ស្ងាត់ៗជិតដល់ថ្ងៃ ចូលរោងការរបស់ សៀវ ឡុងនី និងយ៉ាងគួរ បាត់!

ចិន៖ នាពេលថ្មីៗនេះ ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍ របស់តារាសម្តែងស្រីប្រុស២នាក់ ដែលប្រិយមិត្តរបស់យើង ស្គាល់បានថាគឺជាតួឯកស្រី សៀវ ឡុងនី និងតួឯកប្រុស យ៉ាងគួរ ប្រចាំឆ្នាំ២០១៦ នៅក្នុងខ្សែភាពយន្តរឿងចិនដ៏ល្បីមួយ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រី Michelle Chen និងតារាសម្តែងប្រុស លោក Chen Xiao ដែលចំណងស្នេហ៍របស់ពួកគេ បានចាប់ផ្តើមក្នុង អំឡុងពេលដែលពួកគេ ធ្វើការថតសម្តែងខ្សែភាពយន្តរឿងចិន “Return of the Condor Heroes” ពេលនេះបានប្រកាសអំពី ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា គូស្នេហ៍មួយគូនេះ បានប្រកាសថា ពួកគេនឹងដឹកដៃគ្នាចូលរោងការ នៅក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២១០៦ ខាងមុខនេះ ហើយក៏នឹងរៀបចំមង្គលការមួយទៀត នៅឯតៃប៉ិ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ផងដែរ។

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់មហាជនចំពោះ គូស្នេហ៍ទាំង២នេះ ក៏ព្រោះតែចំណងស្នេហ៍ របស់ពួកគេចាប់ផ្តើម ត្រឹមរយៈពេលខ្លី ពោលគឺទើបតែបាន ៧ខែប៉ុណ្ណោះ ក៏មានដំណឹងល្អបាត់ទៅហើយ។ 

Michelle (សៀវ ឡុងនី) ក៏បានឆ្លើយតបទៅនឹងសំណួរ ដែលបានសួរមកនាងថា ហេតុអ្វីបានជានាងសម្រេចចិត្ត រៀបការជាមួយនឹងគូស្នេហ៍ម្នាក់នោះ ដោយបានបញ្ជាក់ថា “ព្រោះតែខ្ញុំចង់រៀបការជាមួយគាត់ គ្រប់ពេលដែលខ្ញុំឃើញគាត់”។

គូសបញ្ជាក់ផងដែរថា ចំណងស្នេហ៍ ក៏ដូចជាដំណឹងនៃ ការរៀបមង្គលការ រវាងតារាសម្តែងដ៏ល្បី ទាំង២នេះ ក៏ទទួលបានការគាំទ្រ និងអបអរពីសំណាក់ មនុស្សជាច្រើន ជាពិសេសគឺអ្នកគាំទ្រផ្ទាល់ របស់ពួកគេទាំង២តែម្តង៕ 

ប្រភព ៖
បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា គេអាចនៅចាំបានព័ត៌មានកាលពីឆ្នាំ២០១៤ ថា តារាសម្តែង អារៀល លីន ដែលជាតួឯក សៀវ ឡុងនី ក្នុងរឿង The Legend of the Condor Heroes បានសំរេចចិត្ត ដឹកដៃមិត្តប្រុស ចូលរោងការ នៅថ្ងៃបុណ្យណូអែលបន្ទាប់ពីបាន បញ្ចប់ការសិក្សា នៅប្រទេសអង់គ្លេសរួចមក។

ក្នុងការប្រកាស ថ្ងៃរៀបការនេះដែរ បានធ្វើឲ្យមិត្តភក្តិរបស់នាង មានក្តីសប្បាយរីករាយ និងអបអរសាទរ នាងពីចំងាយ តាមរយៈ Weibo ដោយសរសរថា ៖ « ខ្ញុំដឹងថាឯង គឺជាមនុស្សលាក់ការ ហើយខ្ញុំបាន អត់ទ្រាំ មិនសរសេរជូនពរឯង ជាយូរណាស់មកហើយ។ ប៉ុន្តែទីបំផុត ខ្ញុំអាចជូនពរឯង ដោយ សារធារណៈ បានហើយ ។ ដូចដែលខ្ញុំបានប្រាប់ឯង នៅទីក្រុងឡុងដ៏អីចឹង គឺត្រូវតែធ្វើជាកូនក្រមុំ ដែលរីករាយណា មិត្តសំលាញ់»។

ចំនែកឯ តារាចម្រៀងល្បីឈ្មោះ Rainie Yang ក៏បានផ្ញើសារ អបអរសាទរ ដល់មិត្តរួមអាជីពផងដែរ ដោយបានសរសេរថា ៖ « ទោះបីការរៀបការ របស់ឯងគឺជារឿង ដែលគួរឲ្យសប្បាយរីករាយ ប៉ុន្តែខ្ញុំស្ទើតែ ស្ទះដង្ហើមស្លាបបាត់ ទៅហើយ ក្នុងការលាក់រឿងសំងាត់នេះ ជូនពរឯងឲ្យ មានសេចក្តីសុខ! »។

យ៉ាងណាមិញ ក្រោយពីបានដឹងថា មនុស្សគ្រប់គ្នា បានដឹងពីដំនឹងរៀបការ របស់នាងហើយ អារៀល លីន បានសរសេរនៅលើបណ្តាញ Weibo ថា « លាហើយ អតីតកាល » ដែលឃ្លានេះមានន័យថា នាងនឹងផ្លាស់ប្តូរទំព័រជីវិតថ្មី ចាប់ផ្តើមកសាង គ្រួសារចាប់ពីថ្ងៃរៀបការ ខាងមុខនេះតទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload