​អ្នក​លក់​អះអាង​ថា ​បន្លែ​ត្រកួន ​កញ្ឆែត ​ពុំ​មាន​នាំ​ចូល​ពី​ក្រៅ​ទេ ​ប៉ុន្តែ​រឿង​ប្រើ​គីមី ​គឺ…(​មាន​វីដេអូ​)​

រាជធានីភ្នំពេញ៖ ទីផ្សារបន្លែត្រកួន និងកញ្ឆែតមានតម្លៃខ្ពស់គួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្នបន្លែទាំងពីរប្រភេទនេះ មានតម្រូវការកាន់តែច្រើនឡើងនៅក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀត បាននាំចេញទៅលក់បន្តនៅតាមបណ្ដាខេត្តផ្សេងៗ ទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកលក់បានអះអាងថា ពុំមានការនាំចូលពីខាងក្រៅនោះទេ គឺមានតែនៅបឹងជើងឯក និងបឹងទំពុនប៉ុណ្ណោះ ដែលជាប្រភពនាំចេញធំៗ។
ប៉ុន្តែជាការព្រួយបារម្ភមួយរបស់អ្នកលក់ និងអ្នកប្រកបរបរដាំបន្លែត្រកួន កញ្ឆែតនេះបានឲ្យដឹងទៀតថា បច្ចុប្បន្នបឹងដ៏ធំជាងគេនៅផ្នែកខាងត្បូងរាជធានីភ្នំពេញនោះ គឺពីបឹងទំពុនទល់បឹងជើងឯក ត្រូវបានរួមតូចជាបណ្ដើរៗ ខណៈដែលតំបន់នោះ ត្រូវបានលប់ដីធ្វើផ្លូវ៦០ម៉ែត្រ (ពីស្ពានអាកាសក្បាលថ្នល់ទល់ក្រុងតាខ្មៅ) និងសាងសង់សំណង់អាគារផ្សេងៗផងដែរ ទើបធ្វើឲ្យការដាំដំណាំទាំងនេះ ប្រមូលផលបានមិនច្រើនដូចកាលពីមុន រីឯតម្លៃលក់នៅលើទីផ្សារក៏បានហក់ឡើងកាន់តែខ្ពស់ជាបន្តបន្ទាប់ដូច្នេះ។
អ្នកលក់ត្រកួន និងកញ្ឆែតជាច្រើននាក់ នៅផ្សារនាគមាស បានលើកឡើងប្រហាក់ប្រហែលគ្នាថា ទីផ្សារបន្លែត្រកួន និងកញ្ឆែត គឺហក់ឡើងខ្ពស់ជាងមុន ដែលមានតម្លៃចាប់ពី២៥០០រៀល ទៅ ៣០០០រៀល ក្នុងមួយគីឡូក្រាម ហើយថ្ងៃខ្លះ ក៏លោតឡើងដល់ ៣៥០០រៀលក៏មានដែរ សម្រាប់បន្លែកញ្ឆែត ចំណែកតម្លៃត្រកួនវិញ ថ្វីត្បិតតែមានតម្លៃទាបជាងបន្លែកញ្ឆែតបន្តិចមែន ប៉ុន្តែបន្លែត្រកួននេះ មានត្រឹមតែ ៣០ភាគរយនៃបន្លែកញ្ឆែតប៉ុណ្ណោះ ដូច្នេះហើយតម្លៃនៅតែខ្ពស់ដដែល មូលហេតុពីបន្លែប្រភេទនេះពិបាកប្រមូលផល និងពិបាកដាំផងដែរ។
លោកស្រី សោភ័ណ្ឌ ជាអ្នកលក់បន្លែកញ្ឆែត និងត្រកួនម្នាក់នៅផ្សារនាគមាស រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុង១ថ្ងៃ គាត់ទទួលទិញបន្លែកញ្ឆែត ត្រកួន ពីបឹងជើងឯក មកលក់បន្តនៅផ្សារនាគមាស ចាប់ពី៥០០គីឡូក្រោម ទៅ១តោន ទៅតាមការប្រមូលផលបានច្រើន ឬតិចពីកសិករ ដោយទិញក្នុងតម្លៃ ២០០០រៀល (កញ្ឆែត) និងលក់ចេញក្នុងតម្លៃ ២៥០០រៀល ទៅ ៣០០០រៀល ប៉ុន្តែតម្លៃនេះមិនស្ថិតស្ថេរទេ ថ្ងៃខ្លះក៏មានតម្លៃទាបជាងនេះ ចំណែកថ្ងៃខ្លះទៀត ក៏ឡើងខ្ពស់ជាងនេះផងដែរ ទៅតាមទីផ្សារច្រើនឬតិច។
អ្នកលក់រូបនេះបានបន្តថា គាត់លក់បន្លែត្រកួន កញ្ឆែតនេះ មិនដែលនៅសល់ទេ ភាគច្រើន គឺលក់អស់ៗតែម្ដង ដោយចាប់ផ្ដើមលក់ពីម៉ោង ៨-៩ព្រឹក ដល់ម៉ោង ២-៣រសៀល ទើបអស់។ អ្នកលក់ខាងលើបានបន្តទៀតថា ទន្ទឹមនឹងការរកស៊ីក្នុងមុខរបរនេះបានកាក់កបនោះ ក៏មានបណ្ដាញសង្គមខ្លះ បានឃោសនាថា បន្លែកញ្ឆែតមានឈ្លើង ឬទាច នៅក្នុងបន្លែនោះ ដើម្បីឲ្យមនុស្សឈប់ទទួលទានកញ្ឆែត ឬត្រកួនផងដែរ ប៉ុន្តែតាមការបកស្រាយរបស់អ្នកលក់រូបនេះ ថាជារឿងមិនពិតឡើយ វាគ្រាន់តែជាព័ត៌មានប្រឌិតឡើងរបស់អ្នករកស៊ីរបរនេះដូចគ្នាប៉ុណ្ណោះ។
ស្ត្រីម្នាក់ទៀតសុំមិនបញ្ជាក់ឈ្មោះ ជាអ្នកយកកញ្ឆែត និងត្រកួនមកលក់ដោយខ្លួនឯងនៅផ្សារនាគមាសនេះដែរបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែឲ្យកូនដឹកបន្លែទាំងពីរប្រភេទនេះ មកបោះដុំឲ្យម៉ូយ ហើយនៅសល់ប៉ុន្មាន គាត់ដាក់លក់រាយដោយខ្លួនឯង ប៉ុន្តែមិនដែលសល់ទេ។ ក្នុងមួយគីឡូក្រាម អ្នកលក់រូបនេះបានបញ្ជាក់ថា បន្លែកញ្ឆែត បើលក់ឲ្យម៉ូយមានតម្លៃ ២០០០រៀល តែបើលក់រាយធម្មតា មានតម្លៃ ២៨០០រៀល ទៅ៣០០០រៀល ចំពោះត្រកួនលក់ក្នុងតម្លៃ ១៥០០រៀល ទៅ១៨០០រៀល។
គួរបញ្ជាក់ថា នេះគ្រាន់តែជាលើកឡើងរបស់អាជីវករចំនួនពីរនាក់ ដែលប្រកបរបរលក់ត្រកួន និងកញ្ឆែត នៅផ្សារនាគមាសជាប្រចាំថ្ងៃប៉ុណ្ណោះ ចំណែកឯជីវិតអ្នកដាំបន្លែត្រកួន និងកញ្ឆែតនៅបឹងជើងឯកឯណោះនោះវិញ ថាតើមានលក្ខណៈយ៉ាងណា ហើយទទួលបានចំណូលប្រចាំថ្ងៃប៉ុន្មាន និងធ្វើយ៉ាងម៉េចខ្លះ ទើបបញ្ជូនមកដល់ទីផ្សារ ដើម្បីចែកចាយបន្តនោះ គឺមាននៅក្នុងវីដេអូខាងក្រោមនេះទាំងអស់ ដូច្នេះប្រិយមិត្ត និងទស្សនិកជន អាចបន្តការទស្សនាជាមួយវីដេអូខាងក្រោម ដើម្បីទទួលជ្រាបនៅព័ត៌មាននេះ កាន់តែបានគ្រប់ជ្រុងជ្រោយផងដែរ៕

ប្រភព៖ kqube

  • ​អ្នក​លក់​អះអាង​ថា ​បន្លែ​ត្រកួន ​កញ្ឆែត ​ពុំ​មាន​នាំ​ចូល​ពី​ក្រៅ​ទេ ​ប៉ុន្តែ​រឿង​ប្រើ​គីមី ​គឺ…(​មាន​វីដេអូ​)​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: