មូលហេតុនៅពីក្រោយ បែបនេះសោះ ទើបទាញចិត្ត យុវតីខ្មែរមួយចំនួន ចង់ប្រើតែរបស់ប្រ៊េនៗខ្លាំងដល់ម្លឹង ទោះបីដឹងថាវាថ្លៃក៏ដោយ!

ភ្នំពេញ៖ ជាការពិត សម្ភារៈនិយម បែបប្រ៊េនៗ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើឲ្យមនុស្សជាច្រើន ជក់ចិត្តប្រើវាយ៉ាងខ្លាំង ទោះបីវាស្ថិតក្នុងតម្លៃខ្លាំងយ៉ាងណាក៏ដោយ។ ហើយបើតាមកត់សម្គាល់ នារីៗវ័យត្រឹមតែ២៥ឆ្នាំចុះ ពួកគេមានសមត្ថភាពប្រើរបស់ល្អៗបានដូចគ្នា មិនមែនចាំបាច់ទាលតែវ័យជ្រេ ទើបមានលទ្ធភាពទិញរបស់ថ្លៃៗមកបង្ហាញគេឯងនោះទេ។ ចំពោះចំនុចនេះ ប្រហែលជាប្រិយមិត្តមួយចំនួន មានការងឿងឆ្ងល់ផងដែរថា ហេតុអ្វីបានយុវតីខ្មែរ ចង់ប្រើរបស់ប្រ៊េនៗខ្លាំងជាងរបស់ធម្មតាទៅវិញ  ទោះបីជាដឹងវាមានតម្លៃថ្លៃក៏ដោយ? តើមានចំនុច ឬគន្លឹះអ្វី ទើបទាក់ទាញចិត្តពួកគេ ចង់ប្រើរបស់ទាំងនោះដល់ថ្នាក់ហ្នឹង?

ថ្ងៃនេះ Khmerload នឹងបង្វែរអារម្មណ៍ប្រិយមិត្ត មកជួបស្រីស្អាត៣ដួង ដែលពួកគេនឹងបង្ហាញពីគំនិតផ្ទាល់ខ្លួននៃការប្រើរបស់ប្រ៊េនៗ៖

ជួបជាមួយកញ្ញា ពេជ្រ វ័យ ២២ឆ្នាំ ប្រាប់ Khmerload ថា «សម្រាប់ខ្ញុំយល់ថា ការប្រើរបស់ប្រ៊េនៗ មិនមែនចង់បង្អួតពីភាពហ៊ឺហាររបស់ខ្លួនទេ តែផ្ទុយទៅវិញ របស់ដែលមានផ្លាកយីហ៊ោពិត អាចឲ្យយើងប្រើបានយូរ ធន់ មិនងាយប្រេះដាច់ថ្នេរជាដើម។ ហើយបើនិយាយពីម៉ូតវាវិញ គឺមិនសុាំញ៉ាំ មិនរញ៉េរញ៉ៃ ដែលធ្វើឲ្យយើងប្រើអាចកាន់បានយ៉ាងតិចក៏ច្រើនខែដែរ  ព្រោះវាមិនឆាប់សាបរលាប ជាងម៉ូតកាបូបធម្មតា។ បើនិយាយពីម៉ាកកាបូបដែលខ្ញុំធ្លាប់ទិញប្រើ មានដូចជា ម៉ាក Hermez ម៉ាក LV ម៉ាក D&B ម៉ាកLYN ម៉ាកPedro និងម៉ាក Dior ជាដើម។  ហើយសម្រាប់សម្លៀកបំពាក់ និងស្បែកជើង ក៏ខ្ញុំចូលចិត្តយកជាម៉ាកល្បីៗដែរ ព្រោះសាច់វាងាយស្រួលពាក់ មិនហើរពណ៌ មិនស្កៀប ដែលធ្វើឲ្យយើងមានផាសុកភាព» 

