ស៊ឹម ស្រីមុំ៖ «មាន​សង្សារ មិន​ដឹង​ជា​យក​មក​ធ្វើ​អី..​មាន​តែ​ធ្វើ​ឲ្យ​ជីវិត​មួរ​ហ្មង.!»

(ភ្នំពេញ)៖ ស្រីស្រស់សម្រស់បាន មានមន្តស្នេហ៍ទាក់ទាញ កញ្ញា ស៊ឹម ស្រីមុំ ដែលជាតារាបង្ហាញម៉ូដ និងសម្ដែង មានឈ្មោះល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈ បានព្រលយប្រាប់ Khmertalking បែបក្លាហានថា ប្រសិនបើនាងមានសង្សារ មិនដឹងជាមានសង្សារ ដើម្បីអ្វី យកមកធ្វើអ្វី មានតែធ្វើឲ្យជីវិតជួបភាពស្មុគស្មាញ គ្មានសេរីភាព ព្រោះ ស៊ឹម ស្រីមុំ ក៏ធ្លាប់មានសង្សារម្ដងរួចមកហើយដែរ ប៉ុន្តែត្រូវបានចែកផ្លូវគ្នាវិញ ដោយសារតែការមិនយល់ចិត្តគ្នា។

តារាសម្ដែង ស៊ឹម ស្រីមុំ បានបង្ហើបដោយឥតលាក់លៀមថា កាលពីប៉ុន្មានខែមុននេះ រូបនាងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសជាអ្នករកស៊ីធម្មតាម្នាក់ ហើយបានក្លាយជាសង្សារនឹងគ្នា ប៉ុន្តែការទាក់ទងគ្នា ក្នុងន័យស្នេហានេះ គឺបានរយៈពេលតែ៣ខែប៉ុណ្ណោះ ពោលដោយសារបុរសនោះ បង្ហាញអត្តចរិតមិនគប្បីមួយចំនួន ធ្វើឲ្យនាងមិនពេញចិត្ត ហើយមើលទៅមិនអាចធ្វើដំណើរ ជាមួយគ្នាទៅមុខបន្តទៀតបាន នាងសម្រេចចិត្តដកខ្លួនចេញតែម្ដង។

ស៊ឹម ស្រីមុំ ប្រាប់ Khmertalking ថា «ពេលខ្លះយើងគិតថា មិនដឹងជា យើងយកសង្សារមកធ្វើអី..! ព្រោះចង់រកលុយឲ្យបានច្រើន និងចង់ធ្វើអ្វីដើម្បីខ្លួនឯងខ្លះ។ ធម្មតាការស្រឡាញ់ គឺវាចេះតែមានហើយរវាងមនុស្សស្រី និងមនុស្សប្រុស ប៉ុន្តែពេលខ្លះយើងមើលទៅ វាមិនទៅមុខផង អ៉ីចឹងនៅធ្វើអី ដឹងខ្លួន យើងដកខ្លួនឲ្យហើយ ទាន់យើងទើបស្រឡាញ់គ្នា..!»។

តារាសម្ដែងមាន​សម្ដីទន់ភ្លន់ ​កំពុងតែមានមហិច្ឆតា ចង់ក្រសោបយកតំណែង ជាតារាសម្ដែងលំដាប់កំពូល កញ្ញា ស៊ឹម ស្រីមុំ បានបញ្ជាក់ទៀតថា កាលពីស្រឡាញ់គ្នាដំបូង គឺហាក់លះបង់គ្រប់យ៉ាងដើម្បីនាង ប៉ុន្តែគ្រាន់តែស្គាល់ចិត្តគ្នាបន្តិច ស្រាប់តែបុរសជាសង្សារ ចាប់ផ្ដើមមានចរិតខុសពីប្រក្រតី ហើយមើលទៅអត់អាច ទៅមុខជាមួយគ្នា ទើបសម្រេចចិត្ត ចែកផ្លូវគ្នាតែម្ដង ។ ស៊ឹម ស្រីមុំ ក៏ចង់បង្ហាញអត្តសញ្ញាណសង្សាររបស់នាង ឲ្យមហាជនបានដឹងដែរ ប៉ុន្តែពេលផ្ទុះរឿងបែកគ្នា ធ្វើឲ្យនាងលែងចង់នឹកនា ឬពាក់ព័ន្ធអ្វីនឹងគ្នាទៀត កុំឲ្យមានបញ្ហា។

តារាសម្ដែង ដែលទស្សនិកជនស្គាល់កាន់តែច្បាស់ ពេលបានសម្ដែងក្នុងបទ «ខ្ញុំខ្លាចហើយលុយ» របស់តារាចម្រៀង ខេម រូបនេះ បានបន្តថា សព្វថ្ងៃបើឲ្យនាង គិតគូរឿងស្នេហាជាថ្មីឡើងវិញ គឺនាងសុំមិនគិតទៀតទេ ពោលធ្វើយ៉ាងណាឲ្យការងារសិល្បៈ មានភាពរលូនទៅមុខសិន ។ បច្ចុប្បន្ននេះ ស៊ឹម ស្រីមុំ ត្រូវបានគេមើលឃើញថា នាងតែងបង្ហាញវត្តមាន ក្នុងស្ពតពាណិជ្ជកម្មនានា សម្ដែងក្នុងបទចម្រៀង ខារ៉ាអូខេ និងបង្ហាញម៉ូដតាមបណ្ដាក្រុមហ៊ុន ផលិតផលតូចធំជាច្រើន ដែលធ្វើឲ្យនាងមមាញឹកគួរសម ក្នុងវិស័យសិល្បៈ ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងរឿងរ៉ាវលើវិថីសិល្បៈនេះ ក្រលេកមកមើល​ កញ្ញា គង់ សូនីតា​ វិញម្តង  គួរំលឹកផងដែរថា កញ្ញា ខ្លាច​រអាស្នេហា​មនុស្ស​ប្រុស ចង់​​​ស្រលាញ់ស្រី​ដូច​គ្នា​វិញ។

ក្រោយពីជួបរឿងបរាជ័យ ស្នេហាពីរលើកផ្ទួនៗគ្នា រហូតប៉ងលេបថ្នាំសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងមកនេះ តារាចម្រៀងនិងសម្តែងរូបស្រស់ មានឈ្មោះជាអ្នកមេម៉ាយកូនមួយ អ្នកនាង គង់ សូនីតា មុននេះ បានចេញមុខប្រកាសក្តែងៗបង្កការចាប់អារម្មណ៍ខ្លាំង ដល់ទស្សនិកជន ពិសេសបុរសៗ ខណៈដែលនាងសរសេរបើកចំហ ជាសាធារណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងខ្លាចហើយមនុស្សប្រុស ហើយចាប់ពីពេលនេះទៅ នាងចង់ស្រឡាញ់តែមនុស្សស្រី ភេទដូចគ្នាទើបស្រួលចិត្ត។

តារាស្រីដែលធ្លាប់ល្បីឈ្មោះគួរសម នៅក្នុងចង្កោមអ្នកសិល្បៈ អ្នកនាង គង់ សូនីតា ថធ្លាប់បានសរសេរបង្ហោះមានភ្ជាប់រូបថត មួយសន្លឹកនៅលើហ្វេសប៊ុកថា «ចង់បានសង្សារជាមនុស្សស្រី បែបស្រួលចិត្តជាង ព្រោះមនុស្សស្រី ងាយយល់ចិត្តមនុស្សស្រីដូចគ្នា ជាងមនុស្សប្រុស ដែលចេះតែបំផ្លាញទឹកចិត្តមនុស្សស្រី!»។

តាមរយៈការបង្ហោះសារដូច្នេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រនៅលើហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងសរសេរ Comment បែបចំអកលេងសើចឲ្យថា «បើដូចនេះមែន គឺខុសធម្មជាតិហើយ »។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រខ្លះទៀតសួរនាំថា «តើវាជាការពិតទេ ដែលចង់ស្រឡាញ់ ស្រីដូចគ្នា ឬគ្រាន់តែនិយាយលេងទេ ?» ជាចម្លើយមិនទាន់ត្រូវបានសាមីខ្លួន អ្នកមេម៉ាយចាយរាង គង់ សូនីតា បញ្ជាក់នៅឡើយទេ ចំពោះរឿងនេះ។

គេធ្លាប់នៅចាំបានថា កន្លងមកក៏ធ្លាប់មានតារាស្រី អ្នកនាង ឆយី ក៏បានប្រកាសដូចគ្នា ជាមួយតារាស្រី គង់ សូនីតា ផងដែរថា «ខូចចិត្តឡើងបែកស្លុយ ស្រឡាញ់ស្រីវិញ មានអារម្មណ៍ថាកក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន យាយទៅស្រួលគ្រប់យ៉ាងចឹងហ្មង..»។ តារាស្រីទាំងពីររូបខាងលើនេះ សុទ្ធតែជួបរឿងបរាជ័យស្នេហ៍ មានកូនអត់ប្តីដូចគ្នា៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload