សម្តេចតេជោ​ ហ៊ុន សែន​ ៖ បុគ្គលដែលធ្វើខុសមិនត្រូវយក​ NGO ​មកធ្វើជាអាវក្រោះ​នោះទេ

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​បានមានប្រសាសន៍ថា​ «បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការ​ចាត់តាំងនយោបាយ ​ឬយកអង្គការក្រៅរដ្ឋាភិបាល(NGO)​ មកធ្វើជាអាវក្រោះការពារ​ខ្លួននោះទេ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ខាងលើបែបនេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៦នេះ ​ក្នុង​ជំនួប​ជាមួយ​លោក ​Gerd Moller ​រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច ​និងអភិវឌ្ឍន៍អាល្លឺម៉ង់ ​នៅវិមានសន្តិភាព ។

សម្តេចតេជោ​ ហ៊ុន សែន ​ក៏បានជំរាបជូន ​លោក Gerd Moller ​ផងដែរថា ​សម្តេចបានស្នើសុំឱ្យធ្វើការ​កែទម្រង់ស្តីអំពីការ​ទទួល​បានព័ត៌មាន​ ជាពិសេសសហគមន៍អឺរ៉ុប( EU )​ កុំស្តាប់និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង ​ គឺត្រូវឱ្យស្គាល់ពីអង្គហេតុ និងអង្គច្បាប់​អោយបានច្បាស់លាស់​ ដើម្បីចៀសវាងការបកស្រាយខុស ​ជាពិសេសមកលើប្រទេស​​ដែលមានអធិបតេយ្យភាព​ដូចកម្ពុជា។

លោក Gerd Moller ​បានជម្រាបជូនសម្តេចតេជោ​អំពីដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ​ គឺទី១ ​ដើម្បីពិនិត្យមើលកិច្ច​សហប្រតិបត្តិ​ការរវាងកម្ពុជា​ និង អាល្លឺម៉ង់ និងទី២ ​គឺដើម្បីជួបជាមួយគណបក្សប្រឆាំង​ ដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ​នាពេលបច្ចុប្បន្ននេះ។ ​ លោក​រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច ​និងអភិវឌ្ឍន៍អាល្លឺម៉ង់ ​ បានជម្រាបជូន​ សម្តេចតេជោ ថា ដោយសារកម្ពុជា​មានស្ថិរភាពនិងសន្តិភាព ​ក្នុងរយៈពេលជាង ២៥ ​ឆ្នាំកន្លងមកនេះ ​កម្ពុជាមានការរីកចម្រើន​ និងអភិវឌ្ឍខ្លាំង​ឡើង​ជាលំដាប់ ​ជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ​ដែលគួរអោយកត់សម្គាល់។ ​ចំពោះកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់​ និងកម្ពុជា គឺ​កំពុង​តែដំណើរការល្អ ​ហើយយើងនឹងធ្វើការរួមគ្នាក្នុងការ​ជំរុញវិមជ្ឈការផ្ទេរអំណាចឱ្យបានច្រើន​ដល់មូលដ្ឋាន​ ផ្តោត​លើផល​ប្រយោជន៍ប្រជាពលរដ្ឋ ​ហើយនិងសហការរួមគ្នាដោះស្រាយ​បញ្ហាបម្រែបម្រួលធាតុអាកាស​ ដែលជាការព្រួយបារម្ភរបស់​ពិភពលោក​ទាំងមូល ។

ក្នុងឱកាសនោះសម្តេចតេជោ ​ហ៊ុន សែន ​បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់​ដែលបានជួយកម្ពុជាលើវិស័យច្បាប់​ និងវិស័យ​ផ្សេងៗដូចជាវិមជ្ឈការ ​និងសហវិមជ្ឈការផងដែរ ​ ដែលកម្ពុជាបាននិងកំពុងទទួលផលវិជ្ជមាន​ពីកំណែទម្រង់ទាំងនេះ ​ហើយ​ភាព​ក្រីក្រក៏ត្រូវបាន​កាត់បន្ថយជាបន្តបន្ទាប់ផងដែរ ៕