អ្នក​ជំនាញ​ជំរុញ​ឲ្យ​កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប

ទីភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​ឈ្មោះ ធ្រីប​អែដវ៉ាយសឺ (Trip Advisor) ដែល​បាន​ស្ទង់​មតិ​ពី​អ្នក​ទេសចរ​នៅ​ជុំវិញ​ពិភពលោក បាន​ឲ្យ​ពិន្ទុ​ថា ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ គឺ​ជា​គោលដៅ​ទេសចរណ៍​លេខ​មួយ​នៅ​ក្នុង​តំបន់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦។ ដោយសារ​គោលដៅ​ដ៏​មាន​សក្ដានុពល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មួយ​នេះ ធ្រីប​អែដវ៉ាយសឺ (Trip Advisor) ជំរុញ​ឲ្យ​ក្រសួង​ទេសចរណ៍ និង​វិស័យ​ឯកជន​កម្ពុជា ត្រូវ​តែ​ចេះ​ស្វែងរក​ទីផ្សារ​ទេសចរណ៍​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​នៃ​ប្រព័ន្ធ ឌីជីថល (Digital)

ក្រុម​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍ និង​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​អន្តរជាតិ មក​ពី​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន បាន​ប្រឹងប្រែង​បង្ហាត់​បង្រៀន​ជំនាញ​រចនា​គេហទំព័រ ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ដល់​ស្ថាប័ន​រដ្ឋ និង​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​កម្ពុជា ដើម្បី​ឲ្យ​មាន​សមត្ថភាព​ស្វែងរក​ទីផ្សារ​ទេសចរណ៍​តាម​បែប​បច្ចេកវិទ្យា ឌីជីថល ហើយ​ទទួល​បាន​ភ្ញៀវ​ដែល​មក​ទស្សនា​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ទាំង​ស្ថាប័ន​រដ្ឋ និង​ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​ជាច្រើន​រូប បាន​ជួប​ជុំ​គ្នា​ដើម្បី​សិក្សា​ស្វែងរក​ទីផ្សារ​ទេសចរណ៍​តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ទំនើប នៃ​ប្រព័ន្ធ​ឌីជីថល​នេះ។

តំណាង​ឲ្យ​ទីភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ ធ្រីប​អែដវ៉ាយសឺ (Trip Advisor) គឺ​អ្នកស្រី សារ៉ាក ម៉ាតជូ (Sarah Mathew)។ អ្នកស្រី​ថ្លែង​ក្នុង​ពេល​បើក​សិក្ខាសាលា​ស្ដីពី​ការ​ស្វែងរក​ទីផ្សារ​ទេសចរណ៍​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​នោះ​ថា អ្នកស្រី​ធ្លាប់​បាន​មក​ដល់​វិថី​ផាប់ស្ទ្រីត (Pub Street) ទំនប់​ផ្សារ​ចាស់​នៃ​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​មុន ហើយ​បាន​រក​ឃើញ​ថា ខេត្ត​សៀមរាប មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា៖ «វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​គិត​ទៅ​ដល់​ការ​ទាក់ទាញ​យ៉ាង​ណា ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កាន់​តែ​ច្រើន​ឡើង​នោះ។ នៅ​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ទេសចរណ៍​នេះ គឺ​យើង​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ទម្លាប់ និង​តម្រូវ​ការ​របស់​អ្នក​ទេសចរ​ឲ្យ​បាន​ច្បាស់ ទើប​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​មក​លើ​គោលដៅ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ធ្វើ​ដំណើរ​កម្សាន្ត»

អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក សូ វិសុទ្ធី ទទួល​ស្គាល់​ថា ជា​រៀង​រាល់​ថ្ងៃ ទាំង​ទីភ្នាក់ងារ​ទេសចរណ៍ និង​អ្នក​ទេសចរ គឺ​សុទ្ធតែ​ត្រូវ​ការ​ព័ត៌មាន​ជា​ប្រចាំ​ថ្ងៃ ហើយ​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ក៏​កាន់​តែ​ទំនើប​មាន​ទាំង​គេហទំព័រ និង​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​ទៀត​ដែល​សុទ្ធតែ​អាច​ស្រាវជ្រាវ​រក​ព័ត៌មាន​បាន​ទាន់​ចិត្ត។ លោក សូ វិសុទ្ធី បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​វា​ជា​ពេលវេលា​មួយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ត្រូវ​ចេះ​ស្វែងរក​ទីផ្សារ​ទេសចរណ៍​តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ទំនើប​នៃ​ប្រព័ន្ធ​ឌីជីថល (Digital)«ខាង ធ្រីប​អែដវ៉ាយសឺ គាត់​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ឌីជីថល​ហ្នឹង​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ដូចជា​វិស័យ​ទេសចរណ៍​យើង​នេះ»

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ប៉ាក់ សុខុម ថ្លែង​ថា កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល ៣-៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា ពេញ​មួយ​ឆ្នាំ​២០១៥ កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៤​លាន ៨​សែន​នាក់ ហើយ​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៦ គឺ​កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១​លាន ៣​សែន​នាក់។ តួលេខ​នេះ​មាន​កំណើន ២,% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៣​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។