ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ជិត​៣០០​នាក់​ផ្ដិត​មេដៃ​ប្រឆាំង​នឹង​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​

អ្នក​ភូមិ​នៃ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ព្រមាន​បញ្ជូន​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ពលរដ្ឋ​ជិត ៣០០​នាក់ ទៅ​សាលាខេត្ត​ដើម្បី​អន្តរាគមន៍​បញ្ចប់​សកម្មភាព​បូម​ទឹក​ដាក់​ស្រះ​ចិញ្ចឹម​ត្រី​ដែល​ប៉ះពាល់​ដល់​ទឹក​បឹង​របស់​ពួកគាត់​ធ្លាប់​ប្រើប្រាស់។ ចំណែក​អាជ្ញាធរ​ឃុំ និង​ស្រុក​អះអាង​ថា នឹង​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ហៅ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​មក​ធ្វើ​កិច្ច​សន្យា។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ចំនួន ៤​ភូមិ នៃ​ឃុំ​ក្បាលត្រាច ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា ញត្តិ​ដែល​ដាក់​ចូល​សាលា​ឃុំ និង​សាលា​ស្រុក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦ មិន​ទាន់​ឃើញ​អាជ្ញាធរ​មាន​ចំណាត់​ការ​អ្វី​ទៅ​លើ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​សង្ឃឹម ហើយ​គ្រោង​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​ពោធិ៍សាត់ ទៀត។

តំណាង​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ក្រឡាញ់ គឺ​លោក ស៊ិន ចាន់ថូ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​ប្រា​ចំនួន ១២​ស្រះ ឋិត​នៅ​ក្បែរ​មាត់​ទឹក​បឹង​គុជនប់​ក្នុង​ភូមិ​ក្រឡាញ់។

លោក​ថា ស្រះ​ទាំង​នោះ​មាន​ម្ចាស់​ម្នាក់​បាន​ចំណាយ​ផ្ទៃដី​ប្រហែល ៥​ហិកតារ ដើម្បី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន ១០ និង​មួយ​ម្ចាស់​ទៀត​មាន​ស្រះ​ចំនួន​ពីរ​ទំហំ​ប្រហែល ២​ហិកតារ បាន​បូម​ទឹក​បញ្ចូល​ស្រះ​ជា​ប្រចាំ៖ «ខ្ញុំ​បាន​ប្រជុំ​ជាមួយ​អ្នក​ដែល​សំខាន់ៗ​រួច​ហើយ​ថា បើ​អត់​មាន​ដំណោះស្រាយ​នៅ​ត្រឹម​ហ្នឹង (ថ្នាក់​ឃុំ និង​ស្រុក) ទេ ខ្ញុំ​នឹង​យក​ញត្តិ​ដាក់​ដល់​ខេត្ត។ ប្រជាពលរដ្ឋ​នៅ​ខាង​ខ្ញុំ​នេះ​កំពុង​ខ្វល់ខ្វាយ ហើយ​រាល់​ថ្ងៃ​នេះ​អត់​មាន​ភ្លៀង​ទេ គឺ​ភ្លៀង​បាន​តែ​តិចៗ សូម្បី​តែ​ទឹក​ផឹក​រក​អត់​បាន​ផង អណ្ដូង​អី​រីង​គ្រប់​ទាំង​អស់ អ៊ីចឹង​សំណូមពរ​ថា មិន​មែន​ឲ្យ​អាជ្ញាធរ​គិត​បាន​តែ​មួយ​ឆ្នាំ​ទេ សូម​ឲ្យ​ចាប់​ពី​ឆ្នាំ​នេះ​រហូត​ដល់​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា ថា​ក្រោយ​ពី​លោក​ទទួល​បាន​ញត្តិ​ពី​ពលរដ្ឋ​លោក​ចាត់ចែង​ឲ្យ​មេ​ឃុំ​មើល​ការ​ខុសត្រូវ និង​ហៅ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​មក​ជជែក​ដោះស្រាយ​ជាមួយ​តំណាង​ពលរដ្ឋ​ហើយ។ លោក​ថា អ្នក​ភូមិ​បារម្ភ​ខ្វះខាត​ទឹក​ប្រើប្រាស់ ប៉ុន្តែ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មក​នេះ ទឹក​នៅ​ក្នុង​បឹង​មាន​តែ​ហៀរ​ចេញ​ក្រៅ​អាង​ដែល​មិន​អាច​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​នោះ​ទេ។

ចំណែក​មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន បញ្ជាក់​ថា លោក​នឹង​ចេញ​លិខិត​ហៅ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​នោះ​មក​សាលា​ឃុំ​នៅ​ក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែ​មិថុនា ដើម្បី​ជជែក​ដោះស្រាយ​ជាមួយ​តំណាង​ពលរដ្ឋ​ផ្ទាល់ ហើយ​អាជ្ញាធរ​ឃុំ​នឹង​ធ្វើ​កំណត់ហេតុ​ផ្អាក​បូម ឬ​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​នោះ។

លោក​ថា ពលរដ្ឋ​មាន​ការ​ខ្វះខាត​ទឹក​នៅ​រដូវ​ប្រាំង ប៉ុន្តែ​នៅ​រដូវ​វស្សា​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់៖ «បាទ! ចាំ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួកគាត់ (ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី) ចូល​មក​ដោះស្រាយ។ ធ្វើ​កំណត់ហេតុ​ច្បាស់ ឲ្យ​មាន​កិច្ច​សន្យា​ទទួល​ខុស​ត្រូវ​ពេល​ណា​គាត់​បូម ឬ​ពេល​ណា​គាត់​អត់​បូម​ហ្នឹង​ណា»

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា អាង​គុជនប់​មាន​ផ្ទៃ​ប្រមាណ ៥​ហិកតារ ជម្រៅ ៥​ម៉ែត្រ និង​លាតសន្ធឹង​តាម​ភូមិ​ចំនួន​ប្រាំមួយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភូមិ​បួន​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​ទឹក​បឹង​នោះ​ខួប​ប្រាំង​ខួប​វស្សា​ គឺ​ភូមិ​ក្រឡាញ់ ស្រែ​ឫស្សី ដូង និង​ភូមិ​ទទឹង នៃ​ឃុំ​ក្បាលត្រាច។ ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ព្រោះ​រយៈ​ពេល​បី​ឆ្នាំ​ដែល​ក្រុម​ឈ្មួញ​ចិញ្ចឹម​ត្រី​ ​អ្នក​ភូមិ​ខ្វះខាត​ទឹក​ប្រើប្រាស់​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។