ខ្ទើយ​រត់​តុ​នៅ​ភោជនីយដ្ឋាន​«ធីតា​ព្រី​ល​» ក្លាយ​ជា​ចោរ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​

ខ្ទើយ​រត់​តុ​នៅ​ភោជនីយដ្ឋាន​«ធីតា​ព្រី​ល​» ក្លាយ​ជា​ចោរ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​



ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ជា​ខ្ទើយ​រត់​តុ​នៅ​ភោជនីយដ្ឋាន​«ធីតា​ព្រី​ល» ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ដាក់​ខ្នោះ ក្រោយ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ ​ធ្វើ​សកម្មភាព​​​លួច​យក​អាយ​ផេ​ត​បានសម្រេច​មួយ​គ្រឿង​ពី​បុគ្គលិក​បម្រើ​​​ការងារ​ជាមួយគ្នា ហើយ​នៅ​ពេល​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅតាម​ផ្សារ​ទើប​ចាប់​ប្រគល់​ជូន​ប៉ូលិស​តែ​ម្តង។

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​២​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១៧​ល្ងាច​​ ថ្ងៃ​ទី​១៤​ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ផ្សារ​ទួលគោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ក្រោយពី​លួច​អាយ​ផេ​ត ប្រព្រឹត្ត​នៅ​ចំណុច ភោជនីយដ្ឋាន​«ធីតា​ព្រី​ល» ដែល​មាន​ទីតាំងនៅ​ដី​ឡូ​ត៍​លេខ​៤០ ផ្លូវ​លេខ​៥៨៨ ក្រុមទី​៥០ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​២១​យប់។

ជនសង្ស័យ​ឈ្មោះ ខន សាំ​ម៉ូ​អែល ហៅ អា​ខ្ទើយ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់​តុ​នៅ ភោជនីយដ្ឋាន​«ធីតា​ព្រីល» មាន​ទីលំនៅ​​ និង​ស្រុក​កំណើត​ភូមិ​គង់​រាជ ឃុំ​គង់​រាជ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ស្នាក់​បណ្ដោះអាសន្ន​ក្នុង​ភោជនីយដ្ឋាន​«ធីតា​ព្រីល»។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នួន ស្រី​កែវ ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន«​ធីតា​ព្រីល» ស្នាក់​នៅក្នុង​ភោជនីយដ្ឋាន​«ធីតា​ព្រីល» ផ្លូវ លេខ​៥៨៨ សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌទួលគោក។ សម្ភារៈ​បាត់បង់ មាន​អាយ​ផេ​ត​មី​នី​4 មួយ​គ្រឿង ពណ៌​មាស។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល ២១​យប់​ ជនរងគ្រោះ​បាន​ទុក​អាយ​ផេ​ត​នៅលើ​ពូក​ក្នុង​បន្ទប់ដេក។ ពេលនោះ​ជន សង្ស័យ​បាន​ដើរមក​និយាយ​ទូរស័ព្ទ ក៏បាន​ឃើញ​អាយ ផេ​ត​របស់​ជនរងគ្រោះ ក៏បាន​ធ្វើ​សកម្មភាព​លួច​យក អាយ​ផេ​ត​នោះ ហើយ​បាន​សុំ​ថៅកែ​ចេញ​មុន​ម៉ោង រួច គេចខ្លួនបាត់។ លុះ​នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល ១៧​​ល្ងាច​ ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ផ្សារ​ទួលគោក ក៏បាន​ធ្វើការ ឃាត់ខ្លួន​នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​២ តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