ថ្ងៃនេះខួបលើកទី៥៤ កម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ

(ភ្នំពេញ)៖ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០១៦នេះ គឺ​ជា​ខួប​លើក​ទី​៥៤ ឆ្នាំ​ហើយ ដែល​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ដែល​អំណាច​សាលដីកា​កាល​ពី ៥៤​ឆ្នាំ​មុន​នោះ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ឲ្យ​ភាគី​ថៃ ត្រូវ​តែ​ដក​យោធា​ និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់​ខ្លួន​ ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ប្រាសាទ​ព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។

សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាល​ពីឆ្នាំ១៩៦២ បាន​ទុក​ពេល១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ាបើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​ បាន​ចូល​ជា​ស្ថាពរ គឺ​ភាគី​ថៃ ពុំ​បាន​តវ៉ា​អ្វី​ឡើយ។ ទាក់ទិន​រឿង​នេះ ក្នុង​កិច្ចប្រជុំ​សភា​ថៃ កាល​ពី​ឆ្នាំ​២០០៨ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែង​ថា ក្នុង​ចន្លោះ​នៃ​អំណាច​សាលដីកា​នេះ គឺ​​ពុំ​មាន​អ្នក​នយោបាយ​ថៃ តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ម្ដង​ណា​ឡើយ។ រី​ឯ​ទង់ជាតិ​របស់​កម្ពុជា​វិញ បាន​ដាក់​លើ​ប្រាសាទ​ព្រះវិហារ​នេះ ជាយូរឆ្នាំមកហើយដែល​ពុំ​មាន​ការ​តវ៉ា​អ្វី​សោះ។

ផ្អែក​តាម​យុត្ថាធិការ​នៃ​អំណាច​សាលដីកា​នេះ គឺ​ក្នុង​ចន្លោះ​នៃ​ការ​មិន​តវ៉ា បាន​ន័យ​ថា ភាគី​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​គឺ​ជា​ម្ចាស់​ដោយ​ស្របច្បាប់។ ក្នុង​រយៈពេល ៤០​ឆ្នាំ​ក្រោយ​ទើប​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ក្រឡា ជា​ឯកតោ​ភាគី ដោយ​ចាត់​ទុក​ថា ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ថៃ។ ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ម្ដង​ទៀត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃមួយចំនួន បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរមួយរយៈពេលខ្លី។

ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​កើត​ឡើង​ជាថ្មី នៅ​ពេល​ភាគី​ថៃ បាន​ចូល​​ឈ្លានពាន​នៅ​ឆ្នាំ​២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង្ខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២ ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា ទទួល​បាន​ជ័យជំនះ​ម្ដង​រួច​មក​ហើយ កាល​ពីជាង៥០ឆ្នាំ​មុន ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏​បាន​ប្រកាស​សាលដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ភ្លាម​ដែរ ក្រោយ​ពេល​តុលាការ​នេះ​បាន​បើក​សវនាការ ​ស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ដោយ​អំណាច​សាលដីកា​នេះ គឺ​តុលាការ​បាន​បង្គាប់​ឲ្យ​ថៃ​ ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថ្ងៃនេះខួបលើកទី៥៤ កម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ

ថ្ងៃនេះខួបលើកទី៥៤ កម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ

ថ្ងៃនេះខួបលើកទី៥៤ កម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ

ថ្ងៃនេះខួបលើកទី៥៤ កម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