ថ្ងៃ​ទី​១៥​មិថុនា រំលឹក​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ស្ដី​ពី​ប្រាសាទ​ព្រះ​វិហារ

១៥មិថុនា១៩៦២ – ១៥មិថុនា២០១៥។ ថ្ងៃទី១៥មិថុនានេះ គឺជាខួបទី៥៣ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។

ថ្ងៃ​ទី​១៥​មិថុនា រំលឹក​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ស្ដី​ពី​ប្រាសាទ​ព្រះ​វិហារ

នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដី។ កម្ពុជានិងថៃ បានលើកឡើងនូវទឡ្ហីកររៀងៗខ្លួន ដើម្បីបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។ កម្ពុជាបានលើកយក ផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

ចំណែកភាគីថៃក៏បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលលើកឡើងដោយកម្ពុជា។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងនៅក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែន នៅតំបន់ដងរែក គឺត្រូវយកតាម ខ្សែបែងចែកផ្លូវទឹក។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។

យ៉ាងណាក៏ដោយ នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានច្រានចោលការលើកឡើងរបស់ភាគីថៃ ដែលបានលើកឡើងពីមាត្រា ១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤។ បើតាមតុលការក្រុងឡាអេ មាត្រា១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ក៏ប៉ុន្តែ នៅក្នុងមាត្រា ៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដនឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម។ នៅតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង។ ដូច្នេះ គេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេ។

តាមរយៈហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។ ដោយយោងទៅលើខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា៖
·        ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
·        ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
·        ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ៕

ប្រភពៈ RFI