លោក ហ៊ុន សែន ប្រកាស​បន្ត​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​កម្ពុជា​ដល់​ឆ្នាំ​ ២០២៣

ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រកាសថា លោកនៅតែបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៦នៅឆ្នាំ២០១៨ និងការបោះឆ្នោតជាតិអាណត្តិក្រោយៗទៀត។ ការប្រកាសរបស់ប្រធានគណបក្សប្រជាជនកម្ពុជាពេលនេះ គឺជាការបង្ហាញពីទំនុកចិត្តលើជ័យជំនះរបស់គណបក្សកាន់អំណាចនៅពេលខាងមុខ ខណៈដែលគណបក្សនេះ នឹងប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ខាងមុខ។

លោក ហ៊ុន សែន ប្រកាស​បន្ត​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​កម្ពុជា​ដល់​ឆ្នាំ​ ២០២៣

នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជារឿងចំឡែកដែរ ដែលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសពីការបន្តបេក្ខភាពរបស់លោក ជានាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ គេនៅចាំបានថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសជារើយៗមកហើយថា លោកនឹងបន្តឈរឈ្មោះធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា រហូតដល់លោកលែងចង់ធ្វើ និងក្នុងករណី ដែលប្រជាពលរដ្ឋកម្ពុជានៅតែបោះឆ្នោតគាំទ្ររូបលោក។

ការប្រកាសបេក្ខភាពជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌននៃសាសនិកឥស្លាមកម្ពុជាថ្នាក់ជាតិលើកទី៣ ដែលបានប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ម្សិលមិញ ស្របពេល ដែលប្រទេសកម្ពុជា ក៏កំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីពេលនេះ មិនមែនមានន័យថា មានការប្រជែងបេក្ខភាពនាយករដ្ឋមន្រ្តី នៅក្នុងជួរគណបក្សកាន់អំណាចនោះទេ។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុងក្រោយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ក៏បានប្រកាសពីការគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន នៅអាណត្តិទី៦ ឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀតផងដែរ។

យោងតាមកំណត់ត្រានានា បានឲ្យដឹងថា លោក ហ៊ុន សែន គឺជាមេដឹកនាំ ដែលកាន់អំណាចបានយូរជាងគេរបស់ប្រទេសកម្ពុជា និងនៅតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោកថែមទៀតផង។ គិតត្រឹមឆ្នាំ ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបតែមានអាយុ ៦៥ឆ្នាំប៉ុណ្ណោះ។ ហើយបើគិតទៅដល់ឆ្នាំ ២០១៨ និងឆ្នាំ ២០២៣ នោះប្រធានគណបក្សកាន់អំណាចរូបនេះ នឹងមានអាយុជាង៧០ឆ្នាំប៉ុណ្ណោះ។ លោក សុខ ឥសាន បានថ្លែងថា គ្រប់កិច្ចប្រជុំរបស់គណបក្សប្រជាជនកម្ពុជា តែងតែបានប្រកាសជំហរគាំទ្របេក្ខភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តីទី២ របស់កម្ពុជានៅឆ្នាំ១៩៩៣ និងបានក្លាយជានាយករដ្ឋមន្រ្តីតែម្នាក់គត់របស់កម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោក បានឈ្នះការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៨៕

ប្រភពៈ RFI