គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤ ​ខែមិថុនា ​កើតឡើង​១០​លើក​ស្លាប់​២​នាក់ ​និង​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤ ​ខែមិថុនា ​កើតឡើង​១០​លើក​ស្លាប់​២​នាក់ ​និង​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក (​យប់ ១​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ១០​នាក់ ( ស្រី ១​នាក់ ) និង​របួសស្រាល ៣​នាក់ ( ប្រុស )។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ១​នាក់ ) ,​មិន​គោរព​សិទ្ធិ ៣​លើក ( ស្លាប់ ១​នាក់ ) , និង​មិន​ប្រកាន់​ស្តាំ ៣​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់ ( ថ្ងៃ )។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក ផ្លូវ​ខេត្ត​-​ក្រុង ចំនួន៥​លើក និង​ផ្លូវលំ ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក និង​រថយន្ត​ធុន​តូច ៥​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​​បន្ត​​​ឲ្យ​ដឹងទៀត​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ស្វាយរៀង ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣០៩១​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១២៦០​គ្រឿង និង​ពិន័យ​សរុប ១៨៣១​គ្រឿង៕