បងថ្លៃ​ទ្រាំ​លែង​បាន ទាញ​កាំបិត​កាប់​ប្អូនថ្លៃ​ដាច់​ដៃ​ម្ខាង

ខេត្តកណ្ដាល ៖ បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ត្រូវ​បាន​បងថ្លៃ​កាប់​ដាច់​កដៃ​ឆ្វេង​ម្ខាង​បន្ទាប់​ពី​បុរស​ជា​ប្អូនថ្លៃ​រូប​នោះ​បាន​ជេរ​ប្រមាថ​ បបួល​កាប់​គ្នា ហើយ​ថែម​ទាំង​គប់​បង​ថ្លៃ​​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ង៉ូ​យ អឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ក្រូច សុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ បាន​រង​របួស​ដាច់​កដៃ​ខាងឆ្វេង ។ ទាំង​២​នាក់​រស់នៅ​ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ អឿ​ន បាន​ដើរ​ពី​ផ្ទះ​ក្មួយ​ឈ្មោះ ឈឿ​ន តាប់ ពេល​ដើរមក​ដល់​ផ្ទះ​របស់​ខ្លួន​ក៏​អង្គុយ​នៅ​មាត់ទ្វារ ភ្លាម​នោះ​ជន​រង​គ្រោះ​ឈ្មោះ ក្រូច សុ​ន ជា​ប្អូនថ្លៃ បាន​ជេរ​ម្រ៉ា​យ​ជនសង្ស័យ ដៀល​ដល់​ពូជ ហើយ​ជនសង្ស័យ​ក៏​និយាយ​ថា មិនបាច់​ជេរ​ទេ ម៉ែ​ហ្អែ​ង​ក៏​មាន​ដែរ ។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បបួល​ជនសង្ស័យ​កាប់​គ្នា មួយ​ទល់​មួយ តែ​ជនសង្ស័យ​មិន​ព្រម​ចុះពីលើផ្ទះ​របស់​ខ្លួន​ទេ ជន​រង​គ្រោះ​ក៏​យក​អំបែង​ពាង​គប់​ជនសង្ស័យ​ចំ​ដើមទ្រូង និង​យក​ដំបង​ឫស្សី​គប់​ចំ​ចិញ្ចើម​ខាងឆ្វេង​បណ្ដាល​ឲ្យ​រយះ ហូរ​ឈាម ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ខ្លាំង​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​ទាញ​យក​កាំបិត​ខ្វែវ​នៅ​ក្បែរ​ទ្វារ ចុះ​មក​កាប់​ជន​រង​គ្រោះ​ត្រូវ​ចំ​កដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​មុត​ដាច់​ឆ្អឹង​សល់​តែ​ស្បែក​បន្តិច បន្ទាប់​មក​បងប្អូន​កូនក្មួយ​ក៏​នាំ​គ្នា​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ព​ទ្យ​កាល់​ម៉ែត្រ ហើយ​ត្រូវ​ពេទ្យ​កាត់​ដៃ​នោះ​ចោល​តែ​ម្ដង  ដោយសារ​ដាច់​ឆ្អឹង​នៅ​ជាប់​តែ​ស្បែក ។ លុះដល់​ថ្ងៃ​ទី​១៤​មិថុនា ទើប​ជន​រង​គ្រោះ និង​ម្ដាយបង្កើត​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​កដៃ​ប្រាកដ​មែន ដោយសារ​តែ​ខឹង​ជេរ​ប្រមាថ​ខ្លួន ហើយ​បាន​បបួល​កាប់​គ្នា​ទៀត មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​មុន ។ ក្រោយ​ពី​សាកសួរ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ដើម្បី​តាម​ច្បាប់ ៕