​លោក យឹម សុវណ្ណ បញ្ជាក់ថា បញ្ហា​មិនអាច​ដោះស្រាយ​បានទេ បើ​គណបក្ស​ទាំងពីរ​មិន​ជួបចរចា​គ្នា​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុង​ឡើងក​ម្តៅ​បច្ចុប្បន្ននេះ នឹង​មិនអាច​ដោះស្រាយ​បានឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មិនអាច​រក​ផ្លូវ​ជួបចរចា​គ្នា​ស្របតាម​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំងពីរ​បានធ្វើ​កន្លងមក​។​

លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា បើ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​នៅតែ​បន្ត​អូសបន្លាយ​នោះ​បញ្ហានយោបាយ​ក៏​នៅតែ​បន្ត​អូសបន្លាយ ហើយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​នៅតែ​បន្ត​រង​ផលប៉ះពាល់​ដដែល​។ ដូច្នេះ​គណបក្សនយោបាយ​ធំ​ទាំងពីរ ចាំបាច់​ត្រូវ​ជួបចរចា​ដោះស្រាយ​បញ្ហា​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​គ្រប់​កាលៈទេស​ទាំងអស់ តែ​បញ្ហាសំខាន់​គឺ​ស្ថិតនៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ ឬ​អត់​។​

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា​នឹងមិន​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា របៀបវារៈ​មួយចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​មកលើ​តុ​ចរចា វា​បាន​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធីតុលាការ​ដែល​លោក​យល់ឃើញថា​មិន​ស្របច្បាប់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ដែល​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​សហគមន៍​អន្តរជាតិ​ក៏​គេ​ព្រួយបារម្ភ​ផងដែរ ហើយ​គេច​ង់​ឲ្យ​គណបក្សនយោបាយ​ធំ​ទាំងពីរ​នៅ​ប្រទេស​កម្ពុជា​ជួបចរចា​ដោះស្រាយ​បញ្ហា​។​

​គួរបញ្ជាក់​ថា​ថ្មីៗ​នេះ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​សម្តែង​កង្វល់ អំពី​របាយការណ៍​នៃ​ការបំភិតបំភ័យ ការយាយី និង​ការចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ បុគ្គលិក និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក​គណបក្សជំទាស់​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

13332992_936804529771106_5812885028402077434_n