វិធី​ជេរ​​ដ៏​ពេញ​និយម​ របស់​អ្នក​នៅ​​ភ្នំពេញ

គេសង្កេត​ឃើញ​ថា តាម​របង​ផ្ទះ កន្លែង​លក់ដូរ ឬ​កន្លែង​សាធារណៈ​​មួយ​ចំនួន ក្នុង​ទីក្រុងភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ បោះ​ចោល​សំរាម ឬ​បន្ទោបង់​ដាក់ បង្ក​ឱ្យ​មាន​ក្លិនស្អុយ ​ឆ្អេះឆ្អាប​សាយភាយ​រាប់​រយ​ម៉ែត្រ។ ទង្វើ​នេះ​ធ្វើ​​ឱ្យ​អ្នកគ្រប់គ្រង និង​ ម្ចាស់កម្មសិទ្ធិ​ មិន​សប្បាយ​ចិត្ត​​រហូត​​ជេរ​ប្រមាថ ​តាមរយៈ​ការ​សរសេរ​ជាបម្រាម​​ប្លែកៗ​លើ​ជញ្ជាំង ឬ​​ក្រដាស​ជា​អក្សរ​ដិត​ធំ ដូចជា «ហាម​អាឆ្កែ​ មី​ឆ្កែ​ចោល​សំរាម» ជាដើម។

 

បម្រាម​​ទាំង​នោះ ត្រូវ​​បាន​គេ​យល់​ឃើញ​ថា បង្ហាញ​ពី​ទង្វើ​​អសីលធម៌ របស់​អ្នក​ប្រព្រឹត្ត និង​អ្នក​សរសេរ ​នាំ​ឱ្យ​អប្បឱន​ដល់​​មុខមាត់​សង្គម និង​ប្រទេស​​ជាតិ។

 
វិធី​ជេរ​​ដ៏​ពេញ​និយម​ របស់​អ្នក​នៅ​​ភ្នំពេញ

 

យុវជន ឡុង រ៉ាវី អ្នកសម្របសម្រួល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ បាន​លើក​ឡើង​ថា ​ការ​សរសេរ​ទាំងនេះ ផ្ដល់​ផល​វិជ្ជមាន​ផង និង ​អវិជ្ជមាន​ផង​។ ចំពោះ​ផល​វិជ្ជមាន ការ​សរសេរ​បែប​នេះ អាច​នឹង​​​ឱ្យ​អ្នក​ចោល​សំរាម ឬ​បន្ទោបង់​ ​ខ្វះ​ទំនួល​ខុសត្រូវ​ទាំងនោះ មាន​ការ​ខ្មាសអៀន។ ចំណែក​រឿង​អវិជ្ជមាន គឺ​វា​ជា​​ការ​​ប្រមាថ ដែល​មិន​គួរ​ឱ្យ​​មាន​នៅ​តាម​ទី​សាធារណៈ ឬ​លើ​ជញ្ជាំង​ផ្ទះ​ជាដើម ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុជីវធម៌​សង្គម។

 

រ៉ាវី ថា៖ “បាទ! ខ្ញុំ​គិត​ថា វា​កើត​ឡើង​​ដោយសារ​តែការ​ខ្វះ​ ការ​ទទួល​ខុស​ត្រូវ។​ បើ​គ្មាន​អ្នក​ចោល​សំរាម ឬ​បន្ទោបង់​អនាធិបតេយ្យ ក៏​មិន​មាន​ការប្រើប្រាស់​ ពាក្យ​អសុរោះ​បែប​នេះ ហើយ​បើ​អ្នក​សរសេរ ចេះ​ប្រើ​ប្រាស់​ពាក្យ ដែល​មាន​សុជីវធម៌​ជាង​នេះ ក៏​កាន់​តែ​ប្រសើរ តែ​យ៉ាង​ណា បើ​យើង​នាំ​គ្នា​សម្អាត និង​រក្សា​អនាម័យ​ល្អ​នោះ វា​ក៏​ជា​មុខមាត់​របស់​ តំបន់ ខេត្ត ក្រុង និង​ប្រទេស​យើង”។

 

ចំណែក​លោក ស៊ុយ ធារ៉ា និស្សិត​ឆ្នាំ​ទី២ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស នៅ​ជាតិ​គ្រប់គ្រង ឱ្យ​ដឹង​ដែរ​ថា៖ “ខ្ញុំ​គិត​ថា​វា​ជា​ទង្វើ​មិន​ល្អ របស់​​អ្នក​ប្រព្រឹត្ត និង​អ្នក​សរសេរ ព្រោះ​វា​ប៉ះពាល់​ដល់​សីលធម៌​ខ្មែរ”។
 

យុវជន​វ័យ ២២ឆ្នាំ​បន្ត​ថា អ្នកសរសេរ​គួរតែ​​រក​ឃ្លា​ល្អ​ៗ ដែល​​ស្ដាប់​ទៅធ្វើ​ឱ្យ​គេគោរព តួយ៉ាង «សូម​កុំ​បន្ទោបង់​នៅ​ទី​នេះ», «សុជីវធម៌​របស់​អ្នក​ជួយ​លើក​ស្ទួយ​មុខមាត់​ជាតិ​» ឬ «សូម​មេត្តា កុំ​ដាក់​សំរាម​នៅ​ទីនេះ អាណិត​ខ្ញុំ​ផង» ទៀតសោត ព្រោះ​ថា​បើ​សិន​​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌ចេះគិត នៅ​ពេល​អានហើយនោះ​​​ពួកគេ​នឹង​យល់ ហើយ​អាច​ឈប់​​ធ្វើ​បែប​នេះ​ទៀត​ក៏​ថាបាន។

 

“យ៉ាងណា ​ខ្ញុំ​ក៏​សូម​ឱ្យ​បង​ប្អូន​ដែល​បន្ទោបង់ ចោល​សំរាម​ផ្ដេសផ្ដាស មេត្តា​គិត​ដល់​គេ​ផង។ បើ​គេ​ធ្វើ​មក​លើ​យើង​វិញ វា​មិច​ទៅ​វិញ។ ហេងស៊យ​ជេរ​គេ ជេរ​ឯង​ខ្លាំង​ជាងគេ​ទៅ​ទៀត។ ចឹង​មាន​ជួយ​ថែ​គ្នា​ទៅ”។ ធារ៉ា បន្ថែម។
 

មំរាម​អសុរោះ ដែល​គេ​ឃើញ​ជាញឹមញាយ​ និង​ពេញ​និយម​នោះ​ មាន​ដូចជា ចោល​សំរាម​នៅ​ទី​នេះ​ក្រ​មួយ​ជីវិត, ហាម​ឆ្កែ​នោម, ហាម​ឆ្កែ​ចោល​សំរាម អី​ជាដើម៕

 

ចុចអាន៖ ប្រាក់​ដុល្លារ​ជាប់​ស្នាម​ត្រា ធនាគារ​មួយ​ចំនួន​បដិសេធ តែ​ទូ​មាស​តាម​ខេត្ត​នៅ​ទទួល

 

អត្ថបទ៖ អ៊ុំ សុភក្តិ