មន្ត្រី​សុរិយោដី​ខេត្ត​សៀមរាប​ម្នាក់​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង

មន្ត្រី​សុរិយោដី​ខេត្ត​សៀមរាប​ម្នាក់​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង



សៀមរាប​ ៖​ មន្ត្រី​សុរិយោដី​ខេត្ត​សៀមរាប​ម្នាក់​ ដែល​ចុះ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​សាលាសង្កាត់​ស្វាយដង្គំ​ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​មិន​គោរព​ម៉ោង​ពេល​បម្រើ​ការងារ​របស់​មន្ត្រី​រាជការ​ ទុក​ឲ្យ​ពួកគាត់​អង្គុយ​ចាំ​ដល់​ម៉ោង​ជិត​១០​ព្រឹក​ទើប​មកដល់។

ពលរដ្ឋ​ត្អូញត្អែរ​ថា​ ៖​ គាត់​អង្គុយ​ចាំ​ចាប់ពី​វេលា​ម៉ោង​៧​និង​៣០​នាទី ​មក​ដល់​ម៉ោង​៩​និង​៣០​នាទី​ ព្រឹក​​​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ភូមិ​នានា ក្នុង​សង្កាត់ ស្វាយដង្គំ​ក្រុង​សៀមរាប​ដើម្បី​រង់ចាំ​ធ្វើការ​ពិនិត្យ​និង​ទទួលយក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត។ ពលរដ្ឋ​បន្តថា ​​ភាព​មិន​គោរព​ម៉ោង​ពេល​បម្រើ​ការងារ​របស់​ម​ន្ត្រី​រាជការ​​ ​ធ្វើ​ឲ្យ​ខាតបង់​នូវ​ពេល​វេលា​របស់​​ពួកគាត់​ ក៏ដូចជា មន្ត្រីរាជការ​មួយ​ចំនួន​ដែល​បាន ចំណាយពេល វេលា​ពី​ការងារ​រដ្ឋ​ទៅ​រង់ចាំ ទទួលយក ប័ណ្ណ​កម្មសិទ្ធិ ដីធ្លី​នេះ។ ប្រជាពលរដ្ឋ​បាន​និយាយថា ​មន្ត្រី​សុរិយោដី​នោះ​ឈ្មោះ លាន ។ ពួកគាត់​រអ៊ូរទាំ​ថា មន្ត្រី រូបនេះ​តើ​គាត់​ទទួល​ប្រាក់បៀវត្សរ៍​ពី​ថ្នាក់​ណា​ឬ​ក្រុមហ៊ុន​ណា បើ​គាត់ ទទួល​ប្រាក់ បៀវត្សរ៍​របស់​រដ្ឋ​គឺ​ត្រូវតែ​គោរព​ម៉ោង​ពេលវេលា​ធ្វើការ​ងារ​ឲ្យ​បានច្បាស់លាស់ កុំ​ឲ្យ​ភូតកុហក ប្រជាពលរដ្ឋ ថា​ម៉ោង​នេះ មកដល់ ម៉ោង​នោះ មកដល់ ដែល​ធ្វើ​ឲ្យ ខាតបង់ ពេលវេលា និង ផលប្រយោជន៍ ដល់​អ្នក ដទៃ ហើយ​ដំណើរ មកកាន់ សាលាសង្កាត់​នេះ​ប្រៀប​ដូច​ដំណើរ​របស់​ប្រធានាធិបតី​អញ្ចឹង ។ ម្យ៉ាងទៀត​នៅពេល​ធ្វើការ ប្រគល់ ប័ណ្ណ ក្នុង​មួយថ្ងៃ បានតែ ០៥​ប័ណ្ណ​តែប៉ុណ្ណោះ ដោយ​មានតែ​មន្ត្រី​១​នាក់​បម្រើ​ការងារ​នេះ ហើយ​នៅ​ម៉ោង​៩​និង​៣០​នាទី​ទើប​មន្ត្រី​នោះ ទៅដល់​សាលា សង្កាត់​ តើ​ធ្វើ​ការងារ បាន​ប៉ុន្មាន​ម៉ោង​ទៅ ជូន​ប្រជាពលរដ្ឋ ?
​ដូច្នេះ​ប្រជាពលរដ្ឋ បាន​សួរ​ដល់ លោក ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប​ថា​៖ តើ​មាន មន្ត្រី​របៀបនេះ ប៉ុន្មាន​នាក់​ទៀត​? ដែល​មិន​គោរព ពេលវេលា ដូច​បុគ្គល រូបនេះ ឬ ក៏​បណ្តែត បណ្តោយ ឲ្យ​បុគ្គល មួយចំនួន​តូច មក​បំផ្លាញ កេរ្តិ៍ឈ្មោះ មន្ត្រី​រាជការ ដែល​បាន ខិតខំ បំពេញភារកិច្ច និង​កំពុងតែ ដោះស្រាយ និង​ជួយ​សម្រួល​គ្រប់បែបយ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ ? ។ ដូច្នេះ​ដើម្បី​បំពេញ​នូវ សំណូមពរ របស់​បង ប្អូន​ប្រជាពលរដ្ឋ សូម​លោក ប្រធាន​មន្ទីរ មាន​វិធានការ ចំពោះ​មន្ត្រី ដែល​មិន​គោរព ពេលវេលា ក្នុង​គោលដៅ កំណែទម្រង់ រដ្ឋបាល សាធារណៈ របស់ រាជរដ្ឋាភិបាល កម្ពុជា ឲ្យ​ទទួលបាន ជោគជ័យ​ផង៕
មន្ត្រី​សុរិយោដី​ខេត្ត​សៀមរាប​ម្នាក់​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង