អ្នក​រើស​អេតចាយ​ម្នាក់​ប្រទះ​ឃើញ​កាំភ្លើង​១​ដើម​ថ្មីចែស​ ក្នុង​គំនរ​សំរាម

អ្នក​រើស​អេតចាយ​ម្នាក់​ប្រទះ​ឃើញ​កាំភ្លើង​១​ដើម​ថ្មីចែស​ ក្នុង​គំនរ​សំរាម



បន្ទាយមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​អ្នក​រើស​អេតចាយ​ម្នាក់​ បាន​ប្រទះឃើញ​កាំភ្លើង​អាកា​១​ដើម ​ក្នុង​គំនរ​សំរាម​ រួច​រាយការណ៍​ទៅ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចុះ​មក​យក​ទៅ​រក្សាទុក​នៅ​ក្នុង​ឃ្លាំង​នៅ​ វេលា​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​គំនរ​ចាក់​សំរាម ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​អនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ ដែល​រើស​បាន​កាំភ្លើង​ក្នុង​គំនរ​សំរាម​នោះ​មាន​​​ឈ្មោះ​ទឹម ហន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរបរ​រើស​អេតចាយ។

លោក​ចាន់ ​រដ្ឋា​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ ​ឈ្មោះ​ទឹម​ ហន​ បាន​ទៅ​កាយ​សំរាម​ដើម្បី​រើស​អេតចាយ​នៅ​គំនរ​ចាក់​សំរាម​ក្នុង​ភូមិ ផ្សារ​កណ្តាល​ ស្រាប់តែ​បាន​ប្រទះឃើញ​កាំភ្លើង​អាវុធ​AK ស្វាយ​បត់​មួយ​ដើម​ថ្មីចែស រុំ​កន្សែង​ជិត ក្នុង​គំនរ​សំរាម។ ក្រោយពេល​ប្រទះឃើញ​កាំភ្លើង​AK​បត់​នោះ​រួចមក ក៏​បាន​រាយការណ៍​ទៅ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​​មក​ពិនិត្យ ​និង​យក​ទៅ​ទុក​នៅ​អធិការ។ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ហើយ ​អាវុធហត្ថ​មួយ​ក្រុម​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ទទួល​កាំភ្លើង​ពី​អ្នក​រើស​អេត​ចាយ​យក​មក​ពិនិត្យ​ឃើញថា​កាំភ្លើង​នេះ​ម៉ាក​AK47​ស្វាយ​បត់​នេះ​មាន​លេខ​19086805 គ្មាន​បង់​គ្មាន​គ្រាប់​ តែ​គុណភាព​រហូតដល់​90%​ឯណោះ៕