មេដឹកនាំ​អ៊ីរ៉ង់​គំរាម​លុប​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើ​ប្រធានាធិបតី​អាមេរិក​ថ្មី​បំពាន​ការសន្យា​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-15-2016, 3:39 pm         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេដឹកនាំ​អ៊ីរ៉ង់​គំរាម​លុប​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើ​ប្រធានាធិបតី​អាមេរិក​ថ្មី​បំពាន​ការសន្យា​​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​អះអាងថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សម្រេចបាន​កាលពី​ខែកក្កដា​ឆ្នាំមុន​ជាមួយ​មហាអំណាច ៥ បូក​មួយ បើសិនជា​ប្រធានាធិបតី​អាមេរិក​ថ្មី​បំពាន​កិច្ចព្រមព្រៀង​នេះ​មុន​។ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើងថា​លោក​នឹង​ចរចា​បង្កើត​ព្រមព្រៀង​ថ្មី​វិញ​បើ​លោក​ជាប់ឆ្នោត​។​

​ការផ្លាស់ប្តូរ​មេដឹកនាំ​នៅ​សហរដ្ឋអាមេរិក​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី គោលនយោបាយ​អាមេរិក​ចំពោះ​អ៊ីរ៉ង់​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​។ ហើយ​បើសិន​មេដឹកនាំ​ថ្មី​របស់​អាមេរិក​ជា លោក ដូ​ណា​ល់ ត្រាំ ទៀត កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​និង​នយោបាយ​ស្តារ​ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់​នឹងត្រូវ​លុបចោល​តែម្តង​។

​កាលពី​ឆ្នាំមុន​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវបាន​មហាអំណាច​៥ បូក​មួយ​ទទួលយក បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​យ៉ាងច្បាស់​ថា ការលុបចោល​កិច្ចព្រមព្រៀង​វា​ប្រហែលជា​ពិបាកធ្វើ​ទៅរួច​។ ប៉ុន្តែ បើសិនជា​លោក​ជាប់ឆ្នោត លោក​នឹង​ចរចា​ជាថ្មី​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​តឹងរ៉ឹង​ជាង​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​។​

​ទាក់ទិន​បញ្ហា​នេះ មេដឹកនាំ​កំពូល​សាសនា​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​សង្កត់ធ្ងន់ថា អ៊ីរ៉ង់​នឹង​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុងករណី​ដែល​បេក្ខជន​ប្រធានាធិបតី​រំលោភបំពាន​កិច្ចព្រមព្រៀង​នេះ​មុន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  មេដឹកនាំ​សាសនា​ខាងលើ​លើកឡើងថា​៖​​« សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​មិនមែនជា​ប្រទេស​ដំបូង​ដែល​រំលោភ​កិច្ចព្រមព្រៀង​ឡើយ ហើយ​ការរក្សា​ភាព​ទៀងត្រង់​គោរព​កិច្ចសន្យា​ជា​ផ្នែក​មួយ​នៃ​វិន័យ​សាសនា​។ តែ​នៅពេលដែល​ការ​គំរាម​លុបចោល​កិច្ចព្រមព្រៀង​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ក្លាយជា​ការពិត​នោះ អ៊ីរ៉ង់​ក៏​នឹង​លុបចោល​កិច្ចព្រមព្រៀង​ដូចគ្នា​»​។​

​អ៊ីរ៉ង​មើលឃើញ​រួចជាស្រេច​ហើយពី ការប្រែប្រួល​មួយ​នៅពេល​ខាងមុខ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក  ទោះជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឬ​ដូ​ណា​ល់​ត្រាំ​ជាប់ឆ្នោត​ក៏ដោយ​។ ចំពោះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថ្វីបើ​លោកស្រី​មាន​គោលនយោបាយ​ប្រហាក់ប្រហែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដោយ បេក្ខជន​ម្នាក់នេះ​មាន​និន្នាការ​ទៅរក​អ៊ីស្រាអែល​បន្តិច​។ លោកស្រី​នៅ​ចាត់ទុក​អ៊ីរ៉ង់​ជា​ប្រទេស​ដែល​បង្ក​ការគំរាមកំហែង​ដល់​តំបន់​ជាពិសេស​សន្តិសុខ​អ៊ីស្រាអែល​តែម្តង​។

​ក្រៅពី​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង អ៊ីរ៉ង់​ក៏​រិះគន់​ការស្ទាក់ស្ទើរ​និង​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​អនុវត្ត​ចំណុច​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ក្នុងនោះ​មាន​ការដក​ទណ្ឌកម្ម ប្រឆាំង​វិស័យ​ធនាគារ និង​ធានារ៉ាប់រង ក៏ដូចជា​បញ្ចប់​ការ​បង្កក​ទ្រព្យសម្បត្តិ​អ៊ីរ៉ង់​នៅឯ​បរទេស​ដែរ​។​

​មេដឹកនាំ​អ៊ីរ៉ង់​ក៏​បញ្ជាក់​បន្ថែមថា អ្នក​ដែល​និយាយថា​អ៊ីរ៉ង់​និង​អាមេរិក អាច​ធ្វើការ​ជាមួយគ្នា​កើត​នោះ សុទ្ធតែ​ខុស ។ អាមេរិក​និង​អ៊ីរ៉ង់​មិនអាច​ធ្វើការ​ជាមួយគ្នា​និង​ដោះស្រាយ​បញ្ហា​រួមគ្នា​កើត​ឡើយ ព្រោះ​បច្ចុប្បន្ន​ភាគី​ទាំងពីរ​នៅតែ​មើលឃើញ​គ្នា​ជាស​ត្រូវ​នៅឡើយ​។​

​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក  Mohammad Javad Zarif គ្រោង​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជជែក​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ចូល​ជា​ធរមាន​ចាប់ពី​ខែមករា​មក​នោះ​៕