មេធាវី​ នួន ជា ស្នើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ចូល​បំភ្លឺ

ភ្នំពេញៈ ក្រុមមេធាវីការពារក្តីរបស់ នួន ជា អតីតបងធំទី ២ ក្នុងរបបខ្មែរក្រហម បានធ្វើការស្នើឲ្យមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងយោធា ដែលក្នុងនោះរួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ឲ្យចូលមកក្នុងសាលាក្តីខ្មែរក្រហមដើម្បីឆ្លើយបំភ្លឺ។

មេធាវី​ នួន ជា ស្នើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ចូល​បំភ្លឺ

នៅក្នុងលិខិតដាក់ជូនតុលាការមួយដែលត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃច័ន្ទ ក្រុមមេធាវីការពារចុងចោទបានលើកឡើងថា ការស៊ើបអង្កេតទៅលើក្រុមដែលពួកខ្មែរក្រហមហៅថា «ក្រុមបះបោលក្បត់ជាតិ» ដែលទទួលការឧបត្ថម្ភគាំទ្រពីវៀតណាមពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យបានថា កូនក្តីរបស់ខ្លួនត្រូវបានផ្តល់នូវការជំនុំជម្រះដ៏ត្រឹមត្រូវ និងយុត្តិធម៌។

ក្រុមមេធាវីការពារចុងចោទបានស្នើសុំឲ្យតុលាការធ្វើការកោះហៅសាក្សីចំនួន ៣៥ រូប ដែលក្នុងចំណោមនោះ ៤ រូបគឺជាថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល និងបីរូបទៀតជាថ្នាក់ដឹកនាំក្នុងជួរកងទ័ព ព្រមទាំងលោក Robert Lemkin ជាអ្នកផលិតខ្សែរភាពយន្តមួយរូបផងដែរ។

លិខិតនោះថ្លែងថា៖ «ការសម្រេចចិត្តមិនកោះហៅសាក្សីដែលត្រូវទាំងនោះនឹងមិនអាចឲ្យ នួន ជា ធ្វើបទបង្ហាញនូវការការពារក្តីរបស់ខ្លួនទាំងអស់បាន។ ការធ្វើនេះ គឺជាការរំលោភបំពានដោយផ្ទាល់ទៅលើ… សិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌របស់ នួន ជា»។

លោក Victor Koppe មេធាវីអន្តរជាតិរបស់ នួន ជា បានឲ្យដឹងថា បញ្ហានេះមិនមែនគ្រាន់តែការកោះហៅសាក្សីដែលមានឋានៈខ្ពស់ប៉ុណ្ណោះនោះទេ តែវាក៏ជា «ឱកាសចុងក្រោយ» របស់ក្រុមមេធាវីការពារចុងចោទក្នុងការធ្វើបទបង្ហាញពីសំណុំរឿងទៅកាន់សាធារណជនផងដែរ។

លោកបន្តថា៖ «យើងពុំអាចធ្វើអ្វីបានទាល់តែសោះក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ… យើងពុំត្រូវបានអនុញ្ញាតឲ្យធ្វើការស៊ើបអង្កេតដោយខ្លួនឯងឡើយ ដែលនោះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឺងជាទីបំផុត»។

លិខិតខាងលើនេះបានលើកឡើងទៀតថា៖ «បន្ទាប់ពីការឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ ១៩៧៨ ប្រទេសវៀតណាមបានត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលជាង ១ ទសវត្សន៍ និងបានតែងតាំងរដ្ឋាភិបាលអាយ៉ងដ៏ស្មោះស្ម័គ្រមួយដែលនៅកាន់អំណាចមកដល់សព្វថ្ងៃ»។

លោក Koppe បន្ថែមថា លោកមានសុនិដ្ឋិនិយមតិចណាស់ចំពោះការកោះហៅនេះ ហើយរឹតតែមានក្តីសង្ឃឹមតិចទៅទៀតថា សាក្សីដែលមានឋានៈខ្ពស់នឹងចេញមុខឆ្លើយបំភ្លឺ ប្រសិនជាត្រូវបានកោះហៅ។

លោកបានឲ្យដឹងទៀតថា៖ «ពួកគេខ្លាចយើងលាតត្រដាងពីតួនាទីពិតរបស់ពួកគេ» ដោយបានលើកឡើងពីការបង្ក្រាបការបះបោលរបស់ជនជាតិចាម និងការបង្ខំប្រជាជនឲ្យចាកចេញពីរាជធានីភ្នំពេញ ដែលចុងចោទបានអះអាងថា មានជាប់ពាក់ព័ន្ធនឹងលោក ហេង សំរិន ជាប្រធានរដ្ឋសភាបច្ចុប្បន្ន មកធ្វើជាឧទាហរណ៍។

នៅពេលដែលត្រូវបានសួរថា លិខិតដែលក្រុមរបស់លោកបានដាក់ជូនតុលាការនេះ នឹងធ្វើឲ្យសាលាក្តីខ្មែរក្រហមក្លាយទៅជារឿងនយោបាយដែរឬអត់ លោក Koppe បានឆ្លើយថា៖ «អង្គជំនុំជម្រះនេះចាប់ផ្តើមពីនយោបាយ ១០០ ភាគរយទៅហើយ… វាមិនអាចធ្វើទៅបានឡើយ ដែលមិនឲ្យវាជាប់ពាក់ព័ន្ធ នឹងរឿងនយោបាយនោះ»។

លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរបស់រដ្ឋាភិបាលបានឲ្យដឹងថា សមាជិកសភាមានអភ័យឯកសិទ្ធិក្នុងការមិនបង្ហាញខ្លួនតាមការកោះហៅក្នុងតុលាការបាន។

លោកថា សាលាក្តីគួរតែសង្កត់ធ្ងន់ទៅលើមូលហេតុដែលរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃនេះ ធ្វើការសម្លាប់យ៉ាងរង្គាលទៅលើប្រជាជនស្លូតត្រង់ជាង ២ លាននាក់។

លោកបន្តថា៖«វាគឺជាយុទ្ធសាស្រ្តមួយរបស់មេធាវីការពារចុងចោទ ដែលបានលើកឡើងនូវរឿងវៀតណាមមកធ្វើជាលេសក្នុងការបង្វែរចំណុចសង្កត់ធ្ងន់ [របស់សាលាក្តី]»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