បែកធ្លាយ​រឿង​សឹក​ពី​សង្គ្រាជ​វត្ត​ក្លាយជា​អ្នកមាន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មានរឿង​រ៉ាវ​អាស្រូវ​ជា​បន្តបន្ទាប់​នៅ​ក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ស្រាប់តែ​ថ្មី​ៗ​នេះ​បាន​លិច​ធ្លាយ​នូវ​រឿងរ៉ាវ​អាស្រូវ​ថ្មី​មួយទៀត​របស់​អតីត​ព្រះ​ចៅអធិការ​វត្ត​បិត​ត្រាំ​ង ដែល​ពេល​នេះ​បាន​ក្លាយជា​អ​ន្ទិ​ត​ស្តុកស្តុ​ម្ភ​ម្នាក់​នៅ​ក្បែ​វត្ត មានផ្ទះ​ជួល​រហូត​ដល់​ជាង​២០​បន្ទប់ តម្លៃ​ជិត​៤​ម៉ឺន​ដុល្លារ រួម​ជាមួយ​មុខរបរ​បញ្ចាំ​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់ ។

ជុំវិញ​រឿងអាស្រូវ​ជា​ច្រើន​នេះ ត្រូវ​បាន​អ្នក​ខេត្ត​ព្រះ​សីហ​នុ​លួច​បង្ហើប​ត​ៗ​គ្នា​ថា ដំបូង​ឡើយ​គឺ​លេច​ធ្លាយ​តែ​រឿង​លោក​ប្រធាន​មន្ទីរ​ធម្មការ​តែ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​បាន​បែកធ្លាយ​រឿង ព្រះ​ចៅអធិការ​វត្ត​ចំនួន​២​វត្ត​ទៀត ហើយ​ចុង​ក្រោយ​នេះ​រឿង​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ អតីត​ព្រះ​ចៅអធិការ​វត្ត​បិត​ត្រាំ​ង ។ តួយ៉ាង​រឿង​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ ដើម​ឡើយ​កាល​នៅ​ជា​សង្ឃ​សង្រួមឥន្ទ្រីយ៍​មើលទៅ​ស្អាតស្អំ​ឥត​ខ្ចោះ និង​ស្មោះត្រង់​ជាមួយ​ពុទ្ធបរិស័ទ​ជើងវត្ត​មាន​ជំនឿ​លើ​ព្រះ​ចៅអធិការ​រូប​នេះ ។

ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់ រឿង​នៅ​ពេល​ដែល​សឹក​ស្រាប់តែ​បែកធ្លាយ​រឿង​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ មានផ្ទះ​ចំនួន​ជាង​២០​បន្ទប់ រកស៊ី​បញ្ចាំ​យ៉ាង​រលូន និង​បើក​ល្បែងស៊ីសង​ក្បែរ​វត្ត​បិត​ត្រាង មិន​ខ្លាច​បាបកម្ម​ជាតិ​នេះ និង ជាតិ​ក្រោយ ដោយ​សង្ស័យ​ថា មានការ​សូកប៉ាន់​ពី​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ ទៅ​ឲ្យ​មន្ត្រី​ចំណុះ​ឲ្យ​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក បើ​យោង​តាម​ប្រភព​ញោម​ព្រះធម៌ ពុ​ទ្ឋ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត​មួយ​ចំនួន​ធំ ដែល​មិន​សប្បាយចិត្ត និង អស់ជំនឿ​ទៅ​លើ​អតីត​ចៅអធិការ​វត្ត​បិត​ត្រាំ​ង បាន​អះអាង​ថា កាល​នៅ​ជា​ចៅអធិការ​វត្ត អ​ន្ទិ​ត ឌិន សាវ៉ា​ន់ នេះ​មាន​បំណង​ឆ្វៀល​យក​ដី​ខាងក្រោយ​វត្ត​មួយ​កន្លែង ទំហំ​ជាង​១០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ប៉ុន្តែ​ត្រូវ​បាន​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត​តវ៉ា ហើយ​ត្រូវ​បាន​មន្ទីរ​ធម្មការ​ចុះ​មក​ដោះស្រាយ​ក៏​បាន​ស្ងាត់​ទៅ​វិញ ។ ក្រោយមក​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ បាន​លប​លួច​មក​ទិញ​ដី​ក្បែរ​វត្ត​តម្លៃ​ជិត​៧០០០​ដុល្លារ ហើយ​បាន​សាងសង់​បន្ទប់​ជួល​អស់​ទឹកប្រាក់​ជិត​៤​ម៉ឺន​ដុល្លារ ក្រោម​លេស​ថា​ជា​ដី​របស់​ក្មួយ​នៅ​ក្រៅប្រទេស ។ ប៉ុន្តែ​នៅ​កំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ព្រះ​តេជ​គណ​បាន​លាចាក​សិក្ខាបទ​(​សឹក​) ហើយ​មិន​បាន​ប៉ុន្មាន​ខែ​ផង​(​កំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៦)​សក់​ទើប​ដុះ​ផ្កា​ថ្លូ​វ​ស្រាប់តែ​ភ្លេង​ការ​បា​នប​ន្លើ​ឡើង​រវាង​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ និង​នារី​ម្នាក់​ដែល​មានមុខ​របរ​អ៊ុតសក់​នៅ​មុខ​វត្ត ហើយ​អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង ដោយ​ដី និង ផ្ទះ​បាន​សាងសង់​តាំងពី​នៅ​ជា​ព្រះ​ចៅអធិការ​វត្ត​នោះ​គឺជា​កម្ម​សិទ្ធ​របស់​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ រួម​ជាមួយ​ភរិយា​ក្មេងខ្ចី​យ៉ាង​ពិតប្រាកដ មិនដឹង​ថា​គាត់​ចេះ​ញ៉ែ​ពី​ពេល​ណា​មក​ទេ ទំនង​ញ៉ែ​យូរហើយ ។

លោក អ៊ឹ​ង សា​រុំ មេឃុំ​បិត​ត្រាំ​ង បាន​បញ្ជាក់​ថា ដី និង ផ្ទះ​ជាង​២០​បន្ទប់​នេះ​គឺ​ពិតជា​បាន​សាងសង់​តាំងពី​អ​ន្ទិ​ត ឌិន សាវ៉ា​ន់ នៅ​ជា​ចៅអធិការ​វត្ត​ម្ល៉េះ​ឯ​ចំពោះ​លុយ​បាន​មកពីណា​នោះ​លោក​ពុំ​ដឹង​ទេ ។

ដោយឡែក​លោក កែវ សា​វុ​ធ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រឿង​អ្វី​ៗ​លោក​ពុំ​ដឹង​ទេ ប៉ុន្តែ​ចំពោះ​រឿង​ល្បែងស៊ីសង រួម​ជាមួយ​ការ​ទទួល​បញ្ចាំ​នេះ​មាន​មែនហើយ លោក​នឹង​ទៅ​បញ្ឈប់​ពុំ​ឲ្យ​មាន​ទៀត​នោះ​ទេ បើ​នៅ​តែ​មាន​លោក​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ជាក់​ជា​ពុំខាន ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ លោក ឌិន សាវ៉ា​ន់ អតីត​ចៅអធិការ​វត្ត​បិត​ត្រាំ​ង បាន​រៀបរាប់​ថា ចំពោះ​រឿង​ល្បែងស៊ីសង និង ការ​ទទួល​បញ្ចាំ​គឺ​ពិតជា​មាន​មែន ប៉ុន្តែ​វា​តិចតួច​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​នេះ​លោក​បាន​បញ្ឈប់​ហើយ​ក្រោយ​លោក​មេ​ប៉ុស្តិ៍​មក​ធ្វើការ​ណែនាំ ឯ​រឿង​ដី និង ផ្ទះ​ជួល​ជាង​២០​បន្ទប់​នេះ គឺ​លោក​បាន​ចំណាយ​ទឹកប្រាក់​សរុប​ជាង​៣​ម៉ឺន​ដុល្លារ​ពិតមែន ប៉ុន្តែ​លុយ​ទាំងនោះ​គឺ​បាន​ពី​ក្មួយ​គេ​ផ្តល់​ឲ្យ​ពី​ក្រៅប្រទេស​ចំនួន​ជិត​៧០០០​ដុល្លារ​ក្នុង​ការ​ទិញ​ដី ឯ​លុយ​សាងសង់​ផ្ទះ​នោះ​គឺ​លុយ​បាន​មក​ពី​ការ​យក​ប្លង់​ដី​កេរ​ពី​ឪពុក​ម្តាយ​របស់​លោក​រួម​ជាមួយ​ប្លង់​ដី​របស់​លោក ហើយ​នៅ​ពេល​នេះ​លោក​នៅ​ជំពាក់​លុយ​ធនាគារ​មិន​ទាន់​សង​រួច​នៅឡើយ​ទេ បើ​មិន​ជឿ​អាច​ទៅ​សួរ​ធនាគា​ក៏​បាន ។

បើ​ទោះបីជា​មានការ​ចោទប្រកាន់ រួម​ជាមួយ​ការ​បដិសេធ​យ៉ាងណា​ក្តី មន្ត្រី​ច្បាប់ និង អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​នាក់​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ធម្មការ សូម​មេត្តា​ចាត់វិធានការ​ជា​បន្ទាន់ ក្នុង​ការ​តាមដាន​លម្អិត​ជុំវិញ​បញ្ហា​វិវាទ​ខាងលើ​ថា ការ​ចោទប្រកាន់​ទៅ​លើ​មន្ត្រី និង ចៅអធិការ​វត្ត​ទាំង​ប៉ុន្មាន​វត្ត​នោះ ជា​ការ​ពិត ឬ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន តែបើ​ជា​ការ​ពិត​គួរ​ធ្វើ​បែប​ណា?