លើក​ទី​១​មិន​ព្រម​រាង ចាំ​មើល​លើក​ទី​២​រួច រាង​អត់?

ខេត្តកំពង់ឆ្នាំង ៖ ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាបទីតាំង​លេងល្បែង​ស៊ីសង​ដុះ​ស្លែ​មួយ​កន្លែង​​ជា​លើក​ទី​២​បន្ទាប់​ពី​បង្ក្រាប​ម្តង​ហើយ​នៅ​មិន​រាងចាល ដោយ​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន និង​ចាប់​ឃាត់ខ្លួនម្ចាស់ផ្ទះ​ម្នាក់​ផង​ដែរ ។

លោក ពេ​ជ រ៉ី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក ខេត្ត ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ទ្ឋី ស្នងការ​រង​នគរបាល​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោកស្រី សាត ធីតា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ថ្មី ឃុំ​ស្វាយ​ជ្រុំ  ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ដោយ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ទីនោះ​មាន​ភាព​ស្មុគស្មាញ អ្នក​ញៀន​នឹង​ល្បែងស៊ីសង​ខាងលើ​បាន​រត់គេច​ខ្លួន​អស់ ។ ជាល​ទ្ឋ​ផល​យើង​ដកហូត​បាន​សម្ភារ​ជា​វត្ថុ​តាង​រួម​មាន បៀ​២​ហ៊ូ កម្រាល​សម្រាប់​លេង​២ ម៉ូតូ​១២​គ្រឿង រថយន្ត​ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា​១​គ្រឿង ប្រាក់​ខ្មែរ​៩០​ម៉ឺន​រៀល ប្រាក់​ដុល្លា​២២​ដុល្លារ ក្រដាស់​កត់​កន្ទុយលេខ​ឆ្នោត​២​សន្លឹក គ្រាប់​និង​ដងកឺ​ប៊ី​យ៉ា​មួយ​ចំនួន ព្រមទាំង​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ខេ​ង គុណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ផង​ដែរ ។

លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​ថា តាម​ពិត​ទៅ​ផ្ទះ​លេងល្បែង​ស៊ីសង​ខាងលើ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ហៅ​មក​អប់​រំជា​ច្រើន​លើក តែ​នៅ​មិន​ព្រម​ស្តាប់ ក្រោយមក​ក៏​មានការ​បង្ក្រាប​ម្តង​រួច​មក​ហើយ កាលនោះ​ចាប់​ឃាត់ខ្លួន​ឪពុក​ម្ចាស់ផ្ទះ​(​ឪពុក​របស់​ឈ្មោះ ខេ​ង គុណ​) ឈ្មោះ ធី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ លុះ​ក្រោយ​មក​ក៏​បាន​លួច​លេង​ជា​បន្ត​ទៀត ។ ដោយសារ​តែ​ហេតុ​ហើយ ទើប​មានការ​ប្រជុំ​មួយ​ស្ថិត​ក្រោម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​បញ្ជា​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​នេះ​ម្តងទៀត ។

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​ល្បែងស៊ីសង ដូច​ករណី​ខាងលើ​នេះ កន្លង​ទៅ​គឺ​មិន​ទាន់​ឃើញ​មាន​អ្នក​ណា​ម្នាក់​ទទួលទោស​ជាប់​ពន្ធនាគារ​តាម​ច្បាប់​នៅឡើយ​នោះ​ទេ ឃើញ​តែ​អប់រំ ណែនាំ ហើយ​ឲ្យ​ម្ចាស់​មក​បង់​ផាកពិន័យលោះ​យក​ម៉ូតូ​ឡានទៅ​វិញ​តែ​ប៉ុណ្ណោះ ហេតុនេះ​ហើយ​បានជា​អ្នក​ញៀន​ល្បែង​ និង​អ្នក​បើក​ឲ្យ​លេង​ល្បែង​ស៊ី​សង​ទាំងនោះ​មិន​រាងចាល​សោះ​បែប​នេះ ៕