ស្តាប់​ការពន្យល់​ «​បញ្ហា​ក្លិន​មាត់​មិនល្អ​» ពី​គ្រូពេទ្យ​ជំនាញ

ដោយទន្តបណ្ឌិត ឈាង រ៉ាមី មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជា

ជំងឺក្លិនមាត់គឺជាខ្យល់ដង្ហើមមិនល្អ ដែលចេញពីមាត់ពេលដកដង្ហើម ។ វាត្រូវបានគេស្គាល់ផងដែរជាភាសាបច្ចេកទេសថា «Halitosis» ។ ក្លិនអាក្រក់នេះអាចកើតឡើងតែក្នុងរយៈពេលមួយ ឬ វាអាចជាយូរអង្វែងអាស្រ័យទៅលើមូលហេតុរបស់វា។បញ្ហាក្លិនមាត់នេះ ត្រូវបានគេរកឃើញថា បណ្តាលមកពីវត្តមានបាក់តេរីរាប់លាន ដែលមាននៅក្នុងមាត់ជាពិសេសនៅផ្នែកខាងក្រោយនៃអណ្តាត។លើសពីនោះ ស្ថានភាពស្ងួតនៅក្នុងមាត់ ក៏ជាកត្តាអំណោយផលបំផុត សម្រាប់ការលូតលាស់នៃពពួកបាក់តេរីទាំងឡាយ ។

ប្រភេទមួយចំនួននៃជំងឺក្លិនមាត់ ត្រូវបានគេចាត់ទុកជារឿងធម្មតា ឧទាហរណ៍បញ្ហាក្លិនមាត់ពេលព្រឹកជាដើម ។ បញ្ហានេះកើតឡើងដោយសារតែការបំរែបម្រួលទឹកមាត់នៅពេលអ្នកគេង។ ក្នុងអំឡុងពេលថ្ងៃទឹកមាត់នឹងលាងសម្អាតអាហារ និង ក្លិនដែលមាននៅក្នុងមាត់របស់អ្នក ។ កត្តាធម្មជាតិនៃរាងកាយធ្វើឱ្យទឹកមាត់តិចនៅពេលយប់ ដូចនេះធ្វើឲ្យមាត់របស់អ្នកប្រែទៅជាស្ងួត ដែលកត្តានេះធ្វើឲ្យកំទេចកំទីចំនីអាហារដែលបានស្អិតជាប់លើអណ្តាត និង ផ្នែកខាងក្នុងថ្ពាល់របស់អ្នកបង្កជាបាក់តេរីដែលបង្កើតជាក្លិនមាត់មិនល្អ ។

តើអ្វីជាមូលហេតុនៃ halitosis ?
ក្លិនមាត់មិនល្អអាចត្រូវបានបង្កឡើងដោយមូលហេតុដូចខាងក្រោម ៖
• កង្វះអនាម័យមាត់ធ្មេញ : ការដុសធ្មេញញឹកញាប់ពេកឬដុសធ្មេញនិងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) មិនបានត្រឹមត្រូវ អាចធ្វើឱ្យចំនីអាហារដែលជាប់រវាងធ្មេញបង្កជារោគពុកធ្មេញ។ ដូច្នេះកង្វះអនាម័យមាត់ធ្មេញក៏អាចនាំអោយមានជំងឺអញ្ចាញធ្មេញដែលអាចបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ ។
• ជំងឺក្នុងមាត់ : បញ្ហាទាំងនេះ ក៏អាចកើតឡើងដោយសាររោគពុកធ្មេញឬដោយជំងឺអញ្ចាញធ្មេញ ។
• ជំងឺផ្លូវដង្ហើម : ជំងឺ និងចំណីអាហារមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហាក្លិនមាត់ផងដែរ ដូចជាបញ្ហាបំពង់កជំងឺសួត ជាដើម។ សម្រាប់របបអាហារដូចជា៖ ខ្ទឹមកាហ្វេការចុកថ្នាំជក់ ការជក់បារីឬស្រាទំពាំងបាយជូរក្រហម ក៏ជាកត្តារួមចំណែកដល់ការបង្កជាបញ្ហាក្លិនមាត់មិនល្អ ។
• ជំងឺស្ងួតមាត់ (xerostomia) : ស្ងួតមាត់ អាចបង្កឡើងដោយបញ្ហាក្រពេញទឹកមាត់ ការប្រើប្រាស់ថ្នាំពេទ្យច្រើន ឬដំណើរការដកដង្ហើមតាមមាត់ ។
• ជំងឺប្រចាំកាយ : ជំងឺមួយចំនួនទៀត ដូចជាជំងឺទឹកនោមផ្អែមជំងឺថ្លើមជំងឺតម្រងនោមជំងឺសួត ក៏អាចបណ្តាលឲ្យមានបញ្ហាក្លិនមាត់ផងដែរ ។
• បញ្ហាជំងឺផ្នែកចិត្តសាស្ត្រ : មនុស្សមួយចំនួនបានគិតថាពួកគេមានដង្ហើមអាក្រក់ប៉ុន្តែតាមពិតទៅអ្នកផ្សេងទៀតមិនបានចាប់អារម្មណ៍ឡើយ ។ មូលហេតុប្រភេទនេះត្រូវបានហៅជាភាសាបច្ចេកទេសថា «pseudo halitosis»។
តើអ្វីជារោគសញ្ញាដែលបង្ហាញថា អ្នកមានជំងឺ halitosis ?
ពេលខ្លះអ្នកអាចដឹងថា ខ្លួនមានបញ្ហាក្លិនមាត់ ប៉ុន្តែពេលខ្លះអ្នកមិនអាចដឹងបានឡើយ នោះដោយសារកោសិកាក្លិនក្នុងច្រមុះ បានសាំនឹងក្លិនមាត់របស់អ្នកទៅហើយ។ មនុស្សផ្សេងទៀតអាចនឹងមានប្រតិកម្មដោយងាកមុខចេញ ឬសម្ដែងចេញតាមទឹកមុខនៅពេលអ្នកនិយាយ ។ រោគសញ្ញាផ្សេងទៀត ដែលបង្ហាញពីមូលហេតុនៃក្លិនមាត់មិនល្អ ។
• ជំងឺរាលដាលនៅក្នុងមាត់ : រោគសញ្ញាមួយចំនួន គឺអាស្រ័យលើប្រភេទនៃការឆ្លងមេរោគផ្សេងៗ មានដូចជា ៖
– ការហើមឬរលាកអញ្ចាញធ្មេញដែលអាចចេញឈាមយ៉ាងងាយស្រួលជាពិសេសបន្ទាប់ពី ដុសធ្មេញ ឬ ការទាក់ធ្មេញដោយអំបោះ ( flossing ) ។
– ខ្ទុះចន្លោះធ្មេញឬដំបៅចុងរឹស (អាប់សែ)ធ្មេញរង្គឺឬរលុងធ្មេញសិប្បនិមិ្មត
– មានការឈឺចាប់ មានដំបៅនៅលើអណ្តាតឬអញ្ចាញធ្មេញឬមានកូនកណ្តុរហើមនៅ ក ។
អាការៈមួយចំនួន : សភាពមួយចំនួនដូចជាការតឹងច្រមុះ ហៀរសំបោរការក្អកដែលមានស្លេសមាត់ស្ងួតជាដើម ត្រូវបានបង្ហាញដោយរោគសញ្ញាមួយចំនួនដូចជា ៖
– ពិបាកលេបអាហារដែលស្ងួត
– ការរលាកនៅក្នុងមាត់រោគពុកធ្មេ្មញឬបញ្ហាស្ងួតភ្នែក
– ជំងឺទូទៅ : រោគសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺខ្សោយតម្រងនោម ឬ ជំងឺថ្លើម ។

