ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​ បង្ហាញ​ពី​កង្វល់ ​និង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់

ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​ បង្ហាញ​ពី​កង្វល់ ​និង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់



សៀមរាប ​៖​ ប្រជាពលរដ្ឋ​មកពី​សង្កាត់​ចំនួន​៥​ រួមមាន​ សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ សង្កាត់​ចុងឃ្នៀស និង​សង្កាត់​សៀមរាប​ របស់​ក្រុង​សៀមរាប បាន​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០១៦​​នេះ នៅក្នុង​វេទិកា​សាធារណៈ​មួយ ​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ក្រុង​សៀមរាប។

តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ បាន​លើក​ឡើង​ថា អ្នកភូមិ​ក្រសាំង​បាន​ជួបប្រទះ​នឹង​បញ្ហា តម្លៃ​ភ្លើងអគ្គិសនី ដែល​វា​ថ្លៃ​ខ្លាំង​រហូតដល់​មួយ​គីឡូវ៉ាត់ម៉ោង ថ្លៃ​ដល់​ទៅ​មួយ​ពាន់​ពីរ​រយរៀល។ គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ត​ភ្លើង​រដ្ឋ​ចូល​ទៅ​ក្នុងភូមិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់។

ចំណែក​ប្រជាពលរដ្ឋ​មកពី​សង្កាត់​ស្វាយដង្គំ បាន​លើក​ជា​សំណូមពរ​ផងដែរ ដោយ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ចាប់ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ដល់ ព្រំប្រទល់​សង្កាត់​សំបួរ ក្រុង​សៀមរាប និង​សុំ​ឲ្យ​ខាង​សាធារណការ​ជួយ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​តាមផ្លូវ​នោះ​ផងដែរ។

បញ្ហា​ច្រើន​ទៀត​ដូចជា​បញ្ហា​សំរាម​ លូ​បង្ហូរ​ទឹក​ស្អុយ ទំនាស់​បិទផ្លូវ បញ្ហា​សុវត្ថិភាព​ភូមិ​ឃុំ ជាដើម​សុទ្ធតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ក្នុង​វេទិកា​នោះ។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នេះ​ លោក​ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា ​និង​លោក​សូ ប្លា​តុង​ អភិបាលក្រុង​សៀមរាប បាន​ធ្វើការ​ដោះស្រាយ​ភ្លាមៗ ​ចំពោះ​ករណី​មួយ​ ចំនួន ហើយ​នៅ​សេសសល់​មួយ​ចំនួន​ទៀត ខាង​អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត ពោល​គឺ​មិន​យក​ទៅ​ទុកចោល​នោះ​ទេ៕

ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​ បង្ហាញ​ពី​កង្វល់ ​និង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់