ភាពយន្ត​ថ្មីៗ របស់​ឥណ្ឌា​១៣​រឿង នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ និពន្ធដោយ : រ៉ឹម ភារី       June-15-2016, 7:39 pm         36

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភាពយន្ត​ថ្មីៗ របស់​ឥណ្ឌា​១៣​រឿង នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​ភ្នំពេញ​៖ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​២ នៅ​សាល​មហោស្រព​ចតុមុខ ចាប់ពី​ថ្ងៃទី​២២-២៦ ខែមិថុនា ឆ្នាំ​២០១៦​។ កម្មវិធី​នេះ ស្ថានទូត​ឥណ្ឌា នឹង​យក​ភាពយន្ត​ដែល​ទើប​ផលិត​បាន​ថ្មីៗ​ចំនួន​១៣​រឿង មកចាក់​បញ្ចាំ ដើម្បី​ជូន​ទស្សនិកជន​ទស្សនា​ដោយ​សេរី​។

​ខណៈ​ការរៀបចំ​កម្មវិធី​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើកទីមួយ​កាលពី​ឆ្នាំ​២០១៤ មានការ​គាំទ្រ ច្រើន​ពី​ទស្សនិកជន​ខ្មែរ​នោះ នៅ​ថ្ងៃទី​២២-២៦ មិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​នេះ​ជា​លើក​ទី​២ ដើម្បី​បង្ហាញ​ភាពយន្ត​ឥណ្ឌា​សម័យ​ទំនើប ឲ្យ​ប្រជាជន​កម្ពុជា​បាន​ទស្សនា​។ 

​លោក NAVEEN SRIVASTAVA ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មជ្ឈមណ្ឌល​បុ​ផ្ផា​ណា​ក្នុង​រាជធានី​ភ្នំពេញ ថា គោលបំណង​នៃ​កម្មវិធី​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​២​នេះ គឺ ដើម្បី​បង្ហាញ​ភាពយន្ត​ឥណ្ឌា​សម័យ​ទំនើប ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា បាន​ស្វែងយល់​ពី​ប្រទេស​ឥណ្ឌា​សម័យ​ទំនើប ការគិត​របស់​យុវជន​ឥណ្ឌា​សម័យ​ទំនើប  និង​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ព្រមទាំង​ផ្តល់​ការស្វែងយល់​ពី​វប្បធម៌​ឥណ្ឌា​ផងដែរ​។ ក្រៅពី​ទស្សនា​កំសាន្ត​ភាពយន្ត​ឥណ្ឌា លោក NAVEEN SRIVASTAVA បាន​បន្ថែមថា តាមរយៈ​កម្មវិធី​នេះ ផលិតករ​ភាយ​ន្ត​ខ្មែរ ក៏​អាច​ទាញយក​បទពិសោទ​នៃ​ការផលិត​ភាពយន្ត​ឥណ្ឌា ដើម្បី​អភិវឌ្ឍន៍​ស្នាដៃ​ផលិត​របស់ខ្លួន​បាន​ផងដែរ​។ «​ឥណ្ឌា គឺជា​ប្រទេស​ដែល​បាន​ផលិត​ខ្សែភាពយន្ត​បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក​។ ប្រជាជន​កម្ពុជា នឹង​បាន​ស្វែងយល់​ពី​សង្គម​ឥណ្ឌា ការគិត​របស់​យ​យុវជន​ឥណ្ឌា និង​ស្ថានភាព​កុមារ​ឥណ្ឌា តាមរយៈ​ភាពយន្ត​ឥណ្ឌា ពីព្រោះ​ឥណ្ឌា មាន​មនុស្ស​ក្រោយ​អាយុ​២៥​រហូតដល់​៦៥​ភាគរយ​»​។ នេះ​ការបញ្ជាក់​របស់​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​។ លោក NAVEEN SRIVASTAVA បាន​បន្ថែមទៀតថា នៅ​កម្ពុ​ជាមាន​ទូរទស្សន៍​មួយចំនួន បាន​ចាក់​បញ្ចាំងភាពយន្ត​ឥណ្ឌា ដោយបាន​ប្រែ​សំឡេង​ជា​ភាសា​ខ្មែរ​។ លោក​បន្ថែមថា កាលពី​ទសវត្ស​៦០ មាន​ផលិករ​ខ្មែរ​មួយចំនួន ក៏បាន​ទទួល​ឥទ្ធិពល​ពី ភាពយន្ត​ឥណ្ឌា​ផងដែរ​។ លោក​បញ្ជាក់​បន្ថែមថា​៖«​ផលិតករ​ភាពយន្ត​ខ្មែរ​មួយចំនួន​កាលពី​ឆ្នាំ​១៩៦០ បានទទួល​ឥទ្ធិពល​ពី​ភាពយន្ត​ឥណ្ឌា ហើយ​ប្រជាជន​កម្ពុជា​ក៏មាន​ការចូល​ចិត្ត​ទស្សនា​ភាពយន្ត​ឥណ្ឌា ដូចជា កាលពី​យើង​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​១​កាលពី​ឆ្នាំ​២០១៤ មាន​មនុ​ស្សវ័យ​ចំណាស់​ជាច្រើន បាន​អញ្ជើញ​មក​ទស្សនា​ភាពយន្ត​ឥណ្ឌា​»​។ ក្រៅពី​លើកឡើង​ពី​ប្រវត្តិ​ខ្លះៗ​នៃ​ភាពយន្ត​ឥណ្ឌា លោក​អគ្គរដ្ឋទូត​ឥណ្ឌា​រូបនេះ បន្ថែមទៀតថា បន្ទាប់ពី​ព្រឹត្តិការណ៍​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​២​នេះ​រួច ឥណ្ឌា គ្រោង​ឲ្យ​អ្នក​ចែកចាយ​ភាពយន្ត​របស់ខ្លួន មក​ទំនាក់ទំនង​ជាមួយ ទូរទស្សន៍ ម្ចាស់​រោងកុន និង​អ្នក​ចែកចាយ​ភាពយន្ត​កម្ពុជា ដើម្បី​នាំ​ជូន​ភាពយន្ត​ឥណ្ឌា​មក​បង្ហាញ​នៅ​កម្ពុជា​។
    
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃ​២២-២៦ មិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ ស្ថានទូត​ឥណ្ឌា នឹង​រៀបចំ​កម្មវិធី​សប្តាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​២ នៅ​សាល​មហោស្រព​ចតុ ដែលមាន​ភាពយន្ត​ឥណ្ឌា ចំនួន​១៣​រឿង ចាក់​បញ្ចាំង​ជា​ជា​ភាសា​ឥណ្ឌា និង​មាន​អក្សរ​អង់គ្លេស​នៅ​រត់​នៅ​ខាងក្រោម​ផងដែរ​។ ក្នុង​មួយថ្ងៃ​មាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំនួន​៣​រឿង និង​នៅ​ថ្ងៃ​សៅរ៍ គឺមាន​ការចាក់​បញ្ចាំង​៤​រឿង​។ ការចាក់​បញ្ចាំងភាពយន្ត​នេះ នឹង​ចាប់ផ្តើម​ពី​៩​ព្រឹក ម៉ោង​២​ល្ងាច និង​ម៉ោង​៥​ល្ងាច ដែល​ទស្សនិកជន អាច​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ​៕