ស្តាប់​ការពន្យល់​ «​បញ្ហា​ក្លិន​មាត់​មិនល្អ​» ពី​គ្រូពេទ្យ​ជំនាញ

ការធ្វើរោគវិនិច្ឆ័យ
* ទន្តបណ្ឌិត ឬ គ្រូពេទ្យអាចសម្គាល់ថាមានក្លិនមាត់មិនល្អក្នុងអំឡុងពេលជួបជាមួយអ្នកជំងឺ ។ ក្លិននៃខ្យល់ដង្ហើមរបស់អ្នកជំងឺ ក៏អាចធ្វើឲ្យយើងអាចសន្និដ្ឋានពីមូលហេតុនៃជំងឺនេះបានដែរ ។ ឧទាហរណ៍ ក្លិនផ្លែឈើ អាចជាសញ្ញាមួយរបស់ជំងឺទឹកនោមផ្អែម ។ ក្លិនដូចទឹកនោម អាចបង្ហាញថាមនុស្សម្នាក់នោះកំពុងមានហានិភ័យខ្ពស់នៃជំងឺតម្រងនោម ពេលខ្លះអាចបង្ហាញពីការខ្សោយតម្រងនោម ។
* ការពិនិត្យមើលធ្មេញអញ្ចាញធ្មេញមាត់និងក្រពេញទឹកមាត់ ។ លើសពីនេះការពិនិត្យទៅលើក្បាលនិងករបស់អ្នកជំងឺ ក៏អាចវាយតម្លៃទៅលើខ្យល់ដង្ហើមរបស់អ្នកថា ដកដង្ហើមតាមច្រមុះ ឬ ពីមាត់ ។
* ទន្តបណ្ឌិត ឬពេទ្យធ្មេញ អាចនាំអ្នកទៅជួបគ្រូពេទ្យទូទៅ ប្រសិនបើជំងឺនេះកើតឡើង ដោយមូលហេតុនៃជំងឺទូទៅផ្សេងទៀត មិនមែនបណ្តាលមកពីបញ្ហាមាត់ធ្មេញ។ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរនៃជំងឺអញ្ចាញធ្មេញពេទ្យធ្មេញអាចនឹងណែនាំអ្នកទៅជួបពិនិត្យព្យាបាលជាមួយ ទន្តបណ្ឌិតឯកទេស ( ទន្តពេទ្យដែលមានជំនាញក្នុងបញ្ហាអញ្ចាញ ) ។
អ្នកនឹងត្រូវធ្វើតេស្តរោគវិនិច្ឆ័យប្រសិនបើគ្រូពេទ្យសង្ស័យថាមានជំងឺសួតជំងឺទឹកនោមផ្អែមជំងឺតម្រងនោមជំងឺថ្លើមឬជំងឺ Sjögrenនេះ ។ អ្នកអាចទទួលបានការធ្វើតេស្តឈាមការធ្វើតេស្តទឹកនោម ការថតកាំរស្មីអ៊ិចទៅលើទ្រូងឬការធ្វើតេស្តផ្សេងទៀត ។

វិធីសាស្ត្របង្ការការពារការបង្ការខ្យល់ដង្ហើមមិនល្អ ដែលបង្កឡើងដោយបញ្ហាធ្មេញអាចងាយស្រួលដោយ ដោយគ្រាន់តែសំអាតធ្មេញឲ្យបានត្រឹមត្រូវនិងការថែទាំបានល្អ ។ ដុសធ្មេញ អណ្តាត និង អញ្ចាញធ្មេញ បន្ទាប់ពីទទួលទានអាហារ និង ប្រើប្រាស់អំបោះទាក់ធ្មេញ ( Dental Floss ) ប្រចាំថ្ងៃ ។ លើសពីនេះសូមប្រើប្រាស់ទឹកខ្ពុលមាត់ជាប្រចាំ ពិសេសត្រូវជួបគ្រូពេទ្យធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំដើម្បីធ្វើការពិនិត្យនិងសំអាតធ្មេញ ៕

ប្រភព៖ pmhotnews

  • ស្តាប់​ការពន្យល់​ «​បញ្ហា​ក្លិន​មាត់​មិនល្អ​» ពី​គ្រូពេទ្យ​ជំនាញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: