ជិះ​ម៉ូតូ​បុក​គ្នា​ខ្ជាក់​ចេញ​គ្រឿងញៀន​មួយ​កញ្ចប់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

ជិះ​ម៉ូតូ​បុក​គ្នា​ខ្ជាក់​ចេញ​គ្រឿងញៀន​មួយ​កញ្ចប់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

ភ្នំពេញ​ ៖​ យុវជន​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​​ទាំង​មាន​របួស​ ក្រោយពី​ពួកគេ​ជិះ​ម៉ូតូ​បុក​ជាមួយ​ភាគី​ម្ខាង​ទៀត​ ហើយ​ជ្រុះ​ចេញ​គ្រឿងញៀន​មួយ​កញ្ចប់​ដែល​បាន​ខ្ចប់​យ៉ាង​ស្អាត​នៅ​ក្នុង​កញ្ចប់​បារី​សេក។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ទ័ពអាកាស ស្ថិត​ក្នុង​ភូមិ​តាងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ។

ជន​សង្ស័យ​ឈ្មោះ​ សេង ង៉ែត ហៅ​អាចយ​ ភេទ​ប្រុស ​អាយុ​២៤ ឆ្នាំ​ មុខរបរ​ជាងដែក​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ ដោយឡែក​ម្នាក់ទៀត​ រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​មានឈ្មោះ​ អង់ វិ​រាជ ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ មុខរបរ​ជាងដែក​ដូចគ្នា​ស្នាក់​នៅ​ជាមួយគ្នា​នឹង​មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ពីរ​គ្រឿង​ ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក Suzuki Nex ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-9679 និង​ម៉ូតូ​ជនសង្ស័យ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF-0879 ជិះ​គ្នា​ពីរ​នាក់។ លុះ​ម៉ូតូ​ទាំង​២​គ្រឿង​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​គ្នា​បណ្ដាល​ឲ្យ​ម្នាក់​រង​របួស​ធ្ងន់​តែម្ដង។

ប្រភព​បន្ដ​ថា​ ក្រោយមក​ មាន​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ជនរងគ្រោះ ​ដែល​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ ដោយឡែក​មាន​បក្ខពួក​គេ​ម្នាក់​រង​របួស​ស្រាល​ ពេល​ឃើញ​សមត្ថកិច្ច​ទៅដល់​កន្លែង​កើតហេតុ​ដោយសារ​ខ្លួន​មាន​រក្សាទុក​គ្រឿងញៀន​ នៅ​ជាប់​ខ្លួន​ ទើប​ភ័យ​បាន​បោះ​ថ្នាំញៀន​ ដែល​ដាក់​ក្នុង​កញ្ចប់​បារី​សេក​នោះ​ចោល​នៅ​ក្បែរ​កន្លែង​កើតហេតុ ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ការ​សង្ស័យ​ ក៏​រើ​​កញ្ចប់​នោះ​យក​មក​មើល​ ទើប​ឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​កាកាប។ ក្រោយពេល​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ​ថ្នាំ​នោះ​ពិតជា​របស់​គេ​ពិត​មែន គេ​ទើប​នឹង​ទិញ​ពី​ប្លុក​ត្រពាំង​ឈូក​មុខ​ពេទ្យ​ព្រះកុសុមៈ ក្នុង​តម្លៃ​២៥០០០​រៀល។

ប្រភព​បន្ដ​ថា បន្ទាប់ពី​សួរនាំ​ដឹង​ពី​ដំណើររឿង​រួចមក​ លោក​អធិការ​នគរបាល​ខណ្ឌ​ បាន​បញ្ជា​ឲ្យ​កម្លាំង​ទៅ​ឃាត់ខ្លួន​បក្ខពួក​គេ​ម្នាក់ទៀត ​នៅ​គ្លីនិក​ឯកជន​ហុង ហាក់​មក​សួរនាំ​បន្ថែម ​និង​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់៕