមានជំនឿចិត្ដនោះប្រសិនបើមានការប៉ះទង្គិចណាមួយអាមេរិកប្រាកដជាឈរគាំទ្រភាគីជប៉ុនតាមកិច្ចព្រមព្រៀង។ ប៉ុន្មានឆ្នាំកន្លងមកនេះចិនបានខិតខំពង្រឹងកម្លាំងសព្វាវុធក៏ដូចជាយោធាដើម្បីសក្ដិសមទៅជាប្រទេសមហាអំណាចនៅក្នុងតំបន់ ។ ចំណែកអាមេរិកបានបញ្ជាក់ថា ចិនមិនទាន់មានសព្វាវុធទំនើបៗដែលអាចតាមទាន់អាមេរិកនោះឡើយគឺចិនតែងតែដើរក្រោយអាមេរិកជានិច្ចទាក់ទិននឹងកម្លាំងយោធា ។

សារព័ត៌មាន Breaking Defence បានដកស្រង់សម្ដីអ្នកឯកទេសវិភាគ Larry M. Wortzel បញ្ជាក់ថា កម្លាំងការពារជប៉ុនបច្ចុប្បន្នមានកម្លាំងទាហានអាកាស និងកម្លាំងទាហានជើងទឹកខ្លាំងលំដាប់លេខ១នៅទ្វីបអាស៊ី។ ចំណែកចិនត្រឹមតែលំដាប់លេខ២ប៉ុណ្ណោះ។

កម្លាំងទាហានអាកាសជប៉ុនមានយន្ដហោះទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿង ។ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំងវាយលុកប្រភេទ F-15J ត្រូវបាន គេឱ្យតម្លៃថា ជាយន្ដហោះវាយលុកជំនាន់ទី៤កន្លះល្អបំផុតលើពិភពលោក ។ ក្រៅពីនេះជប៉ុនក៏មានយន្ដហោះចម្បាំងពីអាមេរិកជាច្រើនក្នុងនោះមានទាំងយន្ដហោះចម្បាំង F-15 ថែមទៀតផង ។

ប៉ុន្ដែបើអំពីតួលេខវិញចិនមានច្រើនជាងជប៉ុនដល់ទៅ១០ដងបើសង្គ្រាមកើតឡើងក៏ពិបាកសន្និដ្ឋានថា ភាគីណាមួយឈ្នះ ឬ ចាញ់នោះដែរ ។ ប៉ុន្ដែជប៉ុនមានអាមេរិក ដែលមានទាហាននិងសព្វាវុធទំនើបៗជាច្រើនឈរជើងក្នុងប្រទេសជប៉ុនជាកម្លាំងដ៏សំខាន់ជួយពីក្រោយក្នុងការយកឈ្នះលើសង្គ្រាមនោះ ។

នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត សភាជប៉ុនបានយល់ព្រមទៅលើយុទ្ធសាស្ដ្រការពារជាតិថ្មីមួយនិងបង្កើនប្រាក់ចំណាយទៅលើវិស័យនេះដែលជាសកម្មភាពមួយត្រូវគេឃើញយ៉ាងទូលំទូលាយថាសំដៅទៅលើប្រទេសចិន ។

ក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះជប៉ុននឹងចំណាយប្រាក់ដើម្បីពង្រឹងលើឥទ្ធិពលយោធាបន្ថែមទៀត ក្នុងនោះមានការទិញយន្ដហោះគ្មានមនុស្សបើកបរទិញយន្ដហោះចម្បាំងបំបាំងកាយ និងរថក្រោះដែលអាចបើកក្នុងទឹកបានផងដែរ។ កម្លាំងយោធានឹងបង្កើតបន្ទាយកងទ័ពជើងទឹកថ្មីមួយ ហើយកងកម្លាំងរថក្រោះបើកក្រោមទឹកនោះមានសមត្ថភាពវាយដណ្ដើមគ្រប់គ្រងដែនកោះពីសត្រូវត្រឡប់មកវិញ ។

គម្រោងការរបស់ជប៉ុននាពេលនេះកើតឡើងក៏ដោយសារតែការអះអាងជាបន្ដបន្ទាប់របស់ចិននៅក្នុងការគ្រប់គ្រងដែនអធិបតេយ្យរបស់ជប៉ុន ព្រមទាំងសកម្មភាពបង្កើនប្រាក់ចំណាយទៅលើវិស័យការពារជាតិរបស់ចិន ។

សេចក្ដីព្រាងស្ដីអំពីសន្ដិសុខជាតិជប៉ុនបានលើកឡើងថា “គោលជំហររបស់ប្រទេស ចិនទៅលើបណ្ដាប្រទេសដទៃនិងការអភិវឌ្ឍវិស័យយោធាទាំងពីរនេះវាខ្វះតម្លាភាពគ្នាតាមវិស័យយោធានិងនយោបាយសន្ដិសុខជាតិ ដូច្នេះហើយជាក្ដីកង្វល់ចំពោះជប៉ុនក៏ដូចជាសហគមន៍អន្ដរជាតិដែលតម្រូវឱ្យយើងតាមដាននិងពិនិត្យមើលឱ្យបានម៉ត់ចត់” ។

រដ្ឋាភិបាលជប៉ុនបានកាត់បន្ថយចំណាយ ទៅលើវិស័យការពារជាតិរាប់ទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែបានបង្កើនប្រាក់ចំណាយរបស់ខ្លួនវិញលើកដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ ។ នាយករដ្ឋមន្ដ្រីស៊ីនហ្សូ អាបេ ដែលទើបជាប់ឆ្នោតជាងមួយឆ្នាំកន្លងមកនោះបានអំពាវនាវកម្លាំងយោធាឱ្យមានសិទ្ធិអនុវត្ដផែនការការពារជាតិភ្លាមៗ។ លោក អាបេក៏បានបង្កើតក្រុមប្រឹក្សាសន្ដិសុខជាតិដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

លោកអាបេ បានមានប្រសាសន៍ថា ការព្រមព្រៀងទៅលើយុទ្ធសាស្ដ្រសន្ដិសុខជាតិនេះធ្វើឱ្យនយោបាយសន្ដិសុខនិងនយោបាយការបរទេសរបស់ជប៉ុនមានភាពច្បាស់លាស់និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋជប៉ុនក៏ដូចពិភពលោកទាំងមូលបានមើលឃើញ ។

ការចំណាយប្រាក់រយៈពេល៥ឆ្នាំទៅលើវិស័យការពារជាតិមានសរុប២៣២ពាន់ពាន់លានដុល្លារ។ គម្រោងរបស់ជប៉ុនទៅលើវិស័យយោធានេះធ្វើឡើងបន្ទាប់ពីចិនបានប្រកាសតំបន់ការពារដែនអាកាសថ្មី(ADIZ) ស្ថិតនៅតំបន់សមុទ្រចិនខាងកើតដោយក្នុងនោះមានរួមបញ្ចូលដែនអាកាសប្រជុំកោះរបស់ជប៉ុនផងដែរ ។

ចិនបានបញ្ជាក់ថា រាល់ការហោះហើរឆ្លងកាត់តំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននោះត្រូវតែជូនដំណឹងឱ្យចិនបានដឹងជាមុនសិនបើពុំដូច្នោះទេ អាចប្រឈមនឹងគ្រោះថ្នាក់ជាក់ជាពុំខាន ។ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងដែលពាក់ព័ន្ធបានរិះគន់យ៉ាងខ្លាំងដល់ចិនលើការបង្កើតតំបន់ការពារដែនអាកាសថ្មីនោះ ។ អាមេរិកបាន ហៅថា ជាការប៉ុនប៉ងបង្កើតឱ្យមានការផ្លាស់ប្ដូរនៅក្នុងតំបន់យ៉ាងពិតប្រាកដ ។

ចិន បានរិះគន់ទៅលើគោលនយោ បាយរបស់បរទេស ហើយបាននិយាយថា ខ្លួនកំពុងតែតាមដានពិនិត្យមើលយ៉ាងយកចិត្ដទុកដាក់ទៅលើទិសដៅដឹកនាំនយោបាយនិងយុទ្ធសាស្ដ្រសន្ដិសុខរបស់ជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡេយ បានមានប្រសាសន៍ថា “ជប៉ុនរិះគន់មិនសមទំនងទាល់តែសោះចំពោះសកម្មភាពធម្មតារបស់កម្លាំងទាហានជើងទឹកចិននិងបានបំភ្លៃការពិតថា ចិនគំរាមកំហែងដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន”។ ជប៉ុនបានឈរលំដាប់ទី៥នៅទូទាំងពិភពលោកដែលចំណាយប្រាក់ទៅលើវិស័យយោធា រីឯប្រទេសចិនឈរលំដាប់ទី២បន្ទាប់ពីអាមេរិកដែលឈរនៅលំដាប់ទី១ ៕

ប្រភព៖ nokorwatnews

  • ទាហានជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ក្នុងទ្វីបអាស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: