ល្បែង​ឆ្នោត​កំពុង​តែ​វាយលុក​ទីក្រុង​ទេសចរណ៍ សង្ស័យ​សមត្ថកិច្ច​ត្រូវ​ថ្នាំ​សណ្ដំ?

ខេត្តសៀមរាប ៖ ត្រូវ​បាន​គេ​ទម្លាយ​ថា ល្បែង​ឆ្នោត​សៀម និង​យួន ត្រូវ​បាន​បើក​ឱ្យ​លេង​ដោយ​ចំហ​នៅ​ក្នុង​ក្រុង​/​ខេត្តសៀមរាប ប្រៀប​ដូច​ជា​ផ្សារ​ត្រី គេ​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ពួក​គេ បង់លុយ​ឱ្យ​សមត្ថកិច្ច​មាន​ដូច​ជា កងរាជអាវុធហត្ថ នគរបាល​ខេត្ត នគរបាល​ក្រុង និង​នគរបាល​តាម​ប៉ុស្តិ៍ រាប់​លាន​រៀល​ក្នុង​១​ខែ​ៗ​ហើយ ទើប​ល្បែង​នេះ​លេង​បាន​ដោយរ​លួ​ន​។ បើ​តាម​ប្រភព​បាន​ទម្លាយ​មក​ថា ល្បែង​ឆ្នោត​សៀម និង​ឆ្នោត​យួន​នេះ​ត្រូវ​បាន​ក្រុម​អ្នកលេង​ក្នុង​ខេត្តសៀមរាប​សប្បាយ​ចិត្តនឹង​បើក​ឱ្យ​គេ​ចាក់​ដោយ​សេរី​ទៅ​តាម​តូច​ឬ​ធំ​ស្រេច​តែ​ចិត្ត​ក៏​មេ​ចាំ​ទទួល​ជា​និច្ច​។

ប្រភព​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ការ​បើក​ឱ្យ​លេងឆ្នោត​ដោយ​សេរី​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ដែរ​គឺ ដោយ​មាន​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ធំ​ៗ​មួយ​ចំនួន បាន​ប្រើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​២ ទៅ​៣​នាក់ ជា​អ្នក​ដើរ​ប្រមូល​លុយ​ឡើង​ឱ្យ​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ទីតាំង​ដែល​បើក​ឱ្យ​លេង​ដោយ​សេរី​នោះ​គឺ​នៅ​ខាងក្រោយ​ផ្សា​រលើ ក្នុង​ផ្សារ​សាមគ្គី ជិត​វត្ត​ពោធិ៍​លង្កា ផ្សារ​ដើម​ក្រឡាញ់ ដែល​មាន​មេ​ធំ​ចំនួន​បី​នាក់​មក​ពី​ភ្នំពេញ​។ ប្រភព​បន្ត​ថា បន្ទាប់​ពី​មានការ​បើក​ឱ្យ​លេងល្បែង​ឆ្នោត​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ទេសចរណ៍​រំដួល​៣​ទង​នេះ ទើប​គេ​សង្កេត​ឃើញ មាន​ករណី​ចោរកម្ម​ផ្សេង​ៗ​កើត​មាន​ជា​ហូរហែ ហើយ​ករណី​នេះ​ពលរដ្ឋ​មាន​ក្តី​កង្វល់​ពី​សេចក្តីសុខ​សុ​វ​តិ្ថ​ភាព​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញ​សភាព​ចោរឆក់ ចោរប្លន់ ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ​។

បច្ចុប្បន្ន​នេះ​ល្បែង​ឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​ច្បាប់​ឱ្យ​ប្រើ​ថា ជា​ឆ្នោត​ខ្មែរ​តែ​ផ្ទុយ​ទៅ​វិញ​មាន​លក់​តែ​ឆ្នោត​សៀម​និង​យួន​ទៅ​វិញ​។ ជុំវិញ​ករណី​ខាងលើ​នេះ លោក​វរសេនីយឯក ភឹង ច​ន្តា​រ៉េ​ត នាយការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ថា ការងារ​នេះ​លោក​នឹង​ធ្វើ​ឱ្យ​អស់​ប៉ុន្តែ​ពេល​នេះ​លោក​កំពុង​ជាប់រវល់​ការងារ​ច្រើន​។ ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៥​នេះ​ថា លោក​បាន​ប្រជុំ​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍ អធិការ​ក្រុង ត្រូវ​យកចិត្តទុកដាក់​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង     បង្ក្រាប​ល្បែងស៊ីសង​ជា​ប្រចាំ​ផង​ដែរ​។ លោក​បន្ត​ថា ចាំ​មើល​ឱ្យ​កម្លាំង​ចុះ​ទៅ​តាមដាន​ឱ្យ​ច្បាស់​សិន​ហើយនឹង​ធ្វើការ​បង្ក្រាប​។

ចំណែក លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៥​នេះ​ដែរ​ថា ករណី​ល្បែង​ឆ្នោត​នេះ​គឺ​លោក​នឹង​សុំ​គោល​ការ​ទៅ​ខេត្ត​សិន​រួច​នឹង​ដាក់​កម្លាំង​ចុះ​បង្ក្រាប​តែ​ម្តង​។ ជុំវិញ​ករណី​នេះ​ដែរ ពលរដ្ឋ​មានការ​ទន្ទឹងរង់ចាំ​មើល​ហើយ​មើល​ទៀត​ថា តើ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប អាច​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ចុះ​បង្ក្រាប​បាន​ឬ​យ៉ាងណា ឬ​ក៏​ទុក​ឱ្យ​កូនចៅ មាន​ចំហាយ​ពី​បទល្មើស​ខ្លះ​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ដ​ថា ម​ជ្ឈ​ដ្ឋា​នានា​ក្នុង​ខេត្តសៀមរាប បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​ចម្រុះ​រួម​មាន កងរាជអាវុធហត្ថ នគរបាល​ក្រុង និង​ខេត្ត​ថា ល្បែង​ឆ្នោត​សៀម​និង​យួន ចាប់​តែ​អ្នក​តូចតាច​(​បើ​មាន​លុយ​ចេញ​បើ​អត់​លុយ​ឱ្យ​រុញ​ចូល​គុក​)​នេះ​ឬ​ច្បាប់​នៅ​ស្រុក​ខ្មែរ​នោះ​)​មិន​ដែរ​ឃើញ​ចាប់​បាន​មេ​ក្លោ​ង​ម្តងណា​ទេ ប្រហែល​ពួក​មេ​ធំ​ៗ​ទាំងនោះ​បង់លុយ​ឱ្យ​អស់ហើយ​បានជា​មិន​ដែល​ឃើញ​ទាល់តែ​សោះ​ព្រោះ​អី​មួយ​រយៈ​នេះ​គេ​ឃើញ​ចាប់​បាន​តែ​កូនកញ្ច្រែង​តូច ១​ដង្ហើមចង្រិត​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មួយ​រយៈ​នេះ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ព្រមាន​យ៉ាង​ធ្ងន់​ៗ​ឱ្យ​មន្ត្រី​និង​កងកម្លាំងប្រដាប់អាវុធ​ដកខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​បទល្មើស​ផ្សេង​ៗ​ដូច​ជា ល្បែងស៊ីសង បទល្មើស​ព្រៃឈើ និង​បទល្មើស​នេសាទ​ជាដើម​៕