ប្រមូលគ្នា​ដើរ​រក ពេល​ឃើញ​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា

ខេត្ត​ត្បូងឃ្មុំ ៖ សមាជិកគ្រួសារ​មួយ​បាន​ប្រមូលគ្នា​ដើរ​រក​កូនប្រុស​តាំងពី​ល្ងាច​រហូត​ដល់​យប់​ក៏​រក​មិនឃើញ លុះ​ព្រឹក​ឡើង​នាំ​គ្នា​ដើរ​រក​ទៀតក៏​ប្រទះ​ឃើញ​ហើយ​នាំ​គ្នា​ទ្រហោយំ​គ្រប់​គ្នា​ព្រោះ​​កូន​ប្រុស​បាន​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​ចង​.​ក​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​ស្រុក​ពញាក្រែក បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សាំង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជាងសំណង់ រស់នៅ​ភូមិ​កើតហេតុ បាន​ចងក​សម្លាប់​ខ្លួន​ដោយ​ខ្សែ​នីឡុង​ខ្មៅ​ជាប់​នឹង​ដើម​សង្កែ ខាងក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ។

នគរបាល​ស្រុក​ពញាក្រែក​បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​២-៣​ថ្ងៃ ជន​រង​គ្រោះ​មាន​ទឹកមុខ​ស្រងូតស្រងាត់​ខុស​ប្លែក​ពី​ធម្មតា ហើយ​មិនសូវ​និយាយ​ស្តី​អ្វី​នោះ​ទេ ។ ស្រាប់តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤​មិថុនា មិនដឹង​ជា​បាត់​ទៅ​ទីណា​ទេ សមាជិក​ក្រុម​គ្រួសារ​ក៏​បាន​ប្រមូលគ្នា​តាម​រក​គ្រប់​ទិស​ទី តែ​មិន​មាន​តម្រុយ​ណា​បន្តិច​សោះ សូ​ម្បី​តែ​សួរ​សាច់ញាតិ​ក៏​មិនដឹង​ដែរ ។ សកម្មភាព​បាន​តាម​រក​រហូត​ដល់​ពេល​យប់​ក៏​មិនឃើញក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​ដេក​ទាំង​មិន​អស់ចិត្ត លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥​មិថុនា​ក៏​នាំ​គ្នា​ចេញ​តាម​រក​ម្តងទៀត ដោយ​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ចំងាយ​ប្រហែល​១០០​ម៉ែត្រ​ស្រាប់តែ​ប្រទះ​ឃើញ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​ម្នាក់​ស្រក់​ទឹក​ភ្នែក​មិន​គួរ​ណា​គិត​ខ្លី​បែប​នេះ​សោះ ហើយភ្លាម​ៗ​នោះ​បាន​នាំ​គ្នា​ស្រាយចំណង​សែង​យក​មក​ផ្ទះ ។ ពេល​ដែល​ដឹង​ពី​ហេតុការណ៍​នេះ នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស បាន​ចុះ​ទៅ​ពិន​ត្យ​សព​តែ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​នោះ​ក្រៅពី​ស្នាម​ចងក​នោះ​ទេ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ចងក​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​រយៈ​ក្រុម​សាច់ញាតិ​មិន​មាន​អ្នក​ណា​ម្នាក់​បញ្ជាក់​ឱ្យ​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ដែល​ឈាន​រហូត​ដល់ក​ម្លោះ​ខាងលើ​ចងក​ធ្វើ​អត្តឃាត​នោះ​ទេ ។ តែបើ​តាម​ប្រភព​អ្នក​ជិតខាង​វិញ​បាន​លួច​បង្ហើប​ប្រាប់​ដល់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​លួច​ស្រលាញ់​កូន​របស់​អ្នក​ភូមិ​ម្នាក់​ដែល​មាន​រូបឆោម​ស្អាត​គ្រាន់បើ ដោយ​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ចូល​ស្តីដណ្តឹង តែ​ដោយ​ជីវភាព​មានការ​ខ្វះខាត​ឪពុក​ម្តាយ​ថា​រង់ចាំ​បន្តិច​សិន​ទៅ ទម្រាំ​តែ​សន្សំ​លុយ​បាន​ចាំ​ទៅ​ចូល​ស្តីដណ្តឹង ស្រាប់តែ​កូនប្រុស​គិត​ខ្លី​ប្រល័យ​សង្ខារ​ខ្លួនឯង​ទៅ​វិញ ៕