អ្នកបញ្ចូលសំឡេងទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខ្ទេចជើងទាំង២

រាជធានីភ្នំពេញ  ៖ ​លោកម៉ៅ ញ៉ ជា​អ្នក​បញ្ចូល​សំឡេង​​ខ្សែ​ភាព​យន្ត​ប្រចាំ​ស្ថា​នី​យ​ទូរ​ទស្ស​ន៍​កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ បាន​ជួប​​​គ្រោះ​ថ្នាក់​​យ៉ាងធ្ងន់ធ្ងរ ​​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ ដោយ​ត្រូវ​​​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​មួយគ្រឿង បើក​​កិន​​ខ្ទេច​ជើង​ទាំង២ ​។

​​​ខណៈ​ពេល​ដែល​​​លោក​ជិះ​ម៉ូតូ​១​គ្រឿង​​ចេញពីផ្ទះ ឆ្ពោះទៅ​កាន់​កន្លែងធ្វើការ ហើយ​​ជែង​រថយន្ត​ដឹក​ដី​១​គ្រឿង​នោះ ​ប៉ុន្តែ​ជែង​មិន​ផុត វាក់​​ជាមួយ​ពំនូកដី ដែល​គេ​​ចាក់​គរ​ទុក​ ដើម្បី​ធ្វើ​សួនច្បារ គាត់ក៏​​គេច​ពំនូក​​ដីនោះ​​​ប៉ះ​​ដៃ​ចង្កូតជាមួយ​កង់​ក្រោយ​រថយន្ត​ខាង​លើ បណ្ដាល​ឱ្យ​​ដួល​ខ្ទាត​ចូល​ក្រោម​​កង់​រថយន្ត​​តែម្តង ។

​ហេតុការណ៍​នេះ​​កើតឡើង កាលពី​វេលា​​ម៉ោង០​៧ ​និង​២០​នាទី​ព្រឹកថ្ងៃ​ទី​១៥ ​មិថុនា ​២០១៦ ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ភូមិ​បា​គូ សង្កា​ត់ង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​ ។

តាម​​ប្រភព​ឱ្យដឹង​ថា លោក​ម៉ៅ ញ៉ អាយុ​៦៥​ឆ្នាំ ជា​អ្នក​បញ្ចូលសំឡេងឱ្យ​ខ្សែភាពយន្ត​ប្រចាំ​ស្ថា​នី​ទូរទស្សន៍កងយោធពលខេម​រ​ភូមិន្ទ​​ប៉ុស្ដិ៍​លេខ​៥ មាន​ទីលំនៅ​ក្នុងភូមិ​​រ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ ​​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CD-5072 រង​របួស​បាក់ជើង​ខ្ទេច​ទាំង​២​ដូច​សាច់​ចិញ្ច្រាំ​អ៊ីចឹង​ ។

ដោយឡែក​ រថយន្ត​បែន​ដឹក​ដី​ម៉ាក​FUSO​ ពណ៌​លឿង ​ប្រភេទ​យី​ឌុ​ប ពាក់​ស្លាក​លេខព្រះ​សីហ​នុ​3A-2318 បើក​​ដោយ​ឈ្មោះសុ​ប សា​រុំ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្នៅ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ​ត្រូវ​​ប៉ូលិស​ឃាត់ខ្លួន​​បាន ខណៈ​​ព្យាយាម​បើក​រត់​ដល់​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​ ។ ​