កញ្ញា ពេជ្រ បន្តទៀតថា «អ្នកខ្លះបាននិយាយថា ការប្រើរបស់ប្រ៊េន ថ្លៃទិញហើយស្តាយលុយ ​ប៉ុន្តែបើយើងគិតឲ្យសព្វទៅ  វាចំនេញទៅវិញទេ ព្រោះថា បើយើងប្រើធម្មតា តម្លៃរាងខុសគ្នាបន្តិចបន្តួច ហើយស្រាប់តែប្រើហើយ ខូច រឺដាច់ថ្នេរជាដើម ដូច្នេះយើងមិនត្រូវទិញកាបូបមួយទៀត ត្រូវអត់!។ ប៉ុន្តែបើយើងទិញផលិតផលម៉ាកពិត  គឺអាចឲ្យយើងប្រើមួយដឹងមួយតែម្តង  ទោះបីតម្លៃវារាងថ្លៃបន្តិចក៏ដោយ។ ទាំងនេះជាគំនិតរបស់ខ្ញុំ ក្នុងការប្រើរបស់ប្រ៊េនៗ ដែលចង់ចែករំលែកទៅកាន់បងប្អូននារីៗយើង  កុំឲ្យមានគំនិតថា របស់ដូចតែគ្នាប្រើបានដូចតែគ្នា  ចាំបាច់យកលុយ ទៅចោលទៅទិញរបស់ប្រ៊េនៗធ្វើអ្វី  ប៉ុន្តែតាមពិតទៅ វាមិនមែនអញ្ចឹងនោះទេ របស់សុទ្ធគឺវាពិតជាធានាគុណភាពក្នុងការប្រើប្រាស់  ដែលធ្វើឲ្យយើងប្រើបានយ៉ាងតិចរាប់ខែឯណោះ។  ជាចុងក្រោយ កញ្ញា ពេជ្រ បាននិយាយថា សម្រាប់ពេលនេះ ខ្ញុំមានសមត្ថភាពប្រើរបស់ត្រឹមតម្លៃខ្ទង់រយដុល្លារ  តែក៏មិនសូវហ៊ានប្រើរបស់ដល់ខ្ទង់ពាន់នោះទេ ព្រោះថាបើមាន សុខចិត្តយកលុយនោះទៅឡានវិញប្រសើរជាង។  ប៉ុន្តែប្រសិនបើថ្ងៃណាមួយ មានលុយច្រើនរាប់ភ្លេច ចាំគិតទៀត» កញ្ញា ពេជ្រ និយាយទាំងសើច។

ចំណែកកញ្ញា លីនដា វ័យ ២០ឆ្នាំ បានបញ្ចេញមតិពីការប្រើប្រាស់របស់ប្រ៊េនៗ ឲ្យ Khmerload ដឹងដែរថា នាងចូលចិត្តប្រើរបស់មានម៉ាកយីហ៊ោពិតៗដែរ ព្រោះវាជួយធ្វើឲ្យរូបនាងមើលទៅកាន់តែទាន់សម័យ កាលីប និងថ្លៃថ្នូរ ពេលដើរទៅណាម្តងៗ។

ស្រីស្អាតរូបនេះ បាននិយាយថា «គ្រាន់តែលឺថាប្រ៊េនៗ ខ្ញុំចូលចិត្តប្រើណាស់ ទោះបីវាថ្លៃក៏ពិតមែន តែវាមើលទៅឡូយយ៉ាងខ្លាំង ជាងរបស់ធម្មតាឆ្ងាយណាស់។ ហើយសម្រាប់ខ្ញុំ មិនថាតែកាបូបទេ សូម្បីស្បែកជើង និងសម្លៀកបំពាក់ ក៏ប្រ៊េនៗដែរ។ បើនិយាយពីម៉ាកកាបូបវិញ ចូលចិត្តជាងគេ គឺPedroតែម្តង តែក៏មានម៉ាកផ្សេងៗទៀតដែរ ដូចជា Charles&Keith ជាដើម។ រីឯស្បែកជើងភាគច្រើនទិញម៉ាក VNC និង Pedro ដែរ និងសម្លៀកបំពាក់ ចូលចិត្តប្រើម៉ាក MUSE ម៉ាកHEIND ម៉ាកNOKORA» 

