សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​

សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​



បាត់ដំបង​ ៖​ កុមារា​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​២​ឆ្នាំ ត្រូវ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​បាន​លង់ទឹក​ពាង​នៅ​នឹង​ផ្ទះ ហើយ​ភ្លាមៗ​ត្រូវ​បាន​ជីតា​បញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន​ រហូត​ដល់​ទៅ​ពីរ​កន្លែង ប៉ុន្តែ​នៅ​ទីណា​ក៏​គេ​ថា​ លោក​វេជ្ជបណ្ឌិត​មិន​នៅ​ដែរ​ ដែល​តម្រូវ​ឲ្យ​ជីតា​រូប​នេះ​លី​ចៅ​នៅ​លើ​ស្មា រត់​រក​គ្រូពេទ្យ​ដទៃ​ទៀត​ដើម្បី​ជួយសង្គ្រោះ។

ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​ខាង​លើ​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​កុមារា​រងគ្រោះ​មាន​ឈ្មោះ ក្រឹម ណា​សា អាយុ​២​ឆ្នាំ រស់នៅ​ជា​មួយ​នឹង​យាយតា ​ដោយសារតែ​ឪពុក​ម្តាយ​វា បាន​ទៅ​លក់​មាន់​នៅ​ឯ​ផ្សារ។

យោង​តាម​ការ​លើកឡើង​របស់​លោក រ៉េត​អាយុ​៦០​ឆ្នាំ ដែល​ត្រូវជា​ជីតា​របស់​ក្មេង​រងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុកម្ដាយ​ក្មេង​នេះ ​បាន​នាំគ្នា​ទៅ​លក់​មាន់​នៅ​ឯ​ផ្សារ​ ដោយ​ទុក​កូន​នៅ​ជា​មួយ​នឹង​រូប​គាត់ ​ដែល​ជាតា ​និង​យាយ​ ដោយ​នៅ​ជុំគ្នា​ខាងក្រោយ​ផ្ទះ។

លោក​បាន​បន្ត​ថា មួយសន្ទុះ​ក្រោយមក​ រូប​គាត់​បាន​ដើរ​ទៅ​ខាង​មុខ​ផ្ទះ​ ដោយ​ទុក​ចៅ​នៅ​លេង​ជាមួយ​ប្រពន្ធ​ ដែល​ជា​យាយ​ ខណៈ​ពេល​ដែល​យាយ​កំពុង​អង្គុយ​កាប់​អុស​ ភ្លាមៗ​នោះ​ស្រាប់តែ​បាត់​ចៅ​ ពួកគាត់​ក៏​ដើរ​រក ទើបបាន​ប្រទះឃើញ​ចៅ​នៅ​ក្នុង​ពាង​ទឹក​ ក៏​បាន​ស្រង់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ហេង ឈុន ដែល​ស្ថិត​ក្នុង​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្នុង​ក្រុង​បាត់​ដំបង ប៉ុន្តែ​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​ស្រី​ពីរ​នាក់​ចេញ​មក​ ដោយ​បាន​បញ្ជាក់​ថា លោកគ្រូ​ពេទ្យ ហេង ឈុន មិន​នៅ​ទេ ដូច្នេះ​ឲ្យ​លោកតា​នាំ​ក្មេង​ទៅ​រក​សេវា​កន្លែង​ផ្សេងទៀត​ទៅ។

ភ្លាមៗ​នោះ​ដែរ លោក​ក៏បាន​ដឹក​ទៅកាន់​គ្លីនិក​ឯកជន​មួយទៀត​ដែល​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​គ្នា ដោយមាន​យីហោ វេជ្ជបណ្ឌិត ជា ពៅ កន្លែង​ពិនិត្យ​ជំងឺ​ទូទៅ​នៅ​ក្បែរ​ផ្សារ​ថ្មី ដោយ​បុគ្គលិក​នៅ​ទីនោះ​បាន​ស្ទង់​មើល​បេះដូង​រួច​ប្រាប់​ឲ្យ​លោកតា​នាំ ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រោះ​កន្លែង​គាត់​គ្មាន​ឧបករណ៍​សម្រាប់​សង្គ្រោះ​នោះ​ទេ​ គឺ​គ្រាន់តែ​មើលជំងឺ​ទូទៅ​ធម្មតា តែប៉ុណ្ណោះ។

បន្ទាប់មក​លោកតា​បាន​ដឹក​ចៅប្រុស​បន្ត​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ដោយ​នៅ​ទីនោះ​ក្រុម​គ្រូពេទ្យ​បាន​នាំគ្នា​ដាក់បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​ទើប​ដឹង​ថា ចៅប្រុស​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ ទើប​គាត់​ក៏បាន​លី​សព​ចៅ​វិលត្រឡប់​ទៅផ្ទះ​វិញ​ទាំង​ភាព​ក្ដុកក្ដួល​ជាទីបំផុត​ ដោយ​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំបាន​ឡើយ។

ខណៈ​ដែល​ជីតា​ក្មេង​ប្រុស​រងគ្រោះ​រត់​តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មនុស្សម្នា ហើយ​ក៏​មាន​អ្នកខ្លះ​ស្រែក​រិះគន់​ដល់​ក្រុមគ្រូពេទ្យ​ទាំងនោះ និង​មាន​អ្នកខ្លះ​បាន​និយាយ​ចំៗ​ថា បើ​តាំង​ចិត្ត​បើក​ជា​គ្លីនិក​ឯកជន​ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ទៅ​ហើយ​នោះ ហេតុអ្វី​បានជា​កន្លែង​ណា​ក៏​ឆ្លើយ​ថា គ្មាន​គ្រូពេទ្យ​នៅ​ប្រចាំការ​? ដូច្នេះ​តើ​យីហោ​ដែល​លើក​នៅ​ខាងលើ​ធំៗ​នោះ ​លើក​យក​ឲ្យ​ល្អមើល ឬក៏​លើក​ដើម្បី​បង្អួត​គេ​?

ដូច្នេះ​លោក​វេជ្ជបណ្ឌិត​ដែល​តាំងចិត្ត​បើក​ទីតាំង​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អ្នកណា​មួយ​ដែល​អាច​ជំនួស​យើង​បាន​សម្រាប់​ពេលណា​ដែល​យើង​មានធុរៈ​ទៅ​ខាង​ក្រៅ ជាក់ស្តែង​ដូច​ករណី​ខាង​លើ​នេះ ទីតាំង​មន្ទីរពេទ្យ​ទាំងពីរ សុទ្ធតែ​ឆ្លើយ​ថា លោកគ្រូ​ពេទ្យ​មិន​នៅ​ទេ ដូច្នេះ​អ្នក​ជំងឺ​អាច​ដឹង​មុន​បានទេ​ថា តើ​ម៉ោង​ណា​ដែល​លោក​វេជ្ជបណ្ឌិត​នៅផ្ទះ​? ហើយ​ម៉ោង​ណា​ដែល​យើង​ចាំ​ចាប់​ត្រូវ​ឈឺ ?

ជួប​ជាមួយ​កម្ពុ​ជាថ្មី តាមរយៈ​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់​ដែល​ជា​អ្នកគ្រូ​ពេទ្យ​ប្រចាំ​គ្លីនិក ហេង ឈុន បាន​រៀបរាប់​ប្រាប់​ថា នៅ​ពេល​នោះ​ គឺ​ខណៈ​ដែល​លោកតា​បាន​នាំ​ចៅប្រុស​មកដល់​ខាងមុខ​កន្លែង ទើប​កូន​ពេទ្យ​ស្រី​ពីរ​នាក់​ បាន​ចេញទៅ​ទទួល​ដោយ​បាន​ប្រាប់​លោកតា​វិញ​ថា ឲ្យ​ទៅ​រក​សេវា​ខាងក្រៅ​ទៀត​ទៅ​ ព្រោះ​ពេលនេះ​លោក​វេជ្ជបណ្ឌិត​ចេញទៅញុំា​អី​នៅ​ខាងក្រៅ​បាត់​ទៅហើយ ម្យ៉ាងវិញទៀត​ គាត់​ក៏​ដល់​ម៉ោង​ចេញទៅ​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ីផងដែរ ដោយ​កូន​ពេទ្យ​មិនបាន​ដេញ​លោកតា ដូច​បណ្ដាញ​សង្គម​ផ្សេងៗ​ដែល​ចោទ​ប្រកាន់​មក​លើ​ទីតាំង​របស់​គាត់​នោះ​ឡើយ។

រីឯ​ទីតាំង លោក​វេជ្ជបណ្ឌិត ជា ពៅ ក៏​គ្មាន​ឧបករណ៍​សម្រាប់​ពិនិត្យ និង​ព្យាបាល​ទៀត​ ដែល​នេះ​ហើយ​គឺជា​ហេតុផល​ដ៏​សំខាន់​សម្រាប់​ទីតាំង​សេវា​ព្យាបាល​ខាងក្រៅ ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ ឬក៏​លែង​ទុកចិត្ត ​ព្រោះ​ដោយសារតែ​ខ្លាច​សាច់ញាតិ​របស់​ពួកគាត់​មានការ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ ហើយ​គេ​ក៏​មិនទាន់​ដឹង​ដែរ​ថា តើ​ក្រុម​គ្រូពេទ្យ​ទាំងនេះ មាន​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​គ្រប់គ្រាន់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ តែ​ទោះ​ជា​យ៉ាងណា ក៏​គួរ​តែ​ខាង​មន្ទីរ​ស្រាវជ្រាវ និង​ពិនិត្យ​សា​​ឡើងវិញ​អំពី​បញ្ហា​ខាង​លើ​នេះ​ ជៀសវាង​នូវ​ពាក្យ​អាស្រូវ​មួយ​ចំនួន​ដែល​គេ​អាច​ដៀល​ទៅដល់​ក្រុម​គ្រូពេទ្យ​បាន៕
សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​

សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​

សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​

សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ឯកជន នៅ​មានកម្រិត​អន់​ខាង​ពិនិត្យ​ និង​សង្គ្រោះ​