សាលក្រម​ផ្ដន្ទាទោស រឿង​នាំ​ក្រមុំ​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន

រាជធានី​ភ្នំពេញ ៖ រឿង​ក្តី​ប្តី​ប្រពន្ធ​២​នាក់​ដែល​បាន​ជាប់​ពាក់​ព​ន្ធ័​នាំ​ក្រមុំ​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​នោះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បាន​ប្រកាស​ផ្ដន្ទាទោស​ស្ត្រី​ជា​ប្រពន្ធ​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន​។ ជនជាប់ចោទ​មានឈ្មោះ ណៃ ធា​រី អាយុ​២៥​ឆ្នាំ ។ ដោយឡែក​បុរស​ជា​ប្ដី​ឈ្មោះ តូ ម៉ា អាយុ​២៦​ឆ្នាំ ត្រូវ​បាន​សាលក្រម​ប្រកាស​លើកលែង​ចោទប្រកាន់ ។

គួរ​រំលឹក​ថា​បុរស ស្ត្រី ២​នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​ពី​បទ​ជួញដូរ​នារី​ក្រមុំ​ខ្មែរ​ទៅ​កាន់​ស្រុក​ចិន កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិត​នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ ។ ជនសង្ស័យ​ពីរ​នាក់​ប្តី​ឈ្មោះ តូ ម៉ា អាយុ​២៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ណៃ ធា​រី អាយុ​២៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​អូស​ទាញ​នារី​ខ្មែរ​នាំ​ទៅ​យកប្តី​ចិន ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន និង​កំពុង​ធ្វើ​សកម្មភាព​នាំ​នារី​ខ្មែរ​រង​គ្រោះ​២​នាក់​ទៅ​កាន់​ប្រទេស​ចិន​តាម​ជើងហោះហើរ ក៏​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ។ ប៉ុន្តែ​ក្រោយ​ពេល​ចាប់ខ្លួន​បុរស​ជា​ប្តី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

​ដើមចម​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ណៃ ធា​រី មាន​បងស្រី​ម្នាក់​ឈ្មោះ នី យកប្តី​ចិន និង​រស់នៅ​ស្រុក​ចិន ។ ស្ត្រី​ឈ្មោះ នី បាន​ផ្ញើ​លុយ​មក​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ណៃ ធា​រី ដើរ​បញ្ចុះបញ្ចូល​នារី​ក្រមុំ​ខ្មែរ ឲ្យ​ទៅ​រៀប​ការ​ប្តី​ចិន ម្នាក់​ទទួល​បាន​១​ម៉ឺន​ដុល្លា ។ អង្គហេតុ​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ណៃ ធា​រី ធ្លាប់​បាន​ធ្វើ​សកម្មភាព​នាំ​នារី​ខ្មែរ ឲ្យ​ទៅ​រៀប​ការ​ប្តី​ចិន​២​នាក់​រួច​មក​ហើយ ។

ហើយ​គេ​បាន និង​កំពុង​រៀបចំ​ធ្វើ​លិខិតឆ្លងដែន នាំ​នារី​ក្រមុំ​ខ្មែរ​៥​នាក់​បន្ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​សម្រេច ។ មុន​ឈាន​ដល់​ប្រកាស​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​នេះ មក​បើក​សវនាការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ ដោយ​បាន​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៥ មិថុនា នេះ ៕