ល្បែង​កន្ទុយលេខ​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម

តាម​បណ្ដា​ផ្សារ​នានា​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​បើក​លេងល្បែង​កន្ទុយលេខ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​មិនឃើញ​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច​នគរបាល​ស្រុក ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដោយសារតែ​ល្បែង​កន្ទុយលេខ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​នេះ ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​បញ្ហា​នឹង​កើតឡើង​កាន់តែច្រើន ជាពិសេស​អំពើចោរកម្ម​និង​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​កើតចេញពី​ល្បែងស៊ីសង​។

នៅ​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ល្បែង​កន្ទុយលេខ​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​មេ​កន្ទុយលេខ​ធំជាងគេ​ក្នុង​តំបន់​នេះ គឺជា​ថៅកែ​ទឹក​សុទ្ធ​ដែលមាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ខ្នងបង្អែក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​កន្ទុយលេខ​ដែលមាន​មុខរបរ​ជា​ថៅកែ​ទឹក​សុទ្ធ​ផង​នោះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ទើប​អាច​បើក​ល្បែង​កន្ទុយលេខ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​មានកូន​កញ្ច្រែង​កត់​កន្ទុយ​លេខ​ព្រោងព្រាត​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ព្រោះ​អភិបាលស្រុក​ព្រៃឈរ អធិការនគរបាល​ស្រុក​ព្រៃឈរ ក៏ដូចជា​មេញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ មិន​បង្ក្រាប​ល្បែងស៊ីសង​ទាល់តែសោះ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ​មេ​កន្ទុយលេខ​ធំ​ដែលជា​ថៅកែ​ទឹក​សុទ្ធ​បានដាក់​ពង្រាយ​កូនកញ្ច្រែង​កត់​តាម​ផ្ទះ​ចាប់ពី​ផ្សារ​ព្រៃទទឹង​រហូតដល់​ស្រុក​កងមាស ដោយមាន​លក្ខណៈ​ចំហ​តែម្តង​មិន​ញញើត​សមត្ថកិច្ច​ឡើយ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ អំពាវនាវ​ឲ្យ​អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុងស្រុក​ព្រៃឈរ ជាបន្ទាន់​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ អ្វីដែល​ធ្វ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​នោះ គឺ​អ្នកភូមិ​ខ្លះ​ចាញ់ល្បែង​កន្ទុយលេខ​លក់​អស់ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ដីធ្លី​ស្រែចម្ការ និង​បែកបាក់​គ្រួសារ​ដោយសារតែ​ល្បែង​កន្ទុយលេខ ហេតុនេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មិនគួរ​បណ្ដោយ​ឲ្យ​មេ​ឆ្នោត​ដែលជា​ថៅកែ​ទឹក​សុទ្ធ​បើក​ល្បែង​កន្ទុយលេខ​នៅ​ស្រុក​ព្រៃឈរ ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​៕

258-copyលោន លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម

kantouylekh-CEN_23_1_15-3