នៅ​លើ​ដី​រដ្ឋ​28​ឆ្នាំ ពេល​ចូល​និវត្តន៍​ត្រូវ​បណ្តេញចេញ

នៅ​លើ​ដី​រដ្ឋ​28​ឆ្នាំ ពេល​ចូល​និវត្តន៍​ត្រូវ​បណ្តេញចេញ



ខេត្តកោះកុង ៖ មន្ត្រី​បម្រើ​ការងារ​នៅ​រតនាគារ​ខេត្តកោះកុង​ចំនួន​២​រូប គឺ​អ្នកស្រី ខៃ ណេ​ម និង​លោក ឈូក ច័ន្ទ​សា​ណា ហើយ​មន្ត្រី​ទាំង​២​រូប​នេះ អ្នកស្រី ខៃ ណេ​ម បាន​ចូល​និវត្តន៍​រួច​ហើយ ចំណែក​លោក ឈូក ច័ន្ទ​សា​ណា ក៏​ជិត​ដល់​ពេល​ចូល​និវត្តន៍ ហើយដែរ ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​កំពុង​ជួប​វិបត្តិ​នោះ​គឺ​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត បង្ខំ​ឱ្យ​ពួក​គាត់​រុះរើ​ផ្ទះសម្បែង​ដ៏​ចាស់ជរា ទ្រុឌទ្រោម​របស់​ពួក​គាត់ ឱ្យ​ចាក​ចេញពី​ទីតាំង​ដី​ដែល​ពួក​គាត់​ធ្លាប់​រស់នៅ បម្រើ​ការ​រាជការ​អស់​រយៈពេល​២៨​ឆ្នាំ​ហើយ​នោះ ដោយ​ចោទ​ថា​ពួក​គាត់​រស់នៅ​លើ​ដី​រដ្ឋ ហេតុនេះ​ត្រូវ​តែ​ចាកចេញ ។

ដោយ​យោង​តាម​ស្ថានភាព​ទឹក​ចូល​ច្រមុះ មន្ត្រី​ទាំង​ពីរ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា រូប​គាត់​ទាំង​២​នាក់ បាន​មក​សង់ផ្ទះ​រស់នៅ​លើ​ដី​រដ្ឋ​នេះ​តាំងពី​ឆ្នាំ​១៩៨៨ ព្រោះ​កាល​ណោះ​ទីរួមខេត្ត​កោះកុង​ស្ទើរតែ​គ្មាន​ប្រជាជន​រស់នៅ​ផង ។ ចំណែក​មន្ត្រីរាជការ​ក៏​សុទ្ធតែ​មន្ត្រី​ស្ម័គ្រចិត្ត ព្រោះ​ខេត្ត​មួយ​នោះ​គ្មាន​ផ្លូវ​គមនាគមន៍​ទេ ធ្វើ​ដំណើរ​តែ​តាម​ទូក​សមុទ្រ ។ មន្ត្រីរាជការ​រតនាគារ​ដូច​ជា​ពួក​គាត់ មាន​តួនាទី​ដឹក​ជញ្ជូន​សាច់ប្រាក់ តាម​ទូក​ឆ្លងកាត់​សមុទ្រ និង​តាម​ឧទ្ធម្ភាគចក្រ​យក​ទៅ​ភ្នំពេញ ងប់ងុល​នឹង​ការងារ ភ្លេច​ងាក​ក្រោយ​ដើម្បី​ស្វែងរក​លាភសក្ការៈ​ក្នុង​ការ​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ខ្លួន ។ ម្យ៉ាងទៀត​លទ្ធភាព​មន្ត្រី​ដូច​ពួក​គាត់​ក៏​គ្មាន​អ្វី​ជា​ចំណូល​ដែល​អាចយ​កមក​កែប្រែ​ជីវភាព​ឱ្យ​លើស​ពី​នេះ​បាន​ទៀត​ឡើយ ហេតុ​ដូច្នេះ​ក៏​ចេះ​តែ​ខាំមាត់សង្កត់ចិត្ត ស៊ូទ្រាំ​រស់នៅ​លើ​ដី​រដ្ឋ​តាម​យថាកម្ម​បែប​នេះ​រហូត​មក ។

ពួក​គាត់​បាន​រៀបរាប់​ទៀត​ថា ដោយ​មើលឃើញ​ការ​ឆ្លាត​វៃ​របស់​មន្ត្រី​ខ្លះ​ក្នុង​ខេត្ត​ជាមួយ​គ្នា​នេះ​គេ​ចេះ​កែ​ច្នៃ​យក​ដី​រដ្ឋ​ដែល​មាន​ទំហំ​ធំ​ៗ ដូច​ជាទី​តាំង​សណ្ឋាគារ​បុប្ផា​កោះកុង ទីតាំង​សណ្ឋាគារ​កោះកុង​ស៊ី​ធី ធនាគារ​អេ​ស៊ី​លី​ដា ។​ល​។ សុទ្ធ​សឹង​ជា​អគារ​និង​ដី​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ តែ​ពេល​នេះ​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​អស់​ទៅ​ហើយ​។ ដោយ​មើលឃើញ​យ៉ាង​ដូច្នេះ ពួក​គាត់​ទាំង​ពីរ​រូប​ដែល​បាន​សង់ផ្ទះ​លើ​ដី​រដ្ឋ​ទំហំ​ម្នាក់​ៗ​ទទឹង​៦​ម៉ែត្រ បាន​ចូល​ទៅ​សុំ​លោក ទុន មាន​ប៊ុ​ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាត់​មក​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់ ។

