​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​

នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ច្រើន​រូប​ផ្សេងទៀត បាន​ជួបពិភាក្សា​ការងារ ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស ជាមួយ​លោក ហ្គា​ត មូ​ល័​រ រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ ប្រទេស​អាល្លឺម៉ង់ ។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហ្គា​ត មូ​ល័​រ រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​ប្រទេស​អាល្លឺម៉ង់ អមដំណើរ​ដោយ​លោក ភី​ធ័​រ ហ្វី​ល័​រ អគ្គនាយក​ទទួលបន្ទុក​គោលនយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ និង​លោក ចូ​ឈី​ម បា​រោ​ន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​។​

លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​នៅថ្ងៃនេះ ជា​កាយវិការ​ដ៏​ប្រពៃ​មួយ​របស់​ប្រទេស​អាល្លឺម៉ង់ ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅ​សហគមន៍​អឺរ៉ុប ដោយបាន​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​ការតស៊ូ​ដ៏​ស្វិតស្វាញ​របស់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស និង​គោរព​រដ្ឋធម្មនុញ្ញ ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា​។​

គួរ​បញ្ជាក់ថា ក្នុងពេលដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​នៅឡើយ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ​ជាដើម រិះគន់​ក្នុងករណី​គាបសង្កត់​លើ​មន្ត្រី​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហើយ​ថែមទាំង​ព្រមាន​កាត់ផ្តាច់​ជំនួយ​ទៀតផង​។​

សហគមន៍​អន្តរជាតិ បាន​សង្កត់ធ្ងន់ថា សកម្មភាព​ធ្វើទុក្ខបុកម្នេញ​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ផងដែរ​៕

13434874_1382451435105485_3096833198420642747_n 13417671_1147842648612532_8991143087391947344_n​    ​