អភិបាល​ក្រុង​ព្រះ​សីហនុ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ផែ​នៅ​កោះរ៉ុង

ព្រះសីហនុ៖ ក្រុមការងារតំបន់ឆ្នេរមួយនៅខេត្តព្រះសីហនុបានបញ្ជាឲ្យក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង បញ្ឈប់ការសាងសង់កំពង់ផែមួយនៅលើ កោះរ៉ុង ដោយបានលើកឡើងថា វាគឺជាការអភិវឌ្ឍមិនស្របច្បាប់។

អភិបាល​ក្រុង​ព្រះ​សីហនុ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ផែ​នៅ​កោះរ៉ុង

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ «ក្រុមហ៊ុនទទួលបានសិទ្ធិស្របច្បាប់ដើម្បីវិនិយោគនៅលើកោះរ៉ុងពីរដ្ឋ ក៏ប៉ុន្តែកាលពីថ្ងៃទី ៧ ខែមិថុនាកន្លងទៅ ក្រុមការងារប្រចាំខេត្តបានឲ្យបញ្ឈប់ការសាងសង់កំពង់ផែព្រោះវាត្រូវបានធ្វើឡើងដោយមិនស្របច្បាប់» ព្រមទាំងបានបន្ថែមទៀតថា គណៈអភិបាលក្រុងពុំបានទទួលឯកសារច្បាប់អ្វីឡើយជុំវិញការសាងសង់នេះ។

លោក សុខឡេង បន្តថា ការសាងសង់កំពង់ផែនេះ ទើបតែចាប់ផ្តើមបុកគ្រឹះបាន ៥ បង្គោលតែប៉ុណ្ណោះ។

នៅពេលដែលត្រូវបានទាក់ទងទៅ លោក Remy Khin ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Royal Group បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកពុំអាចធ្វើការអត្ថាធិប្បាយអ្វីបានឡើយចំពោះប្រធានបទនេះ។

គួររម្លឹកផងដែរថា កាលពីខែមករាដើមឆ្នាំនេះ ក្រុមហ៊ុន Royal Group ត្រូវបានបញ្ជាឲ្យបញ្ឈប់ការសាងសង់កំពង់ផែធ្វើដំណើរនៅលើឆ្នេរអូរត្រេសម្តងរួចទៅហើយ ដោយមានការលើកហេតុផលថា ការសាងសង់នោះល្មើសទៅនឹងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍនៅតំបន់ឆ្នេរ និងពុំមានការអនុញ្ញាតត្រឹមត្រូវ។

កាលពីឆ្នាំ ២០០៨ រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសម្បទានរយៈពេល ៩៩ ឆ្នាំ ទៅឲ្យក្រុមហ៊ុន Royal Group ដើម្បីអភិវឌ្ឍលើកោះរ៉ុង។ ជាមួយគ្នានេះដែរ ការសាងសង់សណ្ឋាគារផ្កាយប្រាំដំបូងគេបង្អស់នៅលើកោះនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ កំពុងតែដំណើរការ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