ពួក​គេ​ថា កាលនោះ​លោក ទុន មាន​ប៊ុ​ន បាន​យល់ព្រម តែ​តម្រូវ​ឱ្យ​ពួក​គាត់​ប្រគល់​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​រត់ការ​កាត់​ប្លង់ ។ ពួក​គាត់​បាន​រៀបរាប់​ទៀត​ថា ទាំង​ពីរ​នាក់​ក៏​បាន​ប្រគល់​ប្រាក់​ម្នាក់​ៗ​ចំនួន​៥​ពាន់​ដុល្លារ ជូន​ទៅ​លោក ទុន មាន​ប៊ុ​ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​២០១០ ។

លោក ទុន មាន​ប៊ុ​ន បន្ទាប់​ពី​យក​ប្រាក់​ពី​ពួក​គាត់​ហើយ ក៏​ស្ងាត់ឈឹង​ដូច​ចោរ​គាស់​ក្រោល​ទាំង​ថ្ងៃ​រហូត​ខែមិថុនា ឆ្នាំ​២០១៣ ក៏​ចូល​និវត្តន៍​បាត់​ទៅ អ៊ី​ចឹ​ង​ដូច​ប្រមូលប្រាក់​សម្រាប់​គាត់​ចូល​វឺ​ត្រែ​ត ហើយ​លោក ទេព វី​ស្កុល អនុប្រធាន​មន្ទីរ​ឡើង​ជំនួស ។ នៅ​ខែមេសា ឆ្នាំ​២០១៦ ប្រធាន​ថ្មី​បាន​ហៅ​មន្ត្រី​ទាំង​២​រូប គឺ​លោក ឈូក ច័ន្ទ សា​ណា និង​អ្នកស្រី ខៃ ណេ​ម ឱ្យ​ចុះ​រុះរើ​ផ្ទះ​ចាកចេញ ព្រោះ​មន្ទីរ​ត្រូវការ​រៀប​ខឿន​ចាក់​ដី​នៅ​លើ​ទីតាំង​ដី​ដែល​ពួក​គាត់​ទាំង​២​កំពុង​រស់ នៅ ។

លោក ទេព វី​ស្កុល បាន​ប្រាប់​កោះសន្តិភាព​ថា ការ​រៀបចំ​ចាក់​ដី​លើ​ទីតាំង​ដី​រដ្ឋ គឺជា​ផែនការ​ក្រសួង​រួម​ទាំង​ការ​ចំណាយ​ផង ។ ប៉ុន្តែ​លោក ទេព វី​ស្កុល ថា គ្រោង​នឹង​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​របស់​លោក​ចំនួន​១៥០០​ដុល្លារ ឱ្យទៅ​លោក ឈូក ច័ន្ទ​សា​ណា ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ឈប់​រស់នៅ​លើ​ដី​រដ្ឋ ។ ពេល​ដែល​កោះសន្តិភាព​សួរ​ថា ហេតុ​អ្វី​ក៏​លោក សុខចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​រដ្ឋ ? លោក​ប្រធាន​មន្ទីរ​បាន​និយាយ​ថា ចង់​ដោះស្រាយ​កុំឱ្យ​ក្រសួង​ឈឺក្បាល ។

ចុំ​កណ្ដុំឆែប ចិត្តល្អ​ណាស់​ហ្ន៎​... រក​មិន​បាន​ទេ មន្ត្រី​នេះ​ល្អ​ណាស់​ហ៊ាន​ចេញ​ប្រាក់​ពី​ហោ​ប៉ាវ​ជំនួស​រដ្ឋ​...​ហេ​! ហេ​! សង្ស័យ​ហុតទឹកសម្លឹងកាក​ទេ​ដឹង​លោក​ប្រធាន​... ព្រោះ​ដី​នោះ​ត្រូវប៉ាន់​ណាស់​... ម្ចាស់​ថ្លៃ ។ 

តាម​ប្រភព​មន្ត្រីរាជការ​ក្នុង​ខេត្ត​ជា​ច្រើន​បាន​បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​គោលការណ៍​ក្រសួង​ទេ គ្មាន​មន្ត្រី​ណា​ម្នាក់​សុខចិត្ត​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​រដ្ឋ​ដូច្នេះ​ទេ ហើយ​បើ​ក្រសួង​ត្រូវការ​ដី​នេះ​ធ្វើ​សំណង់​អ្វីមួយ គឺ​ត្រូវ​មាន​គណៈកម្មការ​ចុះ​អង្កេត​និង​ត្រួតពិនិត្យ​ច្បាស់លាស់ និង​មាន​ដំណោះស្រាយ​ជាមួយ​មន្ត្រី​របស់​ខ្លួន​សមរម្យ​ដែរ មិន​លេង​ឆៅ​អុ​ី​ចឹ​ង​ទេ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ទាំង​ពីរ​រូប​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​សុំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​មេត្ដា​ជួយ​អន្តរាគមន៍ និង​មាន​ដំណោះស្រាយ​យ៉ាងណា​ឱ្យ​បាន​សក្តិ​សម​នឹង​អតីតភាព​ការងារ​របស់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ជា​មន្ត្រី​ក្រីក្រ ហើយ​វ័យ​កាន់តែ​ចាស់ ៕​