​គ្រោះ​ពិតជា​មើល​មិន​ឃើញ​មែន! ​២ថ្ងៃ​ហើយ​​មិនអី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ បន្ទាប់​ពី​​កម្មករ​ជាងដែក​ម្នាក់​បាន​ភ្លាត់ ​ត្រូវ​ខ្សែ​ភ្លើង​​ឆក់ ខណៈ​កំពុង​ផ្សាលើ​​ដំបូល​​ផ្ទះមួយកន្លែង​ ក៏​ឆ្លង​ចរន្ត​ភ្លើង​​តាម​ម៉ូ​ទ័​រ​ឆក់​ធ្លាក់​​ពីលើ​​ដំបូល ហើយ​ភ្លាម​ៗ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ដែរ​ តែ​មិន​​ទាន់​ដល់​​ផង ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់យ៉ាងអាណោចអាធ័ម​ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សំ ភក្ត្រា អាយុ​២៧​ឆ្នាំ ជា​ជាង​​ផ្សា​ដែក មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ត្រែង ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា ការ​ជួសជុលផ្ទះ​ខាងលើ គឺ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ចាប់តាំងពី​ថ្ងៃទី១២ មិថុនា មក​​ម្ល៉េះ ។ លុះ​នៅ​​វេលា​កើត​ហេតុ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើដំបូល​ម្នាក់ឯង ដោយ​កាន់​ប្រដាប់ប្រដា​ទៅ​ផ្សា​លើដំបូល​​ ។ ពេល​នោះមិន​ដឹង​​ថា ​ភ្លាត់ស្នៀត​យ៉ាង​ម៉េច ស្រាប់តែ​​​ឆក់​ធ្លាក់​​​ចុះ​មក​ដី​​ បណ្តាលឱ្យ​សន្លប់ ។ ពេល​នោះ​ ទើប​បង្ក​ការ​​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ តែ​អ្វី​ៗ​វា​ហួសពេល​អស់​ទៅ​ហើយ ។

បន្ទាប់​កើត​ឧបទ្ទវ​ហេតុនេះ ត្រូវ​គេ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​មានការ​អាណិតអាសូរ​ដល់​ជន​រង​គ្រោះ បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​លាន​រៀល​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។