៧ វិធី ជួយបង្កើនការចងចាំ របស់កូនលោកអ្នក ឱ្យប្រសើរជាងមុន!

ការចងចាំ ជារឿងដ៏សំខាន់មួយ​​ នៅក្នុងការរៀន និងយល់ដឹងរបស់ក្មេងៗ ហើយពួកគេអាចមានការចងចាំល្អបាន គឺអាស្រ័យលើកត្តាជាច្រើនយ៉ាងគួបផ្សំគ្នា។

យោងតាមការសិក្សាស្រាវជ្រាវរបស់ Hi-Q Dream Discovery បានបង្ហាញថា ការហ្វឹកហាត់ឱ្យកូនមានការចងចាំនៅក្នុងរយៈពេលខ្លី (ដូចជាការចាំមុខ ឬការចាំឈ្មោះ) គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់មួយ សម្រាប់ជួយកសាងភាពឆ្លាតវៃឱ្យពួកគេ។ ជាពិសេសនឹងអាចជួយឱ្យក្មេងចេះដោះស្រាយបញ្ហាបានភ្លាមៗ ទោះបីជាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

ដូច្នេះការបណ្តុះភាពចងចាំឱ្យកូនពីកុមារភាព នឹងធ្វើឱ្យខួរក្បាលគេមានភាពរស់រវើកជានិច្ច។ខាងក្រោមនេះជាវិធីសាស្រ្តទាំង៧យ៉ាង ដែលអាចជួយបុត្រធីតារបស់លោកអ្នកឱ្យមានការចងចាំល្អប្រសើរ៖

១. ហ្វឹកហាត់ឱ្យកូនសម្លឹងមើលរបស់នៅជុំវិញខ្លួនដោយប្រើរូបភាព៖ អ្នកគួរបិទរូបផ្ទាំងគំនូរ ឬរូបតុក្កត្តា ព្រមទាំងរូបភាពផ្សេងៗ ដែលកូនលោកអ្នកចូលចិត្តមើលនៅលើជញ្ជាំងផ្ទះ ឬពិដាន ឬកន្លែងណាមួយ ដែលអាចឱ្យកូនអ្នកមានភាពងាយស្រួលក្នុងការក្រឡេកមើល។ ធ្វើដូច្នេះនឹងជួយឱ្យក្មេងឆាប់ចាប់បាន និងបង្កើនការចងចាំបានជារៀងរាល់ថ្ងៃទៅតាមអ្វីៗ ដែលពួកគេស្រឡាញ់ពេញចិត្ត។ ក្រៅពីនេះអ្នកក៏អាចបបួលកូនស្តាប់វិទ្យុ ហើយឱ្យគេប្រើការស្រមើលស្រមៃគិតទៅដល់រូបភាពទៅតាមអ្វីដែលគេបានឮ  ឬក៏ឧស្សាហ៍និទានរឿងឱ្យកូនស្តាប់មុនពេលចូលគេងនោះ ហើយបន្ទាប់មកឱ្យពួកគេ អ​ធិប្បាយចេញជារូបភាព  ឬធ្វើការគូសជារូបភាពទៅតាមសាច់រឿងដែលអ្នកកំពុងតែនិទានឱ្យអ្នកស្តាប់វិញម្តង។ វិធីនេះអាចជួយហ្វឹកហាត់សមត្ថភាពឱ្យពូកែឡើងជាជារៀងរាល់ថ្ងៃ។ 

២. ចាក់បទចម្រៀង ឬនិយាយពាក្យជួនពិរោះៗឱ្យកូនស្តាប់៖ ពាក្យពេចន៍នៅក្នុងបទចម្រៀង ឬពាក្យជួនពិរោះ ដែលអ្នកតែងតែឱ្យកូនៗស្តាប់ជារឿយៗ មិនថានៅផ្ទះ ឬពេលទៅដើរលេងកម្សាន្តនៅកន្លែងនានានោះទេ នឹងអាចជួយបង្កើនការចងចាំពាក្យថ្មីៗល្អៗឱ្យពួកគេ បានតាមរយៈការស្តាប់។

៣. ផ្លាស់ប្តូរឱ្យកូនធ្វើជាគ្រូបង្រៀនឪពុកម្តាយវិញម្តង៖ ជាទូទៅឪពុកម្តាយ តាយាយ អ៊ំពូមីង បងប្អូន មិត្តភក្តិ គ្រូនៅសាលា និងមនុស្សនៅជុំវិញខ្លួនក្មេងៗ សុទ្ធសឹងតែជាគ្រូបង្រៀនដ៏ល្អទាំងអស់។ សូមព្យាយាមផ្លាស់ប្តូរចរិតកូនលោកអ្នក ឱ្យក្លាយជាអ្នកបង្រៀនវិញម្តងទៅមើល៍ ដោយក្រោយត្រឡប់មកពីសាលារៀន ឬពេលទំនេរក្តី អ្នកអាចសាកល្បងសួរសំណួរ ​ ឬក៏ឱ្យកូនធ្វើជាអ្នកបង្ហាត់បង្រៀនមេរៀ នដែលពួកគេបានរៀនមកពីសាលាដល់អ្នក។ ដូចជាសួរថា តើនៅថ្ងៃនេះគ្រូបង្រៀនពីអ្វី? ឬកូនចេះអ្វីខ្លះនៅថ្ងៃនេះ ជាដើម។ បន្ទាប់មកឱ្យកូនអ្នករៀននិយាយពីរឿងនោះ សាឡើងវិញ ឬពន្យល់ឪពុកម្តាយបានយល់។ ធ្វើបែបនេះនឹងជួយឱ្យកូនអ្នក មានទំនួលខុសត្រូវខ្ពស់  និងមានមោទនភាពយ៉ាងខ្លាំងចំពោះខ្លួន។

៤. ការលេងហ្គេមផ្សេងៗដែលទាក់ទងនឹងការចងចាំ៖ ការលេងហ្គេមមិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ នៅក្នុងពិភពលោកនេះ មានហ្គេមជាច្រើនដែលអាចធ្វើឱ្យរំសាយអារម្មណ៍តានតឹង ធុញថប់បានយ៉ាងល្អប្រសើរ។ ពិសេសហ្គេមមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាក៏បានផ្តល់នូវចំណេះដឹង  និងជួយបង្កើននូវការចងចាំឱ្យខួរក្បាលបានយ៉ាងអស្ចារ្យថែមទៀតផង។ អ្នកអាចលើកឧទហរណ៍យកហ្គេមងាយៗ មកបង្រៀនកូនបានដូចជា៖ ហ្គេមទាយរូបភាព ឬទាយអក្សរនៅក្នុងប័ណ្ណ ល្បែងប៊ីងហ្គោ  ប្រស្នា  និងហ្គេមប្លែកៗជាច្រើនមុខទៀត ដើម្បីអភិវឌ្ឍន៍ការចងចាំ។

៥. ទម្លាប់ឱ្យកូនរៀនសសេរសៀវភៅកំណត់ត្រា៖ ការប្រើសៀវភៅកំណត់ត្រា ឬកំណត់ហេតុ ដើម្បីកត់ត្រារឿងដែលបានកើតឡើង ជាទិចនិកនៃការរៀបរៀងគំនិត និងជាការរៀបចំចងក្រងនូវកម្រងរូបភាពមួយប្រភេទ ដែលអាចជួយឱ្យក្មេងបានបង្កើតនូវសមាធិ ដើម្បីផ្តោតអារម្មណ៍ធ្វើរឿងដែលបានកើតឡើង ជារៀងរាល់ថ្ងៃដោយខ្លួនឯងប្រកបទៅដោយសេចក្តីសុខ។

៦. ប្រើការចងចាំដោយប្រើអារម្មណ៍៖ បង្ហាត់បង្រៀនកូនលោកអ្នក ប្រើអារម្មណ៍តភ្ជាប់ទៅនឹងការចងចាំរបស់ពួកគេ។ ឧទាហរណ៍ដូចជា៖ កាលពីឆ្នាំទៅ អ្នកបាននាំគេធ្វើដំណើរកម្សាន្តទៅលេង នៅខេត្តមួយក្នុងរដូវរងា។ អ្នកបានឱ្យគេពាក់អាវរងាពីរជាន់ដើម្បីឱ្យកក់ក្តៅ ប៉ុន្តែគេប្រកែកមិនពាក់ទេព្រោះថា អាវរងានោះធំ ក្រាស់ ហើយធ្ងន់ថែមទៀតផង។ ទីបំផុតគេក៏បានសម្រេចចិត្តដោះអាវចេញពីខ្លួនទាំងអស់​ហើយរត់លេងឱ្យបែកញើសវិញកុំឱ្យរងារ។ នៅឆ្នាំបន្ទាប់មកឱ្យតែដល់រដូវរងា អ្នកក៏បានរំលឹករឿងនេះឱ្យគេស្តាប់ជារៀលរាល់ឆ្នាំ រហូតដល់កូនអ្នកធំពេញវ័យ ក៏គេនៅតែចងចាំរឿងនេះមិនភ្លេចដែរ។

៧. បង្រៀនកូនគេងឱ្យបានគ្រប់គ្រាន់៖ ការគេងសម្រាកគ្រប់គ្រាន់ក៏ជាផ្នែកមួយដែលអាចជួយជម្រុញនូវស្មារតី សតិអារម្មណ៍ និងការចងចាំរបស់កូនលោកអ្នក បានយ៉ាងល្អប្រសើរដែរ។ អ្នកគួរបង្កើតទម្លាប់  និងបង្រៀនពួកគេ ឱ្យឆាប់ចូលគេងពីព្រលប់ និងភ្ញាក់ពីគេងនាពេលព្រលឹមឱ្យបានទាន់ពេលវេលា។  ក្រៅពីនេះការបង្ហាត់ឱ្យកូនចេះគេងនៅពេលថ្ងៃត្រង់ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់រួច ក៏ជួយឱ្យក្មេងមានសុខភាពល្អ និងមានការចងចាំកាន់តែពូកែដែរ។

ដូច្នេះប្រសិនបើអ្នកអាចធ្វើរឿងទាំងនេះជាប្រចាំបាន កូនលោកអ្នកនឹងក្លាយទៅជាមនុស្សដែលមានការចងចាំខ្ពស់  និងឆ្លាតវៃនៅថ្ងៃអនាគតជាក់ជាមិនខាន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៧ វិធី ជួយបង្កើនការចងចាំ របស់កូនលោកអ្នក ឱ្យប្រសើរជាងមុន!

៧ វិធី ជួយបង្កើនការចងចាំ របស់កូនលោកអ្នក ឱ្យប្រសើរជាងមុន!

៧ វិធី ជួយបង្កើនការចងចាំ របស់កូនលោកអ្នក ឱ្យប្រសើរជាងមុន!