នេ​ប៉ា​ល់​​ស្វែង​យល់​​បទ​ពិសោធន៍​នយោបាយ​បង្រួបបង្រួម​ជាតិ​​នៅ​​កម្ពុជា

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​មួយ​ក្រុម​របស់​ប្រទេស​នេ​ប៉ា​ល់ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​បទ​ពិសោធន៍​នយោបាយ​បង្រួបបង្រួម​ជាតិ ដែល​ប្រទេស​កម្ពុជា អនុវត្ត​ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​ទៅ ។

គណៈ​ប្រតិភូ​នោះ ដឹកនាំ​ដោយ​លោក​បណ្ឌិត Narendra Man Shrestha លេខាធិការ​នៃ​គណកម្មការ​ស្វែងរក​ការ​ពិត ​និង​បង្រួប​បង្រួម​ជាតិរបស់​ប្រទេស​នេ​ប៉ា​ល់ ហើយ​គណៈ​ប្រតិភូ​​ក៏​បាន​ចូល​ជួប​ពិភាក្សា​ស្វែង​យល់​បទ​ពិសោធន៍​នេះ ជាមួយ​លោក​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការគណរដ្ឋ
មន្ត្រី ។

លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែង​បញ្ជាក់​ថា បទ​ពិសោធន៍​នៃ​នយោបាយ​បង្រួបបង្រួម​ជាតិនោះ ​គឺ​សំខាន់​បំផុត​​ការ​ផ្តល់​អត្ថប្រយោជន៍​ពិតប្រាកដ​ ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា ។ អត្ថប្រយោជន៍​នោះ ​គឺ​ទទួល​បាន​តាម​រយៈ​​កត្តា​សន្តិភាព ស្ថេ​រ​ភាព​​នយោបាយ និង​នយោបាយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​ទាំងមូល​ទទួល​បាន​គ្រប់​ៗគ្នា ។

​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​​កម្ពុជា បាន​ចាប់ផ្តើម​នយោបាយ​បង្រួបបង្រួម​ជាតិ និង​អភិវឌ្ឍន៍​ប្រទេស​តាំងពី​បាតដៃ​ទទេ ចាប់ពី​ការ​ដួល​រលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ពត ។ លោក​បន្ត​ថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​១៩៨៩ យើង​ខិតខំ​កសាង​ប្រទេស​ផង ការពារ​មិន​ឲ្យ​របប​ប៉ុ​ល​ពត​វិល​មក​វិញ​ផង រួម​ទាំង​ប្រឈម​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សាកលលោក​ថែម​ទៀត ។ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន គឺ​នៅ​ឆ្នាំ​​១៩៨៧ យើង​បាន​ខិតខំ​ប្រើប្រាស់​នយោបាយ​បង្រួបបង្រួម​ជាតិ រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារី​ស នា​ថ្ងៃ​ទី​២៣ ​តុលា ឆ្នាំ​១៩៩១ និង​មានការ​បោះ​ឆ្នោត​នា​ឆ្នាំ​១៩៩៣ ក្រោម​ការ​រៀបចំ​ដោយ​ផ្ទាល់​ពី​អង្គការសហប្រជាជាតិ ។