គេចាប់រំលោភរហូតមានផ្ទៃពោះដេកសម្ងំឆ្លងទន្លេម្នាក់ឯង

ខេត្តព្រះសីហនុ៖ ព័ត៌មានស្តីពីកម្មការិនីម្នាក់សម្ងំដេកឆ្លងទន្លេក្នុងបន្ទប់ជួលម្នាក់ឯង ហើយព្យាយាមកាត់ទងផ្ចិតកូនរហូតហូរឈាមសន្លប់បាត់ស្មារតីនោះ ពេលនេះនាងអាចនិយាយអំពីដំណើររឿងខ្លះ ដែលនាំឲ្យមានផ្ទៃពោះនោះបានហើយ ។ សុខភាពរបស់នាងក៏បានប្រសើរឡើង ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមានការជួយឧបត្ថម្ភពីសប្បុរសជននានា ជាពិសេសសមាគមនារីខេត្តព្រះសីហនុ ។

នារីដែលជាកម្មការិនីរោងចក្រ ដេកឆ្លងទន្លេក្នុងបន្ទប់ជួលម្នាក់ឯងនោះ ឈ្មោះ យ៉ុង ស្រីឡា អាយុ២៣ឆ្នាំ ជួលនៅបន្ទប់ជាន់ទី៧ ក្បែររោងចក្រស្បែកជើងញូវស្តារ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នាងនិយាយថា ដោយសារតែគ្មានប្រាក់ ទើបនាងមិនបានទៅរកសេវានៅមន្ទីរពេទ្យដើម្បីសម្រាលកូន ។ ដូច្នេះមានតែប្រថុយព្យាយាមសម្រាលកូនក្នុងបន្ទប់ម្នាក់ឯង ដោយដាក់គន្លឹះទ្វារពីខាងក្នុង ហើយក្រោយពេលកើតកូនស្រីរួច ស្ត្រីជាម្តាយរូបនេះបានប្រថុយម្តងហើយម្តងទៀត ដោយព្យាយាមយកកូនកាំបិតមកកាត់ទងសុក និងទង់ផ្ចិតដោយខ្លួនឯង ក្នុងបំណងរៀបចំអ្វីៗឲ្យប្រសើរឡើងតាមការគិតរបស់ខ្លួន ។

ប៉ុន្តែបន្ទាប់ពីកាត់ទងផ្ចិត និងទងសុករួច បណ្តាលឲ្យមានហូរឈាមច្រើនរហូតដល់សន្លប់បាត់ស្មារតី ហើយកូនង៉ែត ដែលទើបនឹងកើតមកនោះស្រែកយំ ផ្អើលដល់អ្នកជិតខាងនាំគ្នាគាស់ទ្វារចូលជួយសង្គ្រោះ ។

ក្រុមពេទ្យឆ្មបដែលចុះជួយសង្គ្រោះដល់កន្លែងថ្លែងថា ប្រសិនបើមិនមានអ្នកជិតខាងដឹងទាន់រកគ្រូពេទ្យមកជួយទាន់ពេលនោះ ស្រ្តីជាម្តាយ និងកូនតូច ទំនងជាមិនអាចឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ពីព្រោះឈាមហូរជាច្រើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។

នាង យ៉ុង ស្រីឡា បានបញ្ជាក់ថា នាងត្រូវបុរសម្នាក់ចាប់រំលោភនៅឯស្រុកកំណើតខេត្តស្ទឹងត្រែង ។ ដំបូងឡើយនាង ពុំបានគិតថា មានផ្ទៃពោះនោះទេ ។ ប៉ុន្តែនៅពេលដែលមានផ្ទៃពោះ គឺច្រើនខែទៅហើយ ដូច្នេះ មិនអាចយកកូនចេញបានទេ ។ ម្យ៉ាងដោយសារបញ្ហាជីវភាពខ្វះខាត នាងក៏ទ្រាំធ្វើការទាំងពរពោះ រហូតដល់ត្រូវសម្ងំដេកឆ្លងទន្លេក្នុងបន្ទប់ជួលជាន់ទី៧តែម្នាក់ឯងនោះទៅ ៕ ហេង សូរិយា
គេចាប់រំលោភរហូតមានផ្ទៃពោះដេកសម្ងំឆ្លងទន្លេម្នាក់ឯង

គេចាប់រំលោភរហូតមានផ្ទៃពោះដេកសម្ងំឆ្លងទន្លេម្នាក់ឯង

គេចាប់រំលោភរហូតមានផ្ទៃពោះដេកសម្ងំឆ្លងទន្លេម្នាក់ឯង

ប្រភព៖ Nokorwatnews

  • គេចាប់រំលោភរហូតមានផ្ទៃពោះដេកសម្ងំឆ្លងទន្លេម្នាក់ឯង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: