ISIS​ បញ្ចេញ​វីដេអូ​របស់​ឃាតក​សម្លាប់​អធិការ​ប៉ូលិស​ បារាំង​ កាល​ពីម្សិលមិញ​

បុរសជនជាតិ បារាំង ឈ្មោះ ឡារ៉ូស៊ី អាប់បាឡា (Larossi Abballa) ដែលប្រកាសខ្លួនគាំទ្រក្រុម ISIS និងជាអ្នកបានចាក់សម្លាប់អធិការប៉ូលិស បារាំង និងភរិយាកាលពីម្សិលមិញ និយាយក្នុងវីដេអូ ដែលចុះផ្សាយតាមអ៊ីនធឺណិត ដោយបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានទ្វីបអឺរ៉ុប នឹងជាពេលដែលមានមនុស្សស្លាប់ច្រើនបំផុត ។
វីដេអូដែលចុះផ្សាយដោយគេហទំព័រ អាម៉ាក់ (Amaq) ដែលជាប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់ ISIS បានចេញផ្សាយវីដេអូរបស់ អាប់បាឡា ដែលនិយាយថា “អ្នកទាំងឡាយនឹងជួបរឿងភ្ញាក់ផ្អើលជាច្រើនទៀត ក្នុងអំឡុងការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ហើយ យូរ៉ូ នឹងជាទីលានកប់សាកសពរបស់អ្នក” ។ឡារ៉ូស៊ី អាប់បាឡា បានប្រើកាំបិតចាក់សម្លាប់អធិការប៉ូលិស បារាំង ឈ្មោះ ហ្សង់ បាបទីស សាលវ៉េង នៅមុខផ្ទះ មុនពេលសម្លាប់ភរិយារបស់ប៉ូលិសក្នុងផ្ទះ នៅជាយក្រុង ប៉ារីស ចំណែកឃាតកត្រូវបានកងកុម្ម៉ង់ដូ បាញ់សម្លាប់ ក្រោយពីចរចាមិនបានសម្រេច ។
ឡារ៉ូស៊ី អាប់បាឡា អាយុ ២៥ ឆ្នាំ មានដើមកំណើតពីប្រទេស ម៉ារ៉ុក ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ ២០១៣ ពីបទជួយជីវពល ISIS ដើម្បីធ្វើដំណើរទៅប្រទេស ប៉ាគីស្ថាន និងស្ថិតក្រោមការតាមដានរបស់ភ្នាក់ងារសន្តិសុខ ។ក្នុងពេលកំពុងចរចា, ឃាតកនិយាយប្រាប់ប៉ូលិសថា រូបគេបានយល់ព្រមតាម អាប៊ូ បាកា អាល់-បាដាឌី ដែលជាមេដឹកនាំ ISIS ក្នុងប្រទេស អ៊ីរ៉ាក់ ដែលបានស្នើឲ្យរូបគេសម្លាប់មនុស្សក្រៅសាសនារបស់ ISIS ក្នុងប្រទេស បារាំង ៕

ប្រភព៖ kqube

  • ISIS​ បញ្ចេញ​វីដេអូ​របស់​ឃាតក​សម្លាប់​អធិការ​ប៉ូលិស​ បារាំង​ កាល​ពីម្សិលមិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: