បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​

បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​ប្រភេទ​ដំរីទឹក​ដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី និង​អាវុធហត្ថ​ស្រុក​កែវ​សីមា ស្ទាក់ចាប់​ពេល​កំពុង​ដឹកជញ្ជូន​ចេញពី​ព្រៃ​ការពារ​កែវ​សីមា ក្នុង​ដែន​សមត្ថកិច្ច​របស់​ម​ន្ត្រី​បរិស្ថាន​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​អាវុធហត្ថ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ មានការ​បង្ក្រាប​រថយន្ត​ដំរីទឹក​១​គ្រឿង​ដឹកឈើ​ប្រណីត នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ក្ទ​ម្ភ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​មាន​ចំនួន​១២​ដុំ ហើយ​មាន​មុខកាត់​០.៤០​ម៉ែត្រ​គុណ​នឹង​០.៤០​ម៉ែត្រ ហើយ​មាន​បណ្ដោយ​ចាប់ពី​៤​ម៉ែត្រ​ឡើងទៅ​។ ម្ចាស់​រថយន្ត​ដំរីទឹក​ដឹកឈើ​ប្រណីត​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ តា​យ៉ែម ជា​សាច់ញាតិ​របស់​មេបញ្ជាកា​រ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី មាន​ទីលំនៅ​ត្រង់​គីឡូម៉ែត្រ​១៣៦ ភូមិ​ឆ្នែង ឃុំ​ស្រែ​ក្ទ​ម្ភ ស្រុក​កែវ​សីមា​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀតថា តា​យ៉ែម គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ជា​យូរ​មកហើយ មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ទន្ទឹមនឹងនេះ តា​យ៉ែម គឺជា​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​គ្រឿងផ្ទះ​និង​ឈើ​ហ៊ុ​ប​ជ្រុង​ធំៗ​ដែល​កាប់​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា អស់​រយៈពេល​ជា​យូរ​មកហើយ​ដោយមាន​កា​រ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ បើទោះបី​បច្ចុប្បន្ន​តំបន់​អភិរក្ស​នេះ​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងបរិស្ថាន​យ៉ាងណាក៏ដោយ​៕

dee-1