កញ្ញា លីន បញ្ជាក់បន្ថែមថា «របស់ប្រ៊េន វាធ្លាប់ធ្វើឲ្យខ្ញុំរាងចាលម្តងម្តាលដែរ ដែលពេលខ្លះ ខំទិញតម្លៃរាប់រយដុល្លារ  បែរជាខូច ឬប្រេះស្រាំទៅវិញ។  ប៉ុន្តែទោះជាយ៉ាងណា  នៅតែចូលចិត្តប្រើរបស់ម៉ាកពិតៗ ជាងរបស់ធម្មតាដដែល ព្រោះវាធ្វើឲ្យខ្ញុំកាន់តែស៊ីវីល័យ និងទាក់ទាញកាន់តែខ្លាំងផងដែរ»។ ស្រីស្អាតមុខ Cute រូបនេះ បានពោលពាក្យលេងថា «បើថ្ងៃណាមួយ មានលុយច្រើន ក៏ចង់សាកប្រើតម្លៃខ្ទង់ពាន់ដុល្លារដែរ ថាវាយ៉ាងណា តែពេលនេះគឺនៅទេ»។  

ដោយឡែក កញ្ញាវ័យក្មេងម្នាក់ទៀត ឈ្មោះលីន វ័យ២០ឆ្នាំ បានបង្ហើបប្រាប់ឲ្យ Khmerload ដឹងផងដែរថា «របស់ប្រ៊េនៗ កំពុងធ្វើឲ្យនារីជ្រួលជ្រើមប្រើវា ព្រោះវាមើលទៅឡូយ និងកាន់តែធ្វើឲ្យមនុស្សជាច្រើន សម្លឹងមើលយើង។ សម្រាប់ខ្ញុំវិញ មិនសូវចង់ចំណាយលើរបស់ប្រ៊េនៗ ដូចជា កាបូប សម្លៀកបំពាក់ និងស្បែកជើងប៉ុន្មានទេ ព្រោះអី របស់ធម្មតា ក៏ស្អាត និងមានគុណភាពល្អដូចតែគ្នា។ ប៉ុន្តែខ្ញុំចូលចិត្តប្រើផលិតផលតុបតែងមុខ  និងថែរក្សាសម្ផស្ស ជាម៉ាកប្រ៊េនៗវិញ ដោយសារតែខ្ញុំ យល់ឃើញថា មុខពិតជាសំខាន់ បើយើងយកផលិតផលដែលមានម៉ាកច្បាស់លាស់ យើងអាចមានការជឿជាក់បានថា វាមិនធ្វើឲ្យសាច់មុខយើង មានបញ្ហាឡើងមុនអ្វីនោះទេ។ ហើយបើយើងទៅទិញរបស់ធម្មតា មកលាបស្បែកមុខនោះ ជួនកាលវាអាចរោលមុខ កន្ទួលរមាស់ជាដើម។ ដូច្នេះហើយ ទើបខ្ញុំចូលចិត្តចំណាយលុយ លើរបស់ប្រ៊េនៗជា ផលិតផលថែរក្សាសម្ផស្សច្រើនជាង សម្ភារៈនិយមផ្សេងៗ»។ កញ្ញារូបនេះបានបន្ថែមថា «និយាយទៅផលិតថែរក្សាសម្រស់ប្រ៊េនៗ វាល្អមែន ត្រង់ថាមានគុណភាពល្អ ជាងរបស់ធម្មតា ពេលយើងទិញយកមកប្រើ ភាគរយតិចណាស់ ដែលធ្វើឲ្យយើងមានបញ្ហា»

ជាចុងក្រោយកញ្ញា លីន បាននិយាយថា «បើថ្ងៃអនាគតមានលុយច្រើនក៏ដោយ ក៏មិនចង់ចំណាយលើរបស់ប្រ៊េនៗ ដូចជាកាបូបដល់ខ្ទងពាន់ ម៉ឺនដុល្លារដូចគេនោះទេ សុខចិត្តយកទៅទិញ របស់មានប្រយោជន៍ជាងនេះប្រសើរជាង» 

ខាងលើនេះជាការបញ្ចេញមតិ និងបទពិសោធន៍មួយចំនួន របស់យុវតីខ្មែរតែប៉ុណ្ណោះ ដែលបានប្រើរបស់ប្រ៊េនៗ និងចែករំលែកឲ្យប្រិយមិត្តបានយល់ដឹង ដែលវាមិនមែនជាការបង្ហាញពីភាពមានអំនួតលើខ្លួនឯង ឬភាពអស្ចារ្យពេលប្រើរបស់ថ្លៃៗអ្វីនោះទេ៕

ចុះចំពោះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload