វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​

វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​



ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៦ នៅ​ខេត្ត​ព្រៃវែង បាន​ប្រារព្ធ​ពិធី​វេទិកា​ ស្តីពីយុវវ័យ និង សីលធម៌​សង្គម ដែល​រៀបចំ​ដោយ​មន្ទីរ​កិច្ចការ​នារី។

លោកស្រី គង់ សាឡ​ន ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដែល​ជា​ការ​រំលឹក​ដល់​យុវជន​ទាំងអស់​ឲ្យ​បន្ត​គោរព​នូវ​សីលធម៌ គុណធម៌ តម្លៃ​របស់​មនុស្ស វប្បធម៌ និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង ជៀសវាង​នូវ​អំពើ​អសកម្ម​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ឲ្យ​វឹកវរ​ដល់​សង្គមជាតិ បាត់បង់​នូវ​តម្លៃ​មនុស្ស ហើយ​និង​អាច​ក្លាយ​ខ្លួនជា​ពលរដ្ឋ​ល្អ របស់​មនុស្ស​ជំនាន់​ក្រោយ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល ចំណេះដឹង​ខ្ពង់ខ្ពស់ និង​សីលធម៌​ថ្លៃថ្នូរ​។ លោកស្រី​បន្ត​ថា សង្គម​កម្ពុជា​យើង​កំពុង​ធ្លាក់​ចុះ​នូវ​សីលធម៌ ជាពិសេស​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ បាន​និងកំពុង​បំផ្លាញ​ដោយ​មនុស្ស​មួយ​ចំនួន ដែល​ភាគច្រើន​ជា​យុវជន​។ ដូច​ច្នេះ​ហើយ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​វិធានការ​មួយ​ចំនួន ជាក់ស្តែង​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ និង​គណៈកម្មាធិការ​ចម្រុះ​នៅ​ថ្នាក់​ខេត្ត ក្នុង​គោលបំណង​ថែរក្សា​ការពារ វប្បធម៌ ប្រពៃ​ណីជាតិ ធានា​ដល់​ការ​គោរព សីលធម៌​សង្គម​និង​សុភមង្គល​ក្នុង​គ្រួសារ​ដោយ​លើកកម្ពស់​ស្ថានភាព តួនាទី​សុខុមាលភាព​ស្ត្រី​ខ្មែរ។

លោកជំទាវ លៀង ស្រី​ម៉ុ​ល អភិបាលរង​ខេត្ត​ព្រៃវែង តំណាង លោក​ជា សុ​មេធី អភិបាល​ខេត្ត​ព្រៃវែង បាន​មាន​មតិ​ថា វេទិកា​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​អប់រំ និង​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម តម្រូវការ និង​ផល​ប៉ះពាល់​ដល់​យុវវ័យ​។ ដោយ​ប្រព័ន្ធ​ព័ត៌មាន​ទំនើប យុវវ័យ​កម្ពុជា​កំពុង​សិក្សា​ស្វែងយល់​ព័ត៌មាន​ដែល​ប្លែកៗ ថ្មីៗ ហើយ​ចង់​ចេះ ចង់​ដឹង និង​ចង់​សាកល្បង​។ ក្នុង​ព័ត៌មាន មាន​ខ្លះ​ល្អ មាន​ខ្លះ​មិនល្អ ដែល​ធ្វើ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អប្រសើរ​របស់​ជាតិ​យើង​។ យើង​នៅតែ​ជួប​បញ្ហា​ជាច្រើន​ដូចជា អំពើ​ពាលា​អាវាសែ អំពើ​អនាចារ​លើ​ស្ត្រី និង​កុមារ ការ​បញ្ចាំង​វីដេអូ​អាសអាភាស តាម​ទូរទស្សន៍ VCD DVD ទូរស័ព្ទInternet​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ចាប់​រំលោភ​សេពសន្ថវៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​ស្ត្រី និង​កុមារ ការលក់ដូរ​ព្រហ្មចារី ការប្រើប្រាស់​គ្រឿង​ស្រវឹង ក្រុម​ក្មេង​ទំនើង ចាស់​ទម​នើ​ង ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជា​ប្រភព​នៃ​អំពើ​លួច ឆក់ ប្លន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​កម្ពុជា​។ ដូច​ច្នេះ​ក្រសួង​កិច្ច​ការនារី សហការ​ជាមួយ​ក្រសួងពាក់ព័ន្ធ អប់រំ​ផ្សព្វផ្សាយ​ដល់​យុវជន​តាម​សាលារៀន តាម​វិទ្យុ ទូរទស្សន៍ ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ ឥរិយាបថ និង​អាកប្បកិរិយា​ខុសឆ្គង​របស់​យុវវ័យ​មួយ​ចំនួន ឲ្យ​ចេះ​គោរព និង​ឲ្យ​ចេះ​តម្លៃ​ដល់​អ្នកដទៃ ព្រមទាំង​អ្នក​ដែល​ខ្លួន​ស្រលាញ់ លើកស្ទួយ​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ និង​វិវត្ត​ខ្លួន​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី ។ ក្នុង​នោះ​ចង់​ឲ្យ​យុវជន​កម្ពុជា​ទាំងអស់​ប្រកាន់​ភ្ជាប់​នូវ​តួនាទី ភារកិច្ច ការទទួលខុសត្រូវ​នៅ​ក្នុង​គ្រួសារ និង​សហគមន៍ មាន​ទិសដៅ និង​ការសម្រេចចិត្ត​បាន​ច្បាស់លាស់ សម្រាប់​រៀបចំ​ឆាក​ជីវិត​ទៅ​អនាគត​របស់​ខ្លួន។

លោក​ឧត្ដមសេនីយ៍​ត្រី ពេ​ជ្រ សុត្ថារ័ត្ន ស្នង​ការ​រង​ខេត្ត​ព្រៃវែង លោកស្រី គង់ សា​ឡង ប្រធាន​មន្ទីរ កិច្ច​ការនារី លោក ឈុន សុផល អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា បាន​ផ្ដាំផ្ញើ​ដល់​យុវវ័យ​ទាំង​អស់ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​សាក កុំ​ភ្លក់​ឲ្យ​សោះ ត្រូវ​ចេះ​គោរព ឪពុក​ម្តាយ ចាស់​ព្រឹទ្ធា​ចារ្យ លោកគ្រូ​អ្នកគ្រូ ដើម្បីឲ្យ​ក្លាយ​ខ្លួនជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ ជាពិសេស​មាន​សីលធម៌​ល្អ មានគុណ​ធម៌ ចេះ​ជួយ​គ្នា​ទៅវិញទៅមក ត្រូវ​ខិតខំ​រៀន​សូត្រ ឲ្យ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត៕

វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​

វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​

វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​

វេទិកា​ស្ដីពី​យុវវ័យ និង​សីលធម៌​សង្គម នៅ​ខេត្ត​ព្រៃវែង​