យប់ចូល​ដេក​ផ្ទះសំណាក់ ភ្លឺ​ឡើង​ស្រឡាំងកាំង

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​បាន​ចូល​ទៅ​ដេក​ផ្ទះសំណាក់​យីហោ​«​ហេង ហេង ចោម​ចៅ​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាន​ចត​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី​របស់​ខ្លួន​នៅ​មុខ​ផ្ទះសំណាក់ ស្រាប់តែ​ភ្លឺ​ឡើង​ត្រូវ​ចោរលួច​យក​រថយន្ត​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ចាយ ធានី អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​តាក់ស៊ី ភ្នំពេញ​-​ពោធិ៍សាត់ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ ចំណែក​រថយន្ត​របស់​គាត់​ដែល​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ​ម៉ាក​សាំ​យ៉ុ​ង​១២​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0717 ។

មន្ត្រី​នគរបាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ត្រឡប់​មក​ពី​ខេត្តកំពត​ដែល​ជា​ស្រុក​កំណើត​របស់​ប្រពន្ធ​មក​រាជធានី​ភ្នំពេញ ហើយដោយ​សារ​តែ​យប់​ហើយ បុរស​នោះ​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង ហេង ចោម​ចៅ​» ដោយ​បាន​ចត​រថយន្ត​នៅ​មុខ​ផ្ទះសំណាក់​ខាងលើ ផ្ញើរ​សន្តិសុខ​យាម​នៅ​ទីនោះ ប៉ុន្តែ​មិន​មាន​សំបុត្រ​ផ្ញើរ​រថយន្ត​ឡើយ ។ មិនតែប៉ុណ្ណោះ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប ចត​នៅ​ក្បែរ​នោះ​ផង​ដែរ ។ បន្ទាប់​មក​បុរស​នោះ​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​លង់លក់​រហូត​ដល់​វេលា​ម៉ោងជាង​៤​ជិត​ភ្លឺ​ទើប​ភ្ញាក់​ពី​ដំណេក ដើរ​ចេញពី​ក្នុងផ្ទះ​សំណាក់​ក្នុង​បំណង​បន្តដំណើរ​រកស៊ី​ដឹក​ម៉ូយ​ទៀត ស្រាប់តែ​បាត់​រថយន្ត ទើប​មានការ​ភ្ញាក់ផ្អើល ។ ខណៈនោះ​ម្ចាស់ផ្ទះ​សំណាក់​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ហើយ​បានឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ទៅ​ធ្វើ​សកម្មភាព​លួច​រថយន្ត​នោះ ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​នោះ​ដើម្បី​យក​មក​កាត់ទោស​តាម​ច្បាប់ ៕