សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អាល្លឺម៉ង់​ធ្វើការ​កែទម្រង់​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ត្រូវ​យល់​ពី​អង្គហេតុ​ និង​អង្គច្បាប់​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អាល្លឺម៉ង់​ធ្វើការ​កែទម្រង់​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ត្រូវ​យល់​ពី​អង្គហេតុ​ និង​អង្គច្បាប់​



ភ្នំពេញ ​៖​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​អាល្លឺម៉ង់ ថា​ បុគ្គល​ធ្វើ​ខុស​មិន​គួរ​យក​អង្គការ​ចាត់តាំង​នយោបាយ ឬ អង្គការក្រៅរដ្ឋាភិបាល​មក​ធ្វើជា​អាវ​ក្រោះ​នោះ​ទេ។ ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើ​ទៅកាន់​លោក​រដ្ឋមន្ត្រី និង ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា​ធ្វើការ​កែទម្រង់​ស្តីពី​ការ​ទទួល​ព័ត៌មាន ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​អង្គហេតុ និង អង្គច្បាប់​ឲ្យ​បាន​ច្បាស់ លាស់​ជុំវិញ​ព័ត៌មាន​ដែល​ទទួល​បាន។

លោក Gerd Moller រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​អាល្លឺម៉ង់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​ដើម្បី​ពិនិត្យមើល​កិច្ច​សហប្រតិបត្តិការ​វាង​កម្ពុជា​និង​អាល្លឺម៉ង់ និង ដើម្បី​ជួប​ជាមួយ​គណបក្សប្រឆាំង​ក្នុង​បំណង​ស្វែងយល់​ពី​ស្ថានភាព​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ននេះ។ លោក Gerd Moller ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សម្ដែង​ការគួរ​សមជា​មួយ​សម្ដេច​អគ្គ​មហាសេនា​បតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៥​ខែ ​ខែ​មិថុនា នេះ​ នៅ​វិមាន​សន្តិភាព​ទីស្ដីការ​នាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​លោក Gerd Moller រដ្ឋមន្ត្រីក្រសួង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ជម្រាប​សម្ដេច​តេ​ជោ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុ​ជានា​ពេលនេះ​ គឺ​ដើម្បី​ពិនិត្យ​មើល​កិច្ច​សហប្រតិបត្តិការ​វាង​កម្ពុជា​ និង​អាល្លឺម៉ង់​ និង​ដើម្បី​ជួប​ជាមួយ​គណបក្សប្រឆាំង ក្នុង​បំណង​ស្វែងយល់​ពី​ស្ថានភាព​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក ម៉ូ​ល័​រ បាន​បន្ត​ថា រយៈពេល ២៥ ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មានការ​អភិវឌ្ឍ​កាន់​តែខ្លាំង​ឡើង ហើយ​កម្ពុជា​ក៏​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​និង​កំណើន​សេដ្ឋកិច្ច​។ លោក​បាន​បន្ថែម​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាល្លឺម៉ង់​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ល្អ​ ហើយ​អាល្លឺម៉ង់​ និង​កម្ពុជា​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជំរុញ​ការ​ធ្វើ​វិមជ្ឈការ​ឲ្យ​ច្រើន​ទៅតាម​ជនបទ​ ដោយ​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ទៅលើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង ចូល​រួមគ្នា​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​អាល្លឺម៉ង់​ ដែល​បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ ច្បាប់ វិមជ្ឈការ និង វិសហមជ្ឈការ ​ដែល​កម្ពុ​ជា​កំពុង​ទទួល​បាន​ផល​ពី​ការកែទម្រង់​ទាំងនេះ ហើយ​ភាព​ក្រីក្រ​ក៏​ត្រូវ​បាន​កាត់បន្ថយ​ផង​ដែរ។ សម្ដេច​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ ហើយ​សុំ​ឲ្យ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ។

ពាក់ព័ន្ធ​បញ្ហា​គណបក្សប្រឆាំង​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅ​កាន់​រដ្ឋមន្ត្រី​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ថា បុគ្គល​ដែល​ធ្វើ​ខុស​មិន​គួរ​យក​គណបក្ស ឬ ក៏​យក​អង្គការក្រៅរដ្ឋាភិបាល​មក​ធ្វើជា​អាវ​ក្រោះ​ការពារ​ខ្លួន​នោះ​ទេ។ សម្ដេច​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់ និង ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ​​ធ្វើ​ការកែទម្រង់​ស្តីពី​ការ​ទទួល​ព័ត៌មាន​របស់​ខ្លួន ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​អង្គហេតុ និង អង្គច្បាប់​​ជុំវិញ​ព័ត៌មាន​ដែល​ទទួល​បាន៕
សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អាល្លឺម៉ង់​ធ្វើការ​កែទម្រង់​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ត្រូវ​យល់​ពី​អង្គហេតុ​ និង​អង្គច្បាប់​