ប្អូនថ្លៃ​ចិត្តសឿង​ បបួល​បងថ្លៃ​កាប់​គ្នា​មួយ​ស្មើ​ ចុងក្រោយ​បងថ្លៃ​កាប់​ដាច់​ដៃ​ម្ខាង

ប្អូនថ្លៃ​ចិត្តសឿង​ បបួល​បងថ្លៃ​កាប់​គ្នា​មួយ​ស្មើ​ ចុងក្រោយ​បងថ្លៃ​កាប់​ដាច់​ដៃ​ម្ខាង



កណ្ដាល ​៖ ​បុរស​ជា​ប្អូនថ្លៃ​ចិត្តសឿង​មិន​ដឹង​ជា​មួម៉ៅ​នឹង​រឿង​អ្វី​នោះ​ទេ បាន​ជេរប្រមាថ​ឪពុក​ម្តាយ និង​បបួល​បងថ្លៃ​ខ្លួនឯង​កាប់​គ្នា​មួយ​ស្មើ ចុងក្រោយ​ដោយ​អត់ទ្រាំ​នឹង​ប្អូន​មហាថ្លៃ​នេះ​មិនបាន បងថ្លៃ​រូបនោះ ក៏​ទាញ​កាំបិត​ខ្វែវ​ក​កុក កាប់​ដាច់​ដៃ​ឆ្វេង​ប្អូន​នោះ​តែ​ម្តង។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ស្រុក​មុខកំពូល នៅ​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​៣០​នាទី​យប់ ​ដោយ​ជនរងគ្រោះ​ជា​ប្អូនថ្លៃ​នោះ​ឈ្មោះ ក្រូច សុន ភេទ​ប្រុស​អាយុ ៤០​ឆ្នាំ ​រស់នៅ​ភូមិ​ជ្រែ​មួយរយ​ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ​មុខរបរ​កសិករ​ របួស​ដាច់​កដៃ​ឆ្វេង។ ចំណែក​ជនល្មើស​ឈ្មោះ ង៉ូ​យ អឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ជ្រែ​មួយរយ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​កសិករ។

ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ គឺ​កាំបិត​ខ្វែវ​ក​កុក​មាន​ដង​ប្រវែង​0.60 ម៉ែត្រ ចំនួន​០១ ផ្លែកាំបិត​ប្រវែង​0.30​ម៉ែត្រ​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនល្មើស​ឈ្មោះ​ង៉ូ​យ អឿន បាន​​ដើរ​ពី​ផ្ទះ​ក្មួយ​ឈ្មោះ​ឈឿន តាប់។ ពេល​​ដើរ​មក​ដល់​ផ្ទះ​របស់​ខ្លួន​ក៏​អង្គុយ​នៅ​មាត់ទ្វារ។ ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ​ក្រូច សុន​(​ប្អូនថ្លៃ​) បាន​ជេរ​ម្រាយ​ជនល្មើស ដៀល​ពូជ​អំបូរ ហើយ​ជនល្មើស​ក៏​និយាយ​ថា មិនបាច់​ជេរ​ទេ ម៉ែ​ហ្អែ​ង​ក៏​មាន​ដែរ។ ពេលនោះ​ជនរងគ្រោះ​ក៏​បបួល​ជនល្មើស​កាប់​គ្នា មួយ​ទល់​មួយ ​ហើយ​​ជនល្មើស​មិន​ព្រម​ចុះ​ពី​​លើ​ផ្ទះ​របស់​ខ្លួន​ទេ ជនរងគ្រោះ ក៏​យក​អំបែង​ពាង​គប់​ជនល្មើស​ចំ​​ដើម​​ទ្រូង និង​ដំបង​ឫស្សី​គប់​ ចំ​ចិញ្ចឹម​ភ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​រយះ​ ហូរ​ឈាម ​ជនល្មើស​ខឹង​ពេក​ក៏​ស្ទុះ​ទាញ​យក​កាំបិត​ខ្វែវ របស់ខ្លួន នៅ​ក្បែរ​ទ្វារ ចុះ​មក​កាប់​ជនរងគ្រោះ​ត្រូវ​ចំ​កដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​មុត​ដាច់​ឆ្អឹង​ជាប់​ស្បែក​បន្តិច បន្ទាប់មក បងប្អូន ​កូនក្មួយ ក៏​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​តែម្ដង។

លុះដល់​ថ្ងៃទី​១៤ ខែ​មិថុនា​នេះ​​ទើប ​ជនរងគ្រោះ ​និង​ម្ដាយ​​​ឈ្មោះ​លូ​ង បាន​នាំគ្នា​មក​ដាក់ ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ ​ពេលនោះ​សមត្ថកិច្ច បាន​ហៅ​ជនល្មើស​មក​​ធ្វើ​ការសាកសួរ​។ ជនល្មើស​បាន​សារភាពថា ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស កាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដាច់​កដៃ​ប្រាកដ​មែន ហើយ​ករណីនេះ សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ៕