ពលរដ្ឋ​ស្រុក​រតនមណ្ឌល​២៦​គ្រួសារ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​ក្រុមហ៊ុន​ចិន​បញ្ឈប់​បំផ្ទុះ​ថ្ម​ភ្នំ

ប្រជាពលរដ្ឋ​ប្រមាណ ២៥​នាក់​តំណាង​ឲ្យ ២៦​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​បាត់ដំបង ខេធី ស៊ីម៉ិន (Battambang KT Cement) របស់​ជនជាតិ​ចិន នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា លើក​គ្នា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​បំផ្ទុះ​ថ្ម​ភ្នំ និង​ផ្ដល់​សំណង​ប៉ះពាល់​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​សុំ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជាច្រើន​លើក តែ​ពុំ​ទទួល​បាន​លទ្ធផល។

ពលរដ្ឋ​នៅ​ស្រុក​រតនមណ្ឌល អះអាង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​រុក​រក​រ៉ែ​ដើម្បី​ផលិត​ស៊ីម៉ងត៍​របស់​ចិន បោះ​ទីតាំង​នៅ​ក្នុង​ភូមិ​ដូនមាយ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ មក បាន​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​បន្តបន្ទាប់។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ដូនមាយ កៀក​ជើង​ភ្នំ​ដែល​ក្រុមហ៊ុន​រុក​រក​រ៉ែ​ឈ្មោះ បាត់ដំបង ខេធី ស៊ីម៉ិន របស់​ជនជាតិ​ចិន គឺ​លោក ទេព្យ វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ក្រោម​ដើម​ពោធិ៍​សួន​នាគ​បាញ់​ទឹក ក្រុង​បាត់ដំបង ថា ក្រុមហ៊ុន​នេះ​បាន​បំផ្ទុះ​ថ្ម​មាន​សំឡេង​ឮ​ខ្លាំង និង​ខ្ទាត​ដុំ​ថ្ម​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ស្ទើរ​រាល់​ថ្ងៃ​ប្រមាណ​ពីរ​ខែ​ហើយ។ លោក​អះអាង​ថា ក្រុមហ៊ុន​របស់​ជនជាតិ​មួយ​នេះ​ក្រៅ​អំពី​បំផ្ទុះ​ថ្ម​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ហើយ ក្រុមហ៊ុន​នេះ​មិន​បាន​ផ្ដល់​សំណង​ប៉ះពាល់​ដីធ្លី​របស់​ពួក​គាត់​ចំនួន ២៦​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង ៥០​ហិកតារ​នោះ​ឡើយ៖ «ពួក​យើង​ខ្ញុំ​ទទួល​ស្គាល់​ថា ដី​លើ​ភ្នំ​ជា​ដី​របស់​រដ្ឋ​មែន ក៏ប៉ុន្តែ​ពួក​ខ្ញុំ​បាន​ដាំ​ដុះ​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩០ ប្លាយ​មក​ហើយ បែរ​ជា​អាជ្ញាធរ​ដក​ហូត​មិន​ឲ្យ​សំណង​ទៅ​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រតនមណ្ឌល លោក សើ សាម៉េត មាន​ប្រសាសន៍​ខណៈ​ចុះ​ជួប​ពលរដ្ឋ​នៅ​ក្រោម​ដើម​ពោធិ៍​សួន​នាគ​បាញ់​ទឹក ក្រុង​បាត់ដំបង ថា អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បាត់ដំបង ខេធី ស៊ីម៉ិន របស់​ចិន ផ្អាក​បំផ្ទុះ​ថ្ម​នៅ​ភ្នំ​ដូនមាយ រួច​មក​ហើយ។ លោក​អះអាង​ថា ក្រុមហ៊ុន​នេះ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ការ​រុក​រក​រ៉ែ ដើម្បី​ផលិត​ស៊ីម៉ងត៍​នៅ​ពេល​ខាង​មុខ៖ «យើង​បាន​ពិភាក្សា​គ្នា​ហើយ​រឿង​ដែល​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទៅ​សាលា​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​នោះ។ ហើយ​អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​បញ្ហា​នេះ។ ប៉ុន្តែ​រឿង​ការ​ទិញ​លក់​ដី​នោះ យើង​ទុក​ឲ្យ​ខាង​ក្រុមហ៊ុន​ចរចា​តម្លៃ​ជាមួយ​ពលរដ្ឋ​ដោយ​ខ្លួន​ឯង»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង កត់​សម្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន រុក​រក​រ៉ែ​នៅ​ស្រុក​រតនមណ្ឌល ឡើយ។ លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​យឺតយ៉ាវ​បាន​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ៖ «បញ្ហា​មួយ​ទៀត​យើង​ឃើញ​ការ​បំផ្ទុះ​ថ្ម​ពិត​ជា​ប៉ះពាល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន។ អ៊ីចឹង​បញ្ហា​ទាំង​នេះ​អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ដោះស្រាយ»

អ្នក​ស្រុក ទាមទារ​សំណង​ប៉ះពាល់​ដីធ្លី​ចំនួន​ពីរ​ដំណាក់​កាល។ ទី​១ ដី​ដែល​ជាប់​ជើង​ភ្នំ​ដូនមាយ ចំនួន​ជាង ២០​ហិកតារ គិត​តម្លៃ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតារ។ ចំណែក​ដី​នៅ​ក្រោម​ជើង​ភ្នំ​ជាង ២០​ហិកតារ គិត​តម្លៃ​តាម​ទីផ្សារ ឬ​ប្រមាណ​ចាប់​ពី ២​ម៉ឺន​ដុល្លារ​ទៅ ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ។ អាជ្ញាធរ​ខេត្ត​បាត់ដំបង អះអាង​ថា នឹង​ចុះ​ទៅ​ពិនិត្យ​ដើម្បី​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ដល់​ទីកន្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។