ថ្ងៃទី​១៥​ខែមិថុនា​នេះ កាលពី​៥៤​ឆ្នាំមុន កម្ពុជា​ឈ្នះក្តី​លើ​ថៃ​រឿង​ប្រាសាទព្រះវិហារ​ និពន្ធដោយ : ថ្មីៗ       June-15-2016, 11:32 am         537

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថ្ងៃទី​១៥​ខែមិថុនា​នេះ កាលពី​៥៤​ឆ្នាំមុន កម្ពុជា​ឈ្នះក្តី​លើ​ថៃ​រឿង​ប្រាសាទព្រះវិហារ​​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​១៩៦២ ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៦​នេះ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចាស់​របស់​ខ្មែរ​មួយ​នេះ មាន​រយៈពេល​៥៤​ឆ្នាំ​ហើយ​។

​ដើម្បី​រម្លឹក​ខួប​៥៤​ឆ្នាំ​នៃ​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ ស៊ន សំណាង បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា កាលពី​ថ្ងៃទី​៦​តុលា​១៩៥៩ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ពាក្យបណ្ដឹង​ទៅ​​តុលាការអន្ដរជាតិ  (Cour Internationale de Justice/International Court of Justice)​។ ពាក្យបណ្ដឹង​កាលនោះ មាន​ជាង​១០​ទំព័រ​។ ក្រោយពី​បានបង្ហាញ​អំពី​​មូលហេតុ​សព្វគ្រប់ ពាក្យបណ្តឹង​បានស្នើ​សុំឱ្យ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ដូចតទៅ​៖

​ទី​១៖ ស្នើឱ្យ​រាជាណាចក្រ​ថៃ ដក​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដែល​ចូល​មកកាន់​កាប់​ប្រាសាទព្រះវិហារ តាំងពី​ឆ្នាំ​១៩៥៤​នោះ ចេញពី​ប្រាសាទព្រះវិហារ និង ទី​២៖​ស្នើថា អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិ​របស់​រាជា​ណា​ចក្រ​កម្ពុជា​។ ពាក្យបណ្ដឹង​នោះ​មានភ្ជាប់​នូវ​ឯកសារ​«​ឧបសម្ព័ន្ធ​» ​ជាច្រើន ហើយ​ឧ​បស​ម័​ន្ធ​ដែល​សំខាន់​ជាងគេ​បំផុត​នោះ​គឺ «​ផែនទី​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន រវាង​ឥណ្ឌូចិន​និង​សៀម​» ​ដែល​ហៅថា “​ផែនទី​ឧបសម្ព័ន្ធ​១” (Annex I Map)​។​

​រឿងក្ដី​ទាក់ទង​ទៅនឹង​ប្រាសាទព្រះវិហារ​ប្រ​ព្រឹ​ត្ដទៅ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ហើយ​នៅ​ទីបញ្ចប់ នៅ​ថ្ងៃទី​១៥ មិថុនា ១៩៦២ តុលាការអន្ដរជាតិ​ក្រុងឡាអេ ប្រទេស​​ហូ​ឡង់ បានសម្រេច​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​ជ័យជម្នះ​។ លោក ស៊ន សំណាង បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​បាយ័ន​ថា មាន​កត្តា​សំខាន់​៣​យ៉ាង​ដែល​នាំ​ឲ្យ​កម្ពុជា​ឈ្នះក្ដី​នេះ​។ ទី​១ គឺ​កម្ពុ​ជាមាន​ភស្តុតាង​ផែនទី​ឧបសម្ព័ន្ធ​១(​ផែនទី​ដងរែក​)​។ ទី​២ គោលការណ៍​និរន្ត​ភាព​នៃ​រដ្ឋ មានន័យថា កម្ពុ​ជាមាន​សិទ្ធិ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ក្រោយពេល​បារាំង​ផ្ទេរអំណាច​ឲ្យ​កម្ពុជា​វិញ ហើយ​បារាំង​លែង​ជា​អាណាព្យាបាល​កម្ពុជា​ទៀត និង​ទី​៣ គឺ​ដោយសារ​គោលការណ៍​នៃ​ការគោរព​ពាក្យសម្តី មានន័យថា ភាគី​ថៃ​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​កាលពី​ឆ្នាំ​១៩០៤ ក្នុងន័យ​គោរព​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​៕