​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​



កំពង់ឆ្នាំង ៖ « អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​កន្លងមក គឺជា​អ្នក​នៅ​ក្រៅ​សហគមន៍​នេសាទ និង​ពួកគេ​មិន​ព្រម​ចូលរួម​ជា​សមាជិក​ក្នុង​សហគមន៍​នេសាទ​ឡើយ ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​បទល្មើស តែ​សហគមន៍​នឹង​ពុះពារ​បង្ក្រាប​មិន​ខ្លាច​ជនល្មើស​ឡើយ »។ លោក ឈឹម ឈឿន ប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ជលផល​កន្លែង​ភេ បាន​លើកឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​ដាំ​កូនឈើ​លិច​ទឹក នៅ​ក្នុង​សហគមន៍​នេសាទ​កន្លែង​ភេ ស្ថិត​ក្នុង​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ។

លោក ឈឹម ឈឿន ប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ជលផល​កន្លែង​ភេ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​កន្លែង​ភេ​សរុប​មាន​១៧៥​គ្រួសារ ស្មើ​នឹង​៩២០​នាក់ តែ​អ្នក​បាន​ចូល​ជា​សមាជិក​សហគមន៍​មានតែ​២៥០​នាក់ ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ចាស់​កន្លងមក​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំង​នោះ​ បាន​គំរាម​កាប់សម្លាប់​គណៈកម្មការ​ក្នុង​សហគមន៍​តាម​ទូរស័ព្ទ ក្រោយពី​សហគមន៍​បាន​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​របស់​ពួកគេ​។ ករណី​នេះ​គណៈកម្មការ​ក្នុង​សហគមន៍ ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន គឺ​ស្នើ​សុំ​លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ជួយ​មាន​វិធានការណ៍​ផង ព្រោះថា​ករណី​ជនល្មើស​ដុត ​និង​កាប់​បំផ្លាញ​ទូក​កាណូត​ចំនួន​៣​គ្រឿង របស់​សហគមន៍​នេសាទ​ឃុំ​ពាម​ឆ្កោក​ កាលពី​ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ជនល្មើស​មិន​ទាន់​បាន​នៅឡើយ។

ទាក់ទង​នឹង​ករណី​នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ដាំ​កូន​ព្រៃ​លិច​នៅ​ក្នុង​សហគមន៍​នេសាទ​កន្លែង​ភេ​ បាន​លើក​ឡើង​ថា ក្នុង​ពេល​បង្ក្រាប​បទល្មើស​នេសាទ កម្លាំង​សហគមន៍​ត្រូវតែ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មិន​ត្រូវ​ធ្វើការ​បង្ក្រាប​តែឯង​នោះ​ទេ ទើប​អាច​ការពារ​សុវត្ថិភាព​ខ្លួន​បាន ហើយក៏​មិន​ត្រូវ​ខ្លាច​ការ​គំរាមកំហែង​របស់​ជនល្មើស​ទាំងនោះ​ដែរ​។ ករណី​មានការ​គំរាមកំហែង​តាម​ទូរស័ព្ទ ឬ​ចំពោះ​មុខ សហគមន៍​ត្រូវ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឬ​ប្ដឹង​សារ​ទុក​ទៅ​តុលាការ ដោយ​ត្រូវ​ស្គាល់​លេខ​ទូរស័ព្ទ ឬ​អត្តសញ្ញាណ អ្នក​គំរាម​កាប់សម្លាប់​នោះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច និង​តុលាការ បើ​មាន​ហេតុការណ៍​កើតឡើង​ដោយ​ប្រការ​ណាមួយ​នោះ នឹង​អាច​កំណត់​បាន​មុខសញ្ញា​បាន​ច្បាស់​ចាត់ការ​តាមច្បាប់ ព្រោះថា​ការ​គំរាមកំហែង​កាប់សម្លាប់​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​មានទោស​ជាប់គុក។

ដោយឡែក​ការ​កសាង​និង​ពង្រឹង​សហគមន៍ គណៈកម្មការ​សហគមន៍​ ត្រូវ​យកចិត្តទុកដាក់ អប់រំ​សមាជិក និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ ឲ្យ​ពួកគាត់​បាន​យល់​ច្បាស់​អំពី​ផលប្រយោជន៍​ក្នុង​ការ​បង្កើត​សហគមន៍ តួនាទី​សមាជិក​សហគមន៍ និង​តួនាទី​របស់​គណៈកម្មការ​សហគមន៍​ ព្រោះថា​ការ​បង្កើត​សហគមន៍​នេសាទ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ ចេះ​ការពារ​ធនធាន​ជលផល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​របស់​ខ្លួន និង​ត្រូវ​ធ្វើ​ការ​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ស្របច្បាប់​។ ចំណែក​អ្នក​នៅ​ក្រៅ​សហគមន៍ ក្រៅ​ភូមិ​ឃុំ ពេល​ចូល​នេសាទ​ក្នុង​ដែន​គ្រប់គ្រង​ដោយ​សហគមន៍​ត្រូវ​បង់​វិភាគទាន​ជូន​សហគមន៍។

លោក សោម ភិ​រុណ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ករណី​ជនល្មើស​នេសាទ​បាន​លួច​កាប់​ និង​ដុត​ទូក​កាណូត​សហគមន៍​នេសាទ​ពាម​ឆ្កោក​ចំនួន​៣​គ្រឿង។ ករណី​នេះ ​សមត្ថកិច្ច​ជលផល​ក៏បាន​កសាង​សំណុំរឿង​នោះ​ដាក់​ជូន​សមត្ថកិច្ច​នគរបាល ស្រុក​និង​ខេត្ត ជា​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវ ជ្រាវ​រួចហើយ ប៉ុន្តែ​មកដល់ពេលនេះ ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​សហគមន៍​នេសាទ​មួយ​ចំនួន មានការ​ភ័យខ្លាច​ពេល​បង្ក្រាប​បទ​ល្មើស ខ្លាច​ជនល្មើស​នេសាទ​គុំកួន​កាប់សម្លាប់​ពួកគាត់៕

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​

​ជនល្មើស​នេសាទ​ បាន​គុំកួន​គំរាម​ សហគមន៍​នេសាទ​ ក្រោយពេល​បង្ក្រាប​បទល្មើស​