សកម្មជន ISIS ម្នាក់ តាមសម្លាប់ប៉ូលិសបារាំងនិងប្រពន្ធ ដល់ផ្ទះ ហើយថត Live វីដេអូលើហ្វេសប៊ុក បង្ហើបពីគម្រោង វាយប្រហារ ព្រឹត្តិការណ៍បាល់ទាត់ Euro (មានវីដេអូ)

បារាំង៖ សកម្មជននៃរដ្ឋអ៊ីស្លាម ISIS ម្នាក់ បានសម្លាប់ប្តីប្រពន្ធមួយគូរួចថតវីដេអូផ្សាយផ្ទាល់ (Live) រយៈពេល ១២នាទី នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មជន ISIS ម្នាក់ មានឈ្មោះថា Larossi Abballa អាយុ២៥ឆ្នាំ បានថតវីដេអូផ្សាយផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយចាក់សម្លាប់ ជនរងគ្រោះជាប្តី ដែលជាប៉ូលិសម្នាក់ មានឈ្មោះថា Jean-Baptiste Salvaing អាយុ៤២ឆ្នាំ ចំនួន៩កាំបិត ហើយបន្ទាប់មក ក៏សម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ Jessica Schneider តាមក្រោយ។

នៅពេលកើតហេតុ កូនប្រុសជនរងគ្រោះ អាយុ៣ឆ្នាំ ត្រូវបានជនដៃដល់ ចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងផ្ទះរបស់ពួកគេ ស្ថិតក្នុងតំបន់ Magnanville ក្បែរទីក្រុង Paris នៃប្រទេសបារាំង តែក្រោយមក បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈក្រុមប៉ូលិស បានបាញ់សម្លាប់ជនដៃដល់។

បើតាមខ្សែវីដេអូ ដែលបានថតផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកនោះ ជនដៃដល់ឈ្មោះ Abballa បាននិយាយថា «យើងនឹងមក ហើយស្វែងរកអ្នក តាមវិធីដែលខ្ញុំបានរកឃើញ ប៉ូលិសរូបនេះ នៅឯផ្ទះរបស់គេអីចឹង»។

ជាមួយគ្នានេះដែរ ជនដៃដល់ ថែមទាំងបានបង្ហើបឲ្យដឹង ពីគម្រោងការណ៍ នៃការវាយប្រហារ របស់រដ្ឋអ៊ីស្លាម ISIS ទៅលើព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro ឆ្នាំ២០១៦ នេះផងដែរ ដោយនិយាយថា «យើងកំពុងរក្សាភាពភ្ញាក់ផ្អើលមួយទៀត សម្រាប់ Euro ប៉ុន្តែខ្ញុំនឹងមិននិយាយអ្វីទៀតឡើយ»។

ជាងនេះទៅទៀត ជនដៃដល់រូបនោះ បាននិយាយអំពីការស្អប់របស់គេ ទៅលើអ្នកកាសែត ដូចជា លោក Bernard de La Villardière សញ្ជាតិបារាំង វ័យ៥៨ឆ្នាំ អ្នកស្រី Audrey Pulvar សញ្ជាតិបារាំង វ័យ៤៤ឆ្នាំ លោក Mohamed Sifaoui សញ្ជាតិបារាំង វ័យ៤៨ឆ្នាំ និងអ្នកស្រី Lea Salame សញ្ជាតិលីបង់ វ័យ៣៦ឆ្នាំ រួមទាំងអ្នកវិទ្យាសាស្រ្តនយោបាយ លោក Gilles Kepel សញ្ជាតិបារាំង វ័យ៦០ឆ្នាំ និង តារាចម្រៀងរ៉េប Booba សញ្ជាតិបារាំង វ័យ៣៩ឆ្នាំ ផងដែរ។

លើសពីនេះទៅទៀត ជននេះបានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីជនរងគ្រោះ ដែលត្រូវគេសម្លាប់ ទៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ រហូតដល់ព្រឹក ថ្ងៃអង្គារ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៦ គណនីហ្វេសប៊ុក របស់ Abballa ក៏ត្រូវបានបិទតែម្តង។

យ៉ាងណាមិញ បើតាមសម្តីសាក្សី ប្រាប់ទៅក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ក្នុងអំឡុងពេលកើតហេតុ ជនដៃដល់ប្រហែលជាបានស្រែកថា «Allahu akbar» ដែលមានន័យថា «ព្រះគឺអស្ចារ្យបំផុត» ខណៈជនដៃដល់ បានចាក់ជនរងគ្រោះជាប្តី ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សកម្មជន ISIS ម្នាក់ តាមសម្លាប់ប៉ូលិសបារាំងនិងប្រពន្ធ ដល់ផ្ទះ ហើយថត Live វីដេអូលើហ្វេសប៊ុក បង្ហើបពីគម្រោង វាយប្រហារ ព្រឹត្តិការណ៍បាល់ទាត់ Euro (មានវីដេអូ)
សកម្មជននៃរដ្ឋអ៊ីស្លាម ISIS និងជាជនដៃដល់ ឈ្មោះ Larossi Abballa

សកម្មជន ISIS ម្នាក់ តាមសម្លាប់ប៉ូលិសបារាំងនិងប្រពន្ធ ដល់ផ្ទះ ហើយថត Live វីដេអូលើហ្វេសប៊ុក បង្ហើបពីគម្រោង វាយប្រហារ ព្រឹត្តិការណ៍បាល់ទាត់ Euro (មានវីដេអូ)
ជនរងគ្រោះជាប្រពន្ធ ឈ្មោះ Jessica Schneider និងជនរងគ្រោះជាប្តី ឈ្មោះ Jean-Baptiste Salvaing