នឹង​​​ប្តូរ​​ទីលាន​​ប្រជាធិបតេយ្យ បន្ទាប់​ពី​​​ការ​សំណូមពរ​ច្រើន​​

រាជធានី​ភ្នំពេញ ៖  ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្នុង​វេទិកាសាធារ​ណៈ កាលពី​ពេល​កន្លង​មក ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាននិង​កំពុងធ្វើការ​ពិចារណាពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នេះ ។

លោក ប៉ា សុ​ជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​មិថុនា​ ២០១៦​ នេះ​ថា ដោយសា​មាន​​សំណូមពរ​ពី​ប្រជាពលរដ្ ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្នុង​វេទិការ​សាធារណៈ ហើយ​ពួក​គាត់ ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្លាស់​ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​​ចេញពី​ទី​នេះ ព្រោះ​កន្លង​មក ​ក្រុម​អ្នក​ទៅ​តវ៉ា​នានា ពិតជា​មានការ​រំខាន​​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​​ខ្លាំង ជា​ពិសេសស្រែក​ហ៊ោ​កញ្ជ្រៀវ ឡូឡា បែប​អនាធិបតេយ្យ មិន​គោរព​ច្បាប់ ខ្វះ​អនា​ម័យ ការ​ឈប់​ ឬ​ចត​មធ្យោបាយ​យានជុំនិះ​រញ៉េរញ៉ៃបិទផ្លូវ ​សូ​ម្បី​តែ​មាន​ក្រុម​គ្រួសារ​ ឬ​ចាស់​ៗ​ឈឺ​ម្តង​ៗ​ ពិតជា​លំបាក​មែន ម្យ៉ាង​ការ​​ប្រកប​របរ​រ​ស៊ី​អ្វី​ក៏​មិន​បាន​តែ​ម្តង ។​

លោក​បន្ត​ថា ជា​ការ​ចាំបាច់​​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ការងារ​នេះកំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នោះ​ទេ ហើយ​ក៏​មិន​ទាន់​គិតគូរបាន ​ក្នុង​ពេល​ភ្លាម​ៗ​នេះ​ដែរ ។

ចំណែក​ក្នុង​កិច្ចប្រជុំ សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ​មិថុនា​២០១៦ ស្តី​ពី​ការ​ឆ្លើយ​បំភ្លឺចំពោះ​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ក្នុង​វេទិការ​សាធារណៈ​ កាលពី​ចុងឆ្នាំ​២០១៥​​កន្លង​មក​នោះ លោកប៉ា សុ​ជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​​ឡើង​ថា ដោយសា​មាន​សំណូមពរ​​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ជុំវិញ​​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្នុង​វេទិការ​សាធារណៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ពិភាក្សា​ធ្វើការ​ផ្លាស់​ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ បច្ចុប្បន្ន ដោយ​ជ្រើស​យក​ទៅ​ទីតាំង​ថ្មី​ដែល​សម​​ស្រប មាន​ទំហំ​ធំ​ទូលាយ សម្រាប់​ការ​សម្តែង​មតិ និង​មិន​ប៉ះពាល់​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ ។